អភិបាលរាជធានី ណែនាំឱ្យបន្ថែមកម្លាំងទប់ទឹកនៅតាមសណ្តរស្ទឹងព្រែកត្នោត និងតម្រូវឱ្យផ្អាកធ្វេីចរាចរណ៍សម្រាប់រថយន្តធំនៅផ្លូវលេខ២០A

ភ្នំពេញ៖ កំណាត់ផ្លូវលេខ២០អា ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេចបិតផ្លួវបណ្តោះអាសន្ន មិនឱ្យរថយន្តធំធ្វើចរាចរណ៍ឆ្លងកាត់ទេ ខណៈដែលកម្រិតទឹកស្ទឹងព្រែកត្នោបានហក់ឡើងបណ្ដាលឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនធំ និងរងលិចលង់ រហូតត្រូវចាកចេញទៅរកទីទួលសុវត្ថិភាព ប្រក់តង់ស្នាក់នៅជាបណ្ដោះអាសន្ន។
ដើម្បីទប់ស្កាត់នូវគ្រោះអាក្រក់នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅតាមទីតាំងដែលទឹកជំនន់ទឹកភ្លៀងបានហូរចូលលំនៅដ្ឋានប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ។ បញ្ហានេះលោកបានណែនាំឱ្យបន្ថែមកម្លាំងទប់ទឹកនៅតាមសណ្តរស្ទឹងព្រែកត្នោត និងតម្រូវអឱ្យផ្អាកការធ្វេីចរាចរណ៍បណ្តោះអាសន្តរថយន្តធំនៅផ្លូវមុខសាលាសង្កាត់គងនយ។ ក្រៅពីនេះបានណែនាំឱ្យមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ កងកម្លាំងប្រដាប់អាវុធនានា បានប្រចាំការតាមដានស្ថានភាពទឹកជាប់ជាប្រចាំ។ មិនតែប៉ុណ្ណោះបានច្រកដីខ្សាច់ទប់ទឹកដែលកំពុងហៀរចេញពីស្ទឹងមកលើផ្លូវប្របមាត់ស្ទឹង បើគ្មានការទប់ទេនោះទឹកនឹងហូរផ្ដាច់ផ្លូវលិចតំបន់ក្នុងសណ្ដរស្ទឹង ព្រមទាំងគំរាមកំហែងដល់ផ្លូវទំនប់សណ្ដរស្ទឹង។ ដូចនេះត្រូវខិតខំយកចិត្តទុកដាក់ និងតាមដានឱ្យបានជាប់ជាប្រចាំ ជាពិសេសត្រូវបន្ថែមកម្លាំងរួមជាមួយបាវ និងខ្សាច់ សម្រុកទប់ឱ្យបានកុំឱ្យមានទឹកហូរចេញយប់នេះ ព្រោះបេីទប់យប់នេះបាន នឹងមិនមានលិចឡេីយ ដោយជំនន់ទឹកភ្លៀងនៅកំពង់ស្ពឺបានចាប់ផ្តេីមស្រកហេីយ។
យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋ បាននិយាយថា ទឹកបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ ខែមករា ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំង និងហៀរចូលលិចលំនៅដ្ឋានពួកគាត់យ៉ាងឆាប់រហ័ស។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ថានភាពជំនន់នៅកំពង់ស្ពឺ បានស្រកហេីយ រាជធានីភ្នំពេញ អាចស្រកនៅល្ងាចនេះ ឬស្អែក ដែលទឹកមិនអាចគម្រាមកំហែងរាជធានីភ្នំពេញបានឡេីយ។ គ្រោះធម្មជាតិនេះបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋ ជាង១ពាន់ខ្នងផ្ទះមាន ២៥ភូមិ ស្មេីនឹង ១០សង្កាត់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវចាកចេញឡើងគោករកកន្លែងសុវត្ថិភាព ដោយសង់ខ្ទមប្រក់តង់ស្នាក់នៅបណ្ដោះអាសន្ន៕
ដោយ៖ គន្ធ តារាវិឆ័យ
