ព័ត៌មានអន្តរជាតិ

រុស្ស៊ីបញ្ជាឱ្យឯកអគ្គរដ្ឋទូតអេស្តូនីចាកចេញពីប្រទេសរបស់ខ្លួន ដោយចោទថាបានបំផ្លាញទំនាក់ទំនងទ្វេភាគី

image


រុស្ស៊ី៖ ឯកអគ្គរដ្ឋទូតអេស្តូនីប្រចាំនៅប្រទេសរុស្ស៊ី លោក Margus Laidre ត្រូវបានរដ្ឋាភិបាលទីក្រុងមូស្គូកំណត់ឱ្យចាកចេញពីប្រទេសរបស់ខ្លួនយ៉ាងយូរបំផុតត្រឹមថ្ងៃទី៧ ខែកុម្ភៈខាងមុខ ដោយចោទប្រកាន់ថាមន្រ្តីរូបនេះចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយមនោគមន៍វិទ្យា "Russophobia" ប្រឆាំងរើសអើងនិងជាតិសាសន៍រុស្ស៊ី និងធើ្វឱ្យប្រទេសដទៃទៀតមានភាពខ្លាចប្រទេសមហាអំណាចមួយនេះ ក៏ព្រោះតែហេតុផលមិនសមស្រប។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងថា រដ្ឋាភិបាលអេស្តូនីមានរចតនាយ៉ាងច្បាស់ក្នុងការបំផ្លិចបំផ្លាញទំនាក់ទំនងទ្វេភាគីជាមួយខ្លួនតាមរយៈសកម្មភាពផ្សេងៗនាពេលកន្លងមក។

ចំណាត់ការរបស់រដ្ឋាភិបាលរុស្ស៊ីនៅពេលនេះ បានធើ្វឱ្យឯកអគ្គរដ្ឋទូតអេស្គូនីក្លាយជាមន្រ្តីទូតបរទេសដំបូងគេបង្អស់ដែលត្រូវបានរុស្ស៊ីបណ្ដេញចេញពីប្រទេស គិតចាប់តាំងពីរុស្ស៊ីបង្កសង្គ្រាមនៅអ៊ុយក្រែនមក ហើយគេមើលឃើញថា រុស្ស៊ីធើ្វឡើងដើម្បីសងសឹកទៅនឹងវិធានការរបស់រដ្ឋាភិបាលអេស្គូនីដែលបានបញ្ជាឱ្យកាត់បន្ថយចំនួនបុគ្គលិកមន្រ្តីទូតរុស្ស៊ីនៅក្នុងរដ្ឋធានីតាលីន ប្រទេសអេស្តូនី ប្រមាណជិតពាក់កណ្ដាលនៃចំនួនបុគ្គលិកសរុប គិតត្រឹមដំណាច់ខែមករានេះ ក្រោមហេតុផលថាបុគ្គលិកមន្រ្តីទូតរបស់រុស្ស៊ីមិនបានស្វះស្វែងចូលរួមក្នុងកិច្ចផ្សះផ្សារទំនាក់ទំនងរវាងប្រទេសជម្លោះនោះទេ ។

ក្នុងឆ្នាំ ២០១៨ លោក Margus Laidre ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់ប្រទេសអេស្គូនី ប្រចាំក្នុងប្រទេសរុស្ស៊ី ហើយលោកក៏ធ្លាប់បានបំរើការជាឯកអគ្គរដ្ឋទូតរបស់អេស្គូនីនៅក្នុងប្រទេសហ្វាំងឡង់ និងចក្រភពអង់គ្លេសផងដែរ ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ BBC News