សង្គម

ផ្លូវលំ និងស្ពានជាច្រើនកន្លែង នៅស្រុកបាកាន ត្រូវបានជួសជុលឡើងវិញ

image


ពោធិ៍សាត់៖ ផ្លូវគ្រួសក្រហម ផ្លូវដីស ស្ពាន និងប្រឡាយទឹកមួយចំនួន ក្នុងស្រុកបាកាន ដែលខូចទ្រុឌទ្រោមលំបាកធ្វើដំណើរដោយសារទឹកជំនន់ កាលពីរដូវវស្សាឆ្នាំ២០២២កន្លងទៅ ឥឡូវនេះបានត្រូវក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ស៊ុយ សែម ធ្វើការជួសជុលឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

ថ្មីៗនេះ លោក ម៉េង ស័ក្កិធារ៉ា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបាកាន តំណាងលោក ស៊ុយ សែម បានចុះពិនិត្យមើលផ្លូវ និងស្ពានដែលទើបស្ថាបនារួចនៅឃុំបឹងខ្នារ។

ប្រជាពលរដ្ឋបានសម្តែងក្តីរីករាយនិងបានថ្លែងអំណរគុណចំពោះក្រុមការងារគណបក្សប្រជាជនកម្ពុជាដែលតែងជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

អភិបាលស្រុកបាកាន លោក ផាយ ឡេងបានឲ្យដឹងថា ផ្លូវដីក្រហម ផ្លូវដីស ស្ពាន និងប្រឡាយទឹក ដែលក្រុមការងាររបស់ឯលោក ស៊ុយ សែម ចុះជួយស្រុកឃុំ បាននិងកំពុងជួសជុលនោះ ក្នុងនោះឃុំស្វាយដូនកែវមានផ្លូវគ្រួសក្រហមចំនួន០១ខ្សែ ផ្លូវភូមិ០៤កន្លែង, ឃុំស្នាមព្រះគ្រួសក្រហម០៦ខ្សែ, ឃុំត្រពាំងជងគ្រួសក្រហម៣១ខ្សែ, ឃុំបឹងបត់កណ្ដោលគ្រួសក្រហម០៣ខ្សែ ដីស០១ខ្សែ, ឃុំបឹងខ្នារគ្រួសក្រហម១១ខ្សែ, ឃុំមេទឹកគ្រួសក្រហម១៨ខ្សែ ដីស០៥ខ្សែ, ឃុំរំលេចគ្រួសក្រហម០៥ខ្សែ, ឃុំខ្នារទទឹងគ្រួសក្រហម១០ខ្សែ ដីស០១ខ្សែ និងឃុំអូរតាប៉ោងគ្រួសក្រហម១០ខ្សែ ដីស២៩ខ្សែ និងប្រឡាយទឹកចំនួន០៣ខ្សែផងដែ៕

ដោយ៖ សេង ប៊ុនធឿន