ព័ត៌មានជាតិ

សម្តេចតេជោ អនុញ្ញាតឲ្យលេខាធិការប្រតិបត្តិ អង្គការអ្នកនិយមកណ្តាលអន្តរជាតិ ចូលជួបសម្តែងការគួរសម

image

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៨ ខែធ្នូ​នេះ បានអនុញ្ញាតឲ្យឯកឧត្តម អង់តូនីញ៉ូ លូប៉េ អ៊ីសត្រូរីស (Antonio Lopéz Istúriz) ​លេខាធិការប្រតិបត្តិ អង្គការអ្នកនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅវិមានសន្តិភាព។

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបថា នៅក្នុងជំនួបនេះ​ ឯកឧត្តមអង់តូនីញ៉ូ បានគោរពជម្រាបជូន សម្ដេចតេជោ នូវចំណាប់អារម្មណ៍របស់ឯកឧត្តម ដែលក្នុងនោះឯកឧត្តម បានសូមគោរពវាយតម្លៃខ្ពស់ ជូនដល់សម្តេចតេជោ ចំពោះវីរភាព និងការដឹកនាំបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ នៅកម្ពុជា ដែលជារឿងដ៏អស្ចារ្យមួយ ហើយមួយទៀត ការរៀបចំដំណើរការ ការរៀបចំឲ្យសេដ្ឋកិច្ចកម្ពុជា ក្លាយទៅជាប្រទេសមួយ មានកំណើនសេដ្ឋកិច្ច៧,៣ភាគរយ ហើយជាប្រទេសលេខ ១ ដែលជាប្រទេស មានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ដែលជារឿងដ៏អស្ចារ្យមួយទៀត។

ពីនេះទៅទៀត ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចតេជោដែរថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ដែលបានមកចូលរួម នូវកម្មវិធីសម្ពោធវិមានឈ្នះឈ្នះ ដែលជាប្រវត្តិសាស្ត្រ នៅថ្ងៃស្អែកនេះ ។

ការឆ្លើយតប សម្ដេចតេជោ បានពិភាក្សាជាសង្ខេប ជាមួយ ឯកឧត្តម អង់តូនីញ៉ូ អំពីស្ថានភាពជាទូទៅ នៅក្នុងពិភពលោក ស្ថានភាពជាទូទៅនៅក្នុងតំបន់ ហើយក៏បានជម្រាបជូន ឯកឧត្តម អង់តូនីញ៉ូ អំពីប្រវត្តិកម្ពុជា ដែលធ្លាប់តែមានការបែកបាក់គ្នា អស់រយៈពេលជាង៥០០ឆ្នាំ រហូតដល់ការដាក់ចេញ នូវយុទ្ធសាស្រ្តឈ្នះឈ្នះ នៅក្នុងយុទ្ធសាស្រ្តឈ្នះឈ្នះនោះ ធ្វើឲ្យប្រទេសកម្ពុជា បានក្លាយជាប្រទេសមួយ ដែលមានសុខសន្តិភាព និងបង្រួបបង្រួមជាតិ ហើយក៏បានជម្រាបជូន ឯកឧត្តម អង់តូនីញ៉ូ នូវការទទួលមេដឹកនាំខ្មែរក្រហម នៅផ្ទះរបស់សម្ដេចផ្ទាល់តែម្ដង កាលពីឆ្នាំ១៩៩៨ ថ្ងៃទី២៩ ខែធ្នូ កាលពី២០ឆ្នាំមុន ហើយការទទួលនោះ គឺដើម្បីផ្ញើសារចេញទៅជូនដល់ប្រជាជនកម្ពុជាផង ទៅកងទ័ពខ្មែរក្រហម ដែលនៅសេសសល់នៅពេលនោះផង និងទៅសហគមន៍អន្តរជាតិផង ដើម្បីធ្វើយ៉ាងណាឲ្យកងទ័ព ដែលនៅសេសសល់នៅពេលនោះ ចុះចូលជាមួយនឹងរាជរដ្ឋាភិបាល ព្រោះថាមេដឹកនាំ របស់ចលនាខ្មែរក្រហម នៅពេលនោះ បានមកចុះចូលជាមួយរាជរដ្ឋាភិបាល ​ហើយប្រជាជនកម្ពុជានៅទូទាំងប្រទេស បានដឹងថា សុខសន្តិភាព ស្ថិរភាព នៅកម្ពុជា គឺបានទទួលហើយ ឲ្យសហគមន៍អន្តរជាតិ មកដាក់ទុនវិនិយោគនៅកម្ពុជា និងធ្វើទេសចរនៅកម្ពុជា ព្រោះសង្គ្រាមត្រូវបានបញ្ចប់។

បន្ទាប់ពីទទួលអតីតមេដឹកនាំខ្មែរក្រហមហើយ សម្ដេចក៏បានដាក់ចេញនូវយុទ្ធសាស្រ្ត ធ្វើសមាហរណកម្ម ប្រទេសទាំងមូលតែម្ដង មិនត្រឹមតែកងទ័ពទេ គឺសមាហរណកម្មទាំងផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ក៏ដូចជាមណ្ឌលសុខភាពផងដែរ ទាំងនេះ គឺជាកត្តាជំរុញឲ្យកម្ពុជា​ ទទួលបាននូវការអភិវឌ្ឍ យ៉ាងឆាប់រហ័ស រហូតដល់ទទួលបានកំណើនសេដ្ឋកិច្ច ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅពេលនេះ៕ អត្ថបទ ៖ សន ពិសិដ្ឋ