សម្តេចក្រឡាហោម ស ខេង:ទណ្ឌិតសម រង្ស៊ីធ្វើអ្វីតាមអំពើចិត្តហើយគ្មានគិតពីផលប្រយោជន៍ជាតិនោះទេ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ:សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា ទណ្ឌិត សម រង្ស៊ី ធ្វើអ្វីតាមតែអំពើចិត្តគ្មានគិតផលប្រយោជន៍ជាតិសូម្បីតែបន្តិច ខណៈទណ្ឌិត រត់ចោលស្រុកមួយនេះបានអំពាវនាវឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មមកលើកម្ពុជា ជារឿយៗនោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីអញ្ជើញជាអធិបតីភាព បិទសិក្ខាសាលាស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេងបានអះអាងថា ប្រទេសកម្ពុជាកំពុងតែមានសុខសន្តិភាពដូច្នេះអ្វី ដែលទណ្ឌិតសម រង្ស៊ី និយាយនោះគ្មានផលប្រយោជន៍អ្វីដល់ជាតិនោះទេ ហើយរាជរដ្ឋាភិបាលខិតខំតែថែរក្សាសន្តិភាពនិងការអភិវឌ្ឍប្រទេសតែប៉ុណ្ណោះ។

សម្ដេច ស ខេង បានថ្លែងថា “ខ្ញុំមិនចង់ឆ្លើយតបអ្វីទេនោះ ជារឿងរបស់គាត់(សម រង្ស៊ី) គាត់អត់គិតពីផលប្រយោជន៍ជាតិទេ គាត់ធ្វើតាមអំពើចិត្តរបស់គាត់ អាហ្នឹងរឿងរបស់គាត់ទេ”។
សម្តេចបន្តថា បច្ចុប្បន្ននេះ ទាំងរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធបាននិងកំពុងគិតគូរកវិធានការណ៍ដើម្បីឲ្យជាតិមានសុខសន្តិភាព ការអភិវឌ្ឍតែប៉ុណ្ណោះ បម្រើពលរដ្ឋអំពីសេវាសាធារណៈ និងខិតខំពង្រឹងលទ្ធិប្រជាធិបតេយ្យ។

សម្ដេច ស ខេង បានថ្លែងបន្តទៀតថា សារគំរាមប្តឹងរបស់អតីតមេបក្សប្រឆាំងលោក សម រង្ស៊ីនេះ ដើម្បីឲ្យអន្តរជាតិដាក់សម្ពាធមកកម្ពុជានេះ មិនមែនជាលើកដំបូងនោះទេ គឺមានច្រើនលើកមកហើយ។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេងក៏បញ្ជាក់ជាថ្មីអំពីអតីតមន្រ្តីគណបក្សសង្រ្គោះជាតិប្រសិនបើចង់ធ្វើនយោបាយឡើងវិញ លុះត្រាតែដាក់ពាក្យសុំមកក្រសួងមហាផ្ទៃ ក្រោយពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទូន) នៃច្បាប់ស្តីពីគណបក្សនយោបាយដំណើរការណ៍ជា ធរមានហើយនោះ៕ ( អត្ថបទ:ឃឹម វិសាល )



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation