ព័ត៌មានជាតិ

គម្រោងជួសជុលជ្រុងខាងជើងប្រាសាទភ្នំបាខែង​ សម្រេចបាន​ ៥០ភាគរយហើយ

image


សៀមរាប៖​ គម្រោងអភិរក្ស និងជួសជុសជ្រុងខាងជើងប្រាសាទភ្នំបាខែង ដែលអនុវត្តគម្រោងដោយ​មូលនិធិប្រាសាទពិភពលោក (World Monuments Fund) កំពុងបន្តទៅមុខ។ បច្ចុប្បន្ន គម្រោងសម្រេចបានប្រមាណ ៥០ភាគរយហើយ។
លោកស្រី Ginevra Boatto អ្នកទទួលខុសត្រូវនៃគម្រោងអភិរក្សរបស់ WMF បានឱ្យដឹងថា គម្រោងជួសជុលនៅជ្រុងខាងជើងប្រាសាទភ្នំបាខែង ជំហានទី៣ អនុវត្តន៍ពីឆ្នាំ២០១៩ ដែលមកដល់ បច្ចុប្បន្ននេះសម្រេចបាន​៥០ភាគរយហើយ។ ការងារនេះអាចចំណាយពេលខ្ទង់ ៦ឆ្នាំទៀត ដើម្បីរួចរាល់ជាស្ថាពរ។
មិនខុសពីប្រាសាទដទៃទៀតដែរ ប្រាសាទភ្នំបាខែង​ រងការខូចខាតដោយសារកត្តាពេលវេលា អាកាសធាតុ ដែលធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទនេះខូចខាត និងទ្រេត ហើយកន្លែងខ្លះរលំផងដែរ ដូចជានៅតាមជ្រុងនីមួយៗ ដោយសារមានទឹកហូរច្រោះ។ ការជួសជុល គេត្រូវកាយថ្មនៅបាតគ្រឹះចេញ ដោយបុកបង្ហាប់ គ្រឹះថ្មី និងធានាថា ទឹកមិនហូរច្រោះតទៅទៀត។ ក្រៅពីនោះ ក៏មានការជួសជុលតួប៉ម នៅតាមជ្រុងនីមួយៗផងដែរ ដែលបានបាក់ និងដួលរលំ។
អ្នកទទួលខុសត្រូវនៃគម្រោងអភិរក្សរបស់ WMF បានបញ្ជាក់ថា គម្រោងអភិរក្ស និងជួសជុលប្រាសាទ ភ្នំបាខែង ដែលជាគម្រោងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមពីឆ្នាំ២០០៩មក។ នៅជំហានបន្ទាប់ WMF នឹងគិតគូរជួយអភិរក្សប្រាសាទដទៃទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ។ បន្ទាប់ពីមានវត្តមាននៅខេត្តសៀមរាបជាង ៣០ឆ្នាំមក WMF បានជួយកិច្ចអភិរក្សនៅប្រាសាទមួយចំនួន ដូចជា ប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែងជាដើម៕