ព័ត៌មានអន្តរជាតិ

សាក្សីក្នុងហេតុការណ៍បាញ់ប្រហារដ៏រន្ធត់ក្នុងតំបន់ឧទ្យានម៉ុនធើរី រម្លឹកពីអារម្មណ៍ភ័យខ្លាចឡើងវិញ

image


សហរដ្ឋអាម៉េរិក៖ អ្នកនៅរស់រានមានជីវិតម្នាក់ក្នុងករណីឃាតកម្មដោយបាញ់ប្រហារនៅក្នុងតំបន់ឧទ្យានម៉ុនធើរី ( Monterey Park) ដែលជាមជ្ឈមណ្ឌលនៃសហគមន៍អាស៊ី-អាម៉េរិក ស្ថិតនៅភាគខាងកើតទីក្រុង Los Angeles ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃអង្គារម្សិលមិញ បានរម្លឹកដល់ហេតុការណ៍ដែលខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅក្នុងទីតាំងនៃថ្នាក់រៀនរាំរបស់លោកស្រី និងបានសម្លាប់ដៃគូរាំរបស់លោកស្រី រួមទាំងមនុស្សជាច្រើននាក់ផ្សេងទៀត។

សាក្សីរូបនេះ បញ្ជាក់ថាគាត់ឈ្មោះ Shally អាយុ ៥៧ឆ្នាំ បានចូលរួមក្នុងថ្នាក់ជាមួយអ្នកឯទៀត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន កាលពីយប់ថ្ងៃសៅរ៍ (ទី២១ ខែមករា) នៅថ្ងៃដែលកើតមានករណីបាញ់ប្រហារ ។ លោកស្រី Shally បន្តថា លោកស្រីទើបតែចាប់ផ្តើមរាំបានបន្តិច ស្នូរកាំភ្លើងក៏ចាប់ផ្តើមបន្លឺឡើង និងនៅតែឮមិនដាច់សូរ ដូចនេះហើយ លោកស្រីក៏សម្រេចទាញដៃគូរាំរបស់លោកស្រីទៅលាក់ខ្លួននៅក្រោមតុជាមួយគ្នា ដោយប្រាប់ឱ្យដៃគូរាំរបស់លោកស្រីក្រាបចុះ និងហាមមិនឱ្យមាត់កអ្វីឡើយ។
បន្តិចក្រោយមក លោកស្រីបានឃើញជនសង្ស័យដើរតម្រង់មកកាន់ទីតាំងលាក់ខ្លួនរបស់លោកស្រី និងដៃគូ រួចក៏បានបាញ់កាំភ្លើងនៅទីនោះ ហើយក៏ដើរចេញទៅវិញ ។
បន្ទាប់ពីឃាតករដើរចេញទៅបាត់ លោកស្រីបានហៅដៃគូឱ្យឈប់ក្រាបចុះ រួចក៏ងើបឡើងវិញមក ប៉ុន្តែគាត់បែជាមិនឆ្លើយតបទៅវិញ នឹងនៅតែរក្សាភាពស្ងៀមស្ងាត់ រហូតទាល់តែលោកស្រីបានឃើញមានឈាមហូរមកច្រើនទៅៗ ទើបលោកស្រីដឹងថា ដៃគូរបស់លោកស្រីត្រូវគ្រាប់កាំភ្លើងបាត់ទៅហើយ ។ គ្រាន់តែដឹងបែបនេះភ្លាម លោកស្រីក៏ស្រែកទ្រហ៊ោយំ ស្របពេលដែលមាននារីម្នាក់ ប្រាប់លោកស្រីថា បើលោកស្រីមិនមានបញ្ហាអ្វីទេ ឱ្យជួយទូរសព្ទទៅកាន់លេខសង្គ្រោះបន្ទាន់ ៩១១ ផង ។

រៀបរាប់ដល់ត្រឹមចំណុចនេះ អ្នកសារព័ត៌មានក៏បានសួរសំនួរទៅកាន់លោកស្រីបន្តិចទៀតថា តើលោកស្រីនឹងចូលថ្នាក់រៀនរាំផ្សេងទៀតដែរឬទេ ។
លោកស្រី Shally ហាក់នៅតែមានអារម្មណ៍តក់ស្លុតមិនទាន់បាត់នៅឡើយ ចំពោះសោកនាដកម្មដែលទើបតែកើតឡើងនាពេលថ្មីៗ ដោយលោកស្រីនិយាយថា លោកស្រីត្រូវការចំណាយមួយរយៈដើម្បីព្យាបាលអារម្មណ៍ ។

ដោយឡែក មន្ត្រីនគរបាល បានកំណត់អត្តសញ្ញាណជនសង្ស័យជាបុរសវ័យ ៧២ឆ្នាំ ឈ្មោះ Huu Can Tran ខណៈលោកស្រី Shally អះអាងថា លោកស្រីមិនស្គាល់អ្នកបាញ់ប្រហារនេះទេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect