កម្ពុជា មានបក្សី «រនាលពណ៌» ជាង២៥០០គូ ស្មើនឹង២០% នៃចំនួនរនាលពណ៌សរុបនៅតំបន់អាស៊ីអាគ្នេយ៍
បាត់ដំបង៖ បច្ចុប្បន្ន កម្ពុេជាមានបក្សី «រនាលពណ៌» ចំនួនសរុបប្រមាណជាង ២៥០០គូ ស្មើ ២០ភាគរយ នៃចំនួនរនាលពណ៌សរុបនៅតំបន់អាស៊ីអាគ្នេយ៍ និងស្មើ ១២ភាគរយ នៃចំនួនសរុបលើពិភពលោក។ នេះបេីយោងតាមការឱ្យដឹងពី លោក នេត្រ ភក្ត្រា មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា តំបន់បឹងទន្លេសាបជាទីតាំងសំបុកពងកូនដ៏ធំរបស់សត្វ រនាលពណ៌ ហើយសាធារណៈជនអាចទស្សនាសត្វរនាលពណ៌ និងប្រភេទសត្វស្លាបជាច្រើនប្រភេទទៀតបាននៅតំបន់រ៉ាមសារព្រែកទាល់ដែលជាតំបន់បន្ទាយពងកូនរបស់សត្វស្លាបជាច្រើនប្រភេទនៅកម្ពុជា។ បក្សីរនាលពណ៌ ត្រូវបានការពារយ៉ាងតឹងរ៉ឹង ដោយមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន ជាពិសេសកន្លែងបន្តពូជពងកូននៅតំបន់រ៉ាមសារព្រែកទាល់ ដែលជាតំបន់ការពារធម្មជាតិ ហើយក៏បានអនុវត្តកម្មវិធីពិនិត្យ អង្កេតតាមដានពីបម្រែបម្រួលចំនួនរបស់ប្រភេទនេះផងដែរ។
រនាលពណ៌ មានឈ្មោះជាភាសាអង់គ្លេស Painted Stork និងឈ្មោះវិទ្យាសាស្រ្ត Mycteria leucocephala។ រនាលពណ៌ ជាប្រភេទជិតទទួលរងការគំរាមកំហែងលើពិភពលោក ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយប្រភេទនេះមានវត្តមាននៅប្រទេសនេប៉ាល់ ឥណ្ឌា បងក្លាដេស ស្រីលង្កា ចិន មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម និងកម្ពុជា ប៉ុណ្ណោះ។
រនាលពណ៌ វាមានប្រវែងខ្លួន ៩៣-១០២សង់ទីម៉ែត្រ ខ្លួនពណ៌ស ស្លាបទី១ និងទី២ ពណ៌ខ្មៅ ចុងខ្នងពណ៌ផ្កាឈូក វ័ណ្ឌខ្មៅលើដើមទ្រូង ចំពុះធំវែងលឿងកោងខុបចុះបន្តិច។ពេលបន្តពូជ ស្បែកក្បាលឡើងក្រហម ចំពុះពណ៌លឿង វាមានទីជម្រក ភាគច្រើននៅតាមតំបន់ដីសើម ដូចជា តំបន់ព្រៃលិចទឹក ទំនាបលិចទឹក តំបន់វាលភក់ និងតំបន់ឆ្នេរជាដើម។ វាមានបនា្ទយពងកូនតែមួយគត់នៅកម្ពុជា គឺនៅតំបន់រ៉ាមសារព្រែកទាល់ ដែលជាតំបន់ស្នូលនៃឋបនីយជីវមណ្ឌលបឹងទន្លេសាប និងក៏ជាបន្ទាយពងកូនធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ ចំពោះជីវសាស្ត្រ វាចូលចិត្តបន្តពូជ រស់នៅ និងរកចំណីជាហ្វូងៗរួមគ្នា ហេីយរបាយវាមានវត្តមានពេញមួយឆ្នាំ។
នៅរដូវបន្តពូជ រនាលពណ៌ ចាប់ពីខែវិច្ជិកា ដល់ខែឧសភា ពងចំនួនពី ២-៥។ បន្ទាប់ពីបន្តពូជពងកូននៅតំបន់បឹងទន្លេសាប ប្រភេទនេះផ្លាស់ទីទៅកាន់តំបន់ដីសើមផ្សេងៗទៀតក្នុងប្រទេស និងប្រទេសជិតខាង ដើម្បីរកចំណី។
កត្តាគំរាមកំហែងសំខាន់ៗគឺ ការប្រមាញ់ និងប្រមូលពងកូនពីកន្លែងបន្តពូជ ការបាត់បង់ទីជម្រក និងការរំខានដោយសកម្មភាពមនុស្ស៕







