ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់កន្លងទៅ

image


ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ដោយមានការអញ្ជើញចូលរួមក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្រ្តីជាន់ខ្ពស់ ចំណុះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាមួយចំនួនទៀត។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់កន្លងទៅ ហើយជាមួយគ្នានេះ សម្ដេចក្រឡាហោម សង្ឃឹមថា សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីនាដំណាច់ឆ្នាំ២០២២នេះ ហើយក៏សង្ឃឹមថាច្បាប់នេះ នឹងបន្តបញ្ជូនទៅដល់ដៃស្ថាប័នសភានាត្រីមាសទី១ ក្នុងឆ្នាំ២០២៣ផងដែរ។

បើតាមលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី បានឱ្យដឹងពីហេតុផលសំខាន់ៗ ដែលនាំឱ្យមានការរៀបចំនូវសេចក្ដីព្រាងច្បាប់ថ្មីនេះឡើង ដែលនៅក្នុងភាពគ្រប់ជ្រុងជ្រោយនៃច្បាប់នេះ មានការបន្ថែម និងកំណត់នូវប្រភេទបទល្មើសចរាចរណ៍ផ្លូវគោកផងដែរ។

សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ថ្មីនេះ បានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍផ្លូវថ្នល់ រួមដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀនជាដើម៕