សង្គម

ក្រសួងសាធារណការ បើកកិច្ចប្រជុំពិនិត្យជាលើកចុងក្រោយ លើសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក(ថ្មី) មុនដាក់ជូនទៅក្រុមប្រឹក្សាអ្នកច្បាប់ និងទីស្តីការគណៈរដ្ឋមន្ត្រី

image


ភ្នំពេញ៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាប្រធានក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយមានការចូលរួមពីសមាជិក សមាជិកានៃក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

យោងតាមក្រសួងសាធារណការ បានឱ្យដឹងថា អង្គប្រជុំ បានពិភាក្សាផ្លាស់ប្តូរយោបល់លើការកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង ក្នុងមាត្រាមួយចំនួន និងការកំណត់និយមន័យនៃវាក្យស័ព្ទ ដែលប្រើប្រាស់ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ សំដៅរៀបចំឱ្យបានរួចរាល់សព្វគ្រប់ និងមានអត្ថន័យគ្រប់ជ្រុងជ្រោយ យោងតាមស្មារតីអង្គប្រជុំ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) ដែលបានលើកឡើងក្នុងអង្គប្រជុំកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។

សូមជម្រាបជូនដែរថា បន្ទាប់ពីកិច្ចប្រជុំនេះ ក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នឹងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ ដាក់ជូនក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការ គណៈរដ្ឋមន្ត្រីស្នើសុំការពិនិត្យផ្ទៀងផ្ទាត់បន្ថែម មុននឹងបន្តនីតិវិធីដាក់ជូនទៅគណៈរដ្ឋមន្ត្រី រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីឆ្លងការឯកភាព និងអនុម័ត។

សូមបញ្ជាក់ថា បើតាមប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង បានឱ្យដឹង សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក(ថ្មី) នេះ មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់កន្លងទៅ ហើយសម្ដេចសង្ឃឹមថា សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្រ្តីនាដំណាច់ឆ្នាំ២០២២នេះ ហើយក៏សង្ឃឹមថា ច្បាប់នេះនឹងបន្តបញ្ជូនទៅដល់ដៃស្ថាប័នសភានាត្រីមាសទី១ ឆ្នាំ២០២៣ផងដែរ។

សេចក្ដីព្រាងច្បាប់ថ្មីនេះ បានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ រួមដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀន ៕