ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម តម្លៃប្រមាណជាង ២២លានដុល្លារ នៅក្នុងក្រុងកំពង់ចាម គ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ

កំពង់ចាម៖ ក្រសួងសាធារណការ នឹងបើកការដ្ឋានសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាមនៅក្រុងកំពង់ចាម នាពេលដ៏ខ្លីខាងមុខនេះ ដែលគម្រោងសាងសង់នេះ មានតម្លៃប្រមាណជាង ២២លានដុល្លារ។
ថ្លែងក្នុងកិច្ចប្រជុំ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទៅអាជ្ញាធរខេត្តកំពង់ចាម ឱ្យត្រៀមរៀបចំធនធានមនុស្សឱ្យបានរួចជាស្រេចដើម្បីចូលទៅគ្រប់គ្រងសមិទ្ធផលថ្មីនេះ ព្រោះជាបទពិសោធន៍ បញ្ហានេះបានកើតមានឡើងតាមបណ្ដាខេត្តផ្សេងៗ ដែលក្រោយពេលទទួលសមិទ្ធផលហើយជួបបញ្ហាក្នុងការរៀបចំធនធានមនុស្សដើម្បីគ្រប់គ្រង។
បន្ថែមពីលើនេះ លោករដ្ឋលេខាធិការ ក៏បានស្នើឱ្យរដ្ឋបាលខេត្តកំពង់ចាម ជ្រើសរើសមន្ត្រីដើម្បីចូលទៅបម្រើការងារ នៅពេលដែលសមិទ្ធផលថ្មីនេះបានសាងសង់រួចរាល់ជាស្ថាពរ និងបានសំណូមពរឱ្យអាជ្ញាធរខេត្តត្រៀមពិនិត្យលទ្ធភាពរកទីតាំងជាស្រេចនៅទីប្រជុំជន ឬតំបន់ណាដែលមានប្រជាជនរស់នៅច្រើនសម្រាប់ត្រៀមរៀបចំស្ថានីយចម្រោះទឹកកខ្វក់ដទៃទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យឆ្ងាយពីទីប្រជុំជនខ្លាំងពេក ដែលជាកត្ដាចំណាយថ្លៃដើមនៃការដឹកជញ្ជូនខ្ពស់ និងធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ។
សូមជម្រាបជូនថា គម្រោងនៃការសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម នៅក្នុងក្រុងកំពង់ចាមនេះ គ្រោងចំណាយទឹកប្រាក់ប្រមាណជាង ២២លានដុល្លារ ហើយការរៀបចំស្ថានីយនេះត្រូវបែងចែកជាតំបន់ ដោយត្រូវប្រមូលទឹកកខ្វក់ចេញពីតាមផ្ទះរបស់ប្រជាពលរដ្ឋ និងតំបន់អគារពាណិជ្ជកម្ម ចូលទៅក្នុងតំបន់ធំមួយដើម្បីធ្វើប្រព្រឹត្តកម្មមុននឹងបង្ហូរចូលក្នុងប្រភពទឹកសាធារណៈ។ នៅពេលស្ថានីយ៍ប្រព័ន្ធចម្រោះទឹកកខ្វក់ត្រូវបានសាងសង់រួចរាល់ក្រុងកំពង់ចាមទាំងមូល នឹងលែងមានក្លិនស្អុយតទៅទៀតហើយ៕
