សង្គម

អ្នកជំនាញរំពឹងថា ក្រោយបំពាក់ប្រព័ន្ធលូដោះទឹករួចរាល់ ក្រុងកំពតលែងមានការជន់លិច ឬដក់ទឹកតាមដងផ្លូវទៀតហើយ

image


កំពត៖ ក្រុងកំពតនាពេលកន្លងមកនៅរដូវវស្សា ឬពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ មានការស្ទះទឹកលិចផ្លូវជាច្រើនកន្លែង ប៉ុន្តែអ្នកជំនាញ បានឱ្យដឹងថា ចាប់ពីរដូវវស្សាឆ្នាំក្រោយទៅ ក្រុងកំពតលែងមានការស្ទះទឹកបង្កឱ្យជនលិចផ្លូវទៀតហើយ ព្រោះតំបន់ដែលប្រឈមនឹងការជន់លិចទាំងនោះ ត្រូវបានបំពាក់ប្រព័ន្ធលូដោះទឹកដែលមានប្រវែងសរុបជាង ៥គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់មុនរដូវវស្សានេះ។

លោក សម កុសល ទីប្រឹក្សាបច្ចេកទេស នៃគម្រោងរំដោះទឹកភ្លៀង និងចម្រោះទឹកកខ្វក់នៅក្នុងខេត្តកំពត បាន ឱ្យដឹងថា ក្រុមការងារដាក់ប្រព័ន្ធលូក្រោមការត្រួតពិនិត្យផ្ទាល់របស់មន្ទីរជំនាញ បាននិងកំពុងមមាញឹកក្នុងការពន្លឿនការងារដាក់លូនៅតាមតំបន់ប្រឈមនានាក្នុងក្រុងប្រវែងសរុប ៥គីឡូម៉ែត្រ។ បច្ចុប្បន្នការងារដាក់លូអក្សរអ៊ុយ(U) និងលូមូលបានជាងពាក់កណ្តាលនៃផែនការ។ គម្រោងនេះគ្រោងនឹងបញ្ចប់ឱ្យបានមុនរដូវវស្សានាពេលខាងមុខ។

អ្នកជំនាញរូបនេះ បានរំពឹងថា ក្រោយពេលគម្រោងនេះសាងសង់រួចរាល់ ក្រុងកំពតនឹងលែងមានការជន់លិច ឬស្ទះទឹកដែលបង្ករឱ្យលិចផ្លូវដូចមុនទៀតហើយ។ ទន្ទឹមនេះក៏បានស្នើដល់ប្រជាពលរដ្ឋក្នុងក្រុង ក៏ដូចជាអាជីវករដែលរស់នៅតាមបណ្តោយផ្លូវដែលត្រូវដាក់ប្រព័ន្ធលូ ត្រូវមានការយោគយល់ និងអាធ្យាស្រ័យចំពោះការរំខាន់អំឡុងពេលសាងសង់នេះ។

យោងតាមការបញ្ជាក់របស់អ្នកជំនាញថា ទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងកំពត នឹងត្រូវប្រមូលចូលស្ថានីយ៍បូមមេ ដែលបច្ចុប្បន្នការសង់ស្ទើររួចរាល់ ១០០%ហើយ បន្ទាប់មកទឹកកខ្វក់នឹងបញ្ជូនបន្តទៅអាងចម្រោះធំ ខណៈដែលទឹកភ្លៀងត្រូវបានបង្ហូរចេញតាមព្រែកជីកចូលទៅកាន់សមុទ្រ ដើម្បីបញ្ជៀសការជនលិចក្រុងរាល់ពេលមានភ្លៀងធ្លាក់៕

អត្ថបទ៖ វង្ស សុធារម្យ