សង្គម

តោះអ្នកកើតឆ្នាំរកា(១៩៨១) ដែលឆុងខ្លាំងបំផុត មកដឹងពីការលើករាសី និងកែឆុង សម្រាប់ចូលឆ្នាំថ្មីនេះ

image



ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំចិនក្នុងឆ្នាំ២០២៣នេះ គឺត្រូវនឹងថ្ងៃអាទិត្យ ទី២២ ខែមករា ដែលត្រូវនឹងឆ្នាំថោះ ធាតុទឹក ហើយសម្រាប់ទំនៀមទន្លាប់នៃការសែនគឺធ្វើឡើងនាថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣។

នៅក្នុងឆ្នាំថោះនេះ ឆ្នាំដែលឆុងខ្លាំងបំផុតនោះគឺ ឆ្នាំរកា ជាពិសេសអ្នករកាធាតុដែកវ័យ៤២ឆ្នាំ (ឆ្នាំកំណើត១៩៨១) ដែលត្រូវផ្កាយព្រះគ្រោះបុកប៉ះចំពេញមួយឆ្នាំតែម្តង។ ដូច្នេះដើម្បីលើកដួងជតារាសីទូទៅ និងវិធីកែឆុង សម្រាប់អ្នកកើតឆ្នាំរកាមកមានដូចតទៅ៖

ដួងជតារាសីទូទៅ៖ ដោយសារឆ្នាំនេះផ្កាយព្រះគ្រោះដែលគោចរមកចំរាសីរបស់អ្នកកើតឆ្នាំរកាដោយចំ១០០%តែម្តងដូច្នេះហើយឥទ្ធិពលអាក្រក់នានាបានជះមកលើអ្នកទាំងឡាយណាដែលកើតឆ្នាំនេះមិនថាជាអ្នករកស៊ី អ្នកធ្វើការ អ្នកនយោបាយនោះទេគឺត្រូវប៉ះពាល់ទាំងអស់។

អ្នកឆ្នាំរកាអាចនឹងមានការផ្លាស់ប្តូរយ៉ាងធំ (Turning Point) ក្នុងដំណើរជីវិតរបស់ខ្លួនទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន។ ចំនុចដែលគួរប្រយ័ត្នប្រយ៉ែងយកចិត្តទុកដាក់ខ្លាំងបំផុតគឺគ្រោះថ្នាក់ ឧប្បត្តិហេតុនានា និងជាពិសេសគឺសុខភាពផ្ទាល់ខ្លួនតែម្តងដោយជំងឺនានាងាយនឹងវាយលុកចូលបាន។ សូមយកចិត្តទុកដាក់ជាពិសេសគឺទាក់ទងនឹងភ្នែក និងផ្នែកមួយកំណាត់ខាងលើក្បាល។

បើសិនជាអ្នករកស៊ី គួរប្រយ័ត្នប្រយ៉ែងរឿងការបណ្តាក់ទុនថ្មីៗ ហើយបញ្ហាឧបសគ្គនានានឹងកើតជាបន្តបន្ទាប់ រឿងលុយកាក់នឹងជួបបញ្ហាខ្លាំង ហើយរឿងលុយកាក់នេះអាចនាំទៅដល់ការបែកបាក់ និងក្តីក្តាំផងដែរ។ បើសិនជាមិនអាចជៀសវាងបាន សូមពន្យាពេលឲ្យដល់ក្រោយពាក់កណ្តាលឆ្នាំសិនទើបរាសីរាងគ្រាន់បើជាង។ មុនការសម្រេចចិត្តនានាសូមប្រើការគិតឲ្យបានល្អិតល្អន់ និងប្រឹក្សាយោបល់ឲ្យបានគ្រប់ជ្រុងជ្រោយសិនមុនសម្រេច។

សម្រាប់អ្នកនយោបាយ ឬអ្នកធ្វើការគឺត្រូវប្រយ័ត្នខ្ពស់ផងដែរទាក់ទងនឹងការនិយាយទំនាក់ទំនង ហើយជាពិសេសអាចត្រូវគេប៉ែងជើង កាច់បំបាក់បាន។ ដោយឡែកនៅក្នុងទំនាក់ទំនងនៅក្នុងគ្រួសារវិញ នឹងជួបរឿងរកាំរកូសច្រើន ហើយសូមប្រយ័ត្នសុខភាពក្មេងតូចៗ ឬចាស់អាយុច្រើនដែលនៅជាមួយយើងផងព្រោះអាចមានគ្រោះថ្នាក់ សុខភាពដោយយថាហេតុ។

វិធីកែឆុង និងសម្រាលវិបាកកម្មទាំងឡាយមកពីគ្រោះ៖
វិធីកែឆុងដ៏មានប្រសិទ្ធភាពបំផុតនោះសម្រាប់គ្រប់ជាតិសាសន៍គឺអំពើល្អ មិនបៀតបៀនជីវិតគេ កសាងកុសលកតញ្ញុតាធម៌ ធ្វើបុណ្យទានប្រកបដោយចិត្តជ្រះថ្លាឲ្យបានច្រើន។
ដោយឡែកសម្រាប់អ្នកកាត់ចិនគឺត្រូវមានវិធីកែឆុងតាមទំនៀមពីបុរាណតមកដូចតទៅ៖
• កែឆុងសូមធ្វើនៅវត្តភ្នំ ឬតាមវិហារចិនប្រចាំខេត្តស្រុករបស់ខ្លួន (កុំភ្លេចឲ្យអាចារ្យកែឆុងនោះយកក្រដាស់កែឆុងមកផាត់បក់ចេញពីខ្លួនឲ្យអស់)
• បើសិនជាអាចសូមសរសេរឈ្មោះថ្ងៃខែឆ្នាំកំណើតយកទៅផ្ញើនឹងទេវតាថាយសួយប្រចាំឆ្នាំ
• ធ្វើបុណ្យដោយដោះលែងជីវិតសត្វដូចជាគោ ក្របី ត្រី សត្វស្លាបនានា
• ធ្វើបុណ្យជាមួយនឹងមន្ទីរពេទ្យ អ្នកមានជំងឺ ជាពិសេសគឺបរិច្ចាគលោហិត (អាចធ្វើនៅក្នុងថ្ងៃកំណើត ហើយអធិដ្ឋានចិត្តផងដែរ)។ បើមានឱកាសអាចបរិច្ចាគជាក្តារមជ្ឈូសដល់វត្តសម្រាប់សពដែលទីទ័លក្រអនាថា។
• ធ្វើបុណ្យជាមួយនឹងគ្រឿងបំភ្លឺនានាដល់ទីសាធារណៈ ឬធ្វើបុណ្យជាបច្ច័យជួយថ្លៃភ្លើង ឬថ្លៃសាំងប្រេងនានាសម្រាប់បំភ្លឺ
• សម្រាប់អ្នកឆ្នាំឆុងនានា៖
o សម្រាប់អ្នកឆ្នាំរកា៖ អាចរក្សាសីល មិនទទួលទានសត្វធ្វើសមាធិចម្រើនវិប្បសនាកម្មដ្ឋាននារៀងរាល់ថ្ងៃសីល ឬថ្ងៃកំណើតរបស់ខ្លួន។
o សម្រាប់អ្នកឆ្នាំថោះ៖ លែងសត្វនានាដូចជាត្រី គោក្របីនានា
o សម្រាប់អ្នកឆ្នាំមមី៖ បរិច្ចាគទាក់ទងនឹងទឹក ដូចជាទឹកសុទ្ធ ជីកអណ្តូង។ល។
o សម្រាប់អ្នកឆ្នាំជូត៖ បរិច្ចាគគ្រឿងបំភ្លឺនានា ដូចជាទៀនជាដើម។

វត្ថុមង្គលកែឆុង៖
ក្រៅពីវត្ថុមង្គលគ្រឿងកែឆុងនានាដែលមានលក់នៅតាមហាងទាំងឡាយ អ្នកដែលឆុងទាំងឡាយជាពិសេសឆ្នាំរកា គឺរករូបទេវតាទ្រព្យឆៃ ស៊ីងអៀ មកដាក់តាំង និងរូបព្រះកំចាយជិះនាគដើម្បីជួយកាត់ឆុង។
សម្រាប់អ្នកដែលមិនមែនចិន អាចប្រើ បដិមាព្រះវេស្សវ័ន៕

ប្រភព៖ លោក ម៉ៅ វុត្ថា