ប្រជាពលរដ្ឋរស់នៅលើដីរដ្ឋត្រូវបានអាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុរួមជាមួយអាជ្ញាធរស្រុកព្រៃនប់បានចុះជូនដំណឹងស្តីពីការអនុវត្តដោយស្ម័គ្រចិត្តសាដីកាតុលាការកំពូលទុករយៈពេល ៣០ ថ្ងៃ
ព្រះសីហនុ៖ អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុដឹកនាំដោយ លោក ឡា ប៊ុនហួន រួមជាមួយអាជ្ញាធរស្រុក អាជ្ញាធរឃុំ បាន ចុះជូនដំណឹងស្តីពីការអនុវត្តសាលដីកាលេខ ៥១ “ឆ” ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០ ២២ របស់តុលាការកំពូល ដែលតម្រូវឲ្យ ឈោ្មះ លឹម កាយ (លឹម ) អាយុ៤១ឆ្នាំ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ស្ថិត នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ និងតតិយជនទាំងអស់រុះរើសំណង់លើដីទំហំ ៦៦៧ ម៉ែត្រការ៉េ ជាកម្មសិទ្ធិរបស់រដ្ឋគ្រប់គ្រងដោយអង្គភាពកសិដ្ឋានម្រេចស្រុកព្រៃនប់ឃុំវាលរេញដែលជាកម្មសិទ្ធិរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចេញឲ្យអស់ក្នុងរយៈពេល ៣០ថ្ងៃជា កំណត់ចាប់ពីថ្ងៃនេះតទៅ។
ក្នុងខ្លឹមសារនៃសាលដីកាលេខ ៥១ “ឆ” ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០ ២២ របស់តុលាការកំពូល បានបញ្ជាក់ថា«ឈ្មោះ លឹម កាយ» (លឹម ) បានរំលោភនិងកាន់កាប់ ប្រើប្រាស់ អាស្រ័យផល និងទាញយក ផលប្រយោជន៍ ដោយខុសច្បាប់នូវដីរដ្ឋកសិដ្ឋានម្រេចវាលរេញនេះ អស់រយៈពេលជាង២២ឆ្នាំមកហើយ ដែលធ្វើឲ្យរដ្ឋ(ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)បាត់បង់នូវលទ្ធភាព បំពេញសេចក្ដីត្រូវ ការ ជូនជាតិ ក៏ដូចជាសាធារណជន ចេញពីកសិដ្ឋានម្រេចវាលរេញនេះ។ ក្នុងនោះតម្រូវឲ្យលោក លឹម កាយ ជាចុងចម្លើយ រុះរើសំយ៉ាបផ្ទះដែលសង់ចូលដីកសិដ្ឋានម្រេចវាលរេញ ដើម្បីប្រគល់សិទ្ធិឲ្យកសិដ្ឋានម្រេចប្រើប្រាស់ជាផ្លូវសម្រាប់ចេញចូលកសិដ្ឋានម្រេចវាលរេញ និងឲ្យឈ្មោះ លឹម កាយ សងសំណងរបងដែលរុះរើសង់សំយ៉ាបផ្ទះជាប្រាក់ចំនួន ១.០០០.០០០ រៀល ចាប់ពីថ្ងៃសាលក្រមនេះមានអានុភាពអនុវត្តតទៅ សំណើលើសពីនេះលើកចោល។
អាស្រ័យហេតុនេះ សូមឈ្មោះ លឹម កាយ (លឹម ) និង តតិយជនទាំងអស់ ដែលរស់នៅ ក្នុងទីតាំងដី ស្នាក់ ការកសិដ្ឋានម្រេចវាលរេញខាងលើ ត្រូវរុះរើសំណង់ ព្រមទាំងចាកចេញពីទីតាំង ដីស្នាក់ការដ្ឋានកសិដ្ឋានម្រេចវាលរេញខាងលើ ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ឲ្យបានមុន ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ គឺមានរយៈពេលចំនួន៣០ថ្ងៃដើម្បីធ្វើការរុះរើសំណង់ របស់ខ្លួន ព្រមទាំងចាកចេញពីទីតាំងដីស្នាក់ការកសិដ្ឋានម្រេចវាលរេញខាងលើ មុន ការ អនុវត្តសាលដីកាតុលាការកំពូលឈានចូលកដល់។
អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុសង្ឃឹមនិងជឿជាក់ថាឈ្មោះលឹមកាយ(លឹម)នឹងមានការភ្ញាក់រលឹកខ្ពស់ក្នុងការចូលរួមគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជានិងស្ម័គ្រចិត្តប្រគល់ដីស្នាក់ការកសិដ្ឋានម្រេចវាលរេញដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ(ក្រសួងកសិកម្ម)ដែលបំរើឲ្យផលប្រយោជន៍ជាតិក៏ដូចជាសាធារណជនទូទៅ។
ក្នុងករណី លោក/លោកស្រី មិនអនុវត្តតាមលិខិតជូនដំណឹងខាងលើនេះទេ ក្រោយថ្ងៃទី១៦ ខែមករាឆ្នាំ២០២៣អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ នឹងចុះអនុវត្តសាលដីកានេះទៅតាមនីតិវិធីច្បាប់ ដោយមិនជូនដំណឹងជាមុនឡើយ។
គួរបញ្ជាក់ងដែរថាដីទំហំ៦៦៧ម៉ែត្រការរ៉េជាកម្មសិទ្ធិរបស់រដ្ឋគ្រប់គ្រងដោយអង្គភាពកសិដ្ឋានម្រេចវាលរិញ ចំណុះនាយកដ្ឋានក្សេត្រសាស្ត្របានចុះបញ្ជីសារពើភ័ណ្ឌរបស់រដ្ឋកសិដ្ឋានម្រេចវាលរេញលេខ ៩២.ក.ស.ប.វ.រ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩២មកម៉្លេះ។ចំណែគាគីលោក លឹម កាយ មិនមាន ឯកសារពាក់ព័ន្ធផ្លូវច្បាប់ អ្វីនោះឡើយដោយអាជ្ញាធរមិនបានចេញលិខិតកាន់កាប់ឬឯកសារពាក់ព័ន្ធដោយយល់ឃើញថាដីនេះជាដីរបស់រដ្ឋ។
មន្រ្តីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្រ្តី ជំនាញបញ្ជាក់ថា លោក លឹម កាយ បានព្យាយាមទៅសុំចុះបញ្ជីលើទីតាំងដីខាងលើនេះដែរ ដើម្បីទទួលបាន បណ្ណកម្មសិទ្ធិស្របច្បាប់នឹងគេដែរប៉ុន្តែ មន្រ្តីជំនាញមិនអាចធ្វើឲ្យបានឡើយពីព្រោះវាជាដីរបស់រដ្ឋ គ្រប់គ្រង ដោយអង្គភាពកសិដ្ឋានម្រេចវាលរិញ ចំណុះនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលមានលោក គង់ សុផល ជាតំណាង៕
អត្ថបទ៖ ប៉ៃ សុឃីម








