គិតត្រឹមខែវិច្ឆិកាឆ្នាំនេះ ក្រសួងសាធារណការលក់ផ្លាកលេខយានយន្តលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនបានចំណូលជាង ៨០លានដុល្លារ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមខែវិច្ឆិកាឆ្នាំនេះ ការលក់ផ្លាកលេខយានយន្តលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនបានចំណូលជាង ៨០លានដុល្លារ។
យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួង ដែលបានបង្ហាញក្នុងកិច្ចប្រជុំពិភាក្សា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត នៅថ្ងៃទី១៥ ខែធ្នូ បញ្ជាក់ថា គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២២ លេខចុះបញ្ជីរថយន្តលក់បានសរុបប្រមាណជាង២៣១ពាន់លេខ ទទួលបានចំណូលសរុបប្រមាណជាង៣៤៣ពាន់
លានរៀល ស្មើនឹង៨៥លានដុល្លារអាម៉េរិក ក្នុងនោះ លេខពិសេសលក់បានប្រមាណ ជាង២១៥ពាន់លេខ ទទួលបានចំណូលប្រមាណជាង២៣១ពាន់លានរៀល ស្មើនឹង៥៧លានដុល្លារអាម៉េរិក និងលេខពិសេសផ្ទាល់ខ្លួនលក់បានប្រមាណជាង១៥ពាន់លេខ ទទួលបានចំណូលប្រមាណ ជាង១១២ពាន់លានរៀល ស្មើនឹង២៨លានដុល្លារអាម៉េរិក។
ដោយឡែកចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ចាប់ពីខែមករា ដល់ខែវិច្ឆិកា ក្នុងឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុបប្រមាណជាង៧៨ពាន់លានរៀល ស្មើនឹងប្រមាណ១៩លានដុល្លារអាម៉េរិក កើនឡើងប្រមាណ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕
អត្ថបទ៖ គិន ច័ន្ទពុទ្ធិ