ព័ត៌មានអន្តរជាតិ

អាកាសធាតុនៅតំបន់ភាគខាងជើងប្រទេសចិនចុះត្រជាក់ខ្លាំងមិនធ្លាប់មានក្នុងរយៈពេលជាង ៥០ឆ្នាំ

image


ចិន៖ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍នេះ សីតុណ្ហភាពនៅក្នុងតំបន់ទីក្រុង Mohe ប៉ែកខាងជើងប្រទេសចិន បានធ្លាក់ចុះខ្លាំងបំផុតរហូតដល់ -៥០អង្សាសេ និងមិនធ្លាប់មានក្នុងរយៈពេលជិតកន្លះសតវត្សរ៍ ពោលចាប់តាំងពីឆ្នាំ ១៩៦៩។

ទីភ្នាក់ងាឧតុនិយមក្នុងខេត្ត Heilongjiang ភាគខាងជើងប្រទេសចិន បានបញ្ជាក់ថា
នេះជាកម្រិតសីតុណ្ហភាពទាបបំផុតមួយដែលធ្លាប់បានកត់ត្រាទុកនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសចិនសម្រាប់ភូមិសាស្រខេត្តមួយនេះ ក្រោយរកឃើញថា កម្រិតសីតុណ្ហភាពកាលពីថ្ងៃអាទិត្យបានធ្លាក់ចុះដល់ -៥៣អង្សាសេ ខ្ពស់ជាងកំណត់ត្រាចាស់ដែលមានកម្រិតស៊ីតុណ្ហភាពត្រជាក់បំផុតត្រឹម -៥២សង្សាសេ។

ទីភ្នាក់ងារឧតុនិយមដដែលបានបន្ថែមថា កត្តាដែលបណ្ដាលឱ្យអាកាសធាតុចុះត្រជាក់ខ្លាំងនៅតាមតំបន់ជាយប៉ែកខាងជើងរបស់ប្រទេសចិននៅពេលនេះ គឺដោយសារតែការរងឥទ្ធិពលចំហាយខ្យល់ត្រជាក់ខ្លាំងចេញមកពីតំបន់ប៉ូល។

ដោយឡែក អាជ្ញាធរនៅក្នុងតំបន់ ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋអំឡុងប្រឈមបញ្ហាត្រជាក់ខ្លាំងក្នុងពេលនេះ ដោយបានដាក់ពង្រាយក្រុមការពារបច្ចេកទេសដើម្បីគាំពារដល់ដំណើរការផ្គត់ផ្គង់អគិ្គសនីដែលងាយប្រឈមការរអាក់រអួល ដោយសារតែបញ្ហាអាកាសត្រជាក់ខ្លាំង និងដើម្បីធានាដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋនៅក្នុងដំណើរការចំពោះម៉ាស៊ីនកម្តៅនៅតាមគេហដ្ឋាន ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect