ព័ត៌មានជាតិ

សម្តេចក្រឡាហោម​ ស​ ខេង​ សោកស្តាយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ពេលថ្មីៗនេះ​ ដែលមានរូបភាពស្លាប់​ និងការបង្ករបួសស្នាមដោយសារអ្នកបង្កមានការប្រើប្រាស់គ្រឿងស្រវឹង

image


ភ្នំពេញ៖​ សម្តេចក្រឡាហោម​ ស​ ខេង​ នាយករដ្ឋមន្ត្រីស្តីទីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានសម្តែងការសោកស្តាយ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងក្នុងរយៈពេលថ្មីៗនេះ​ ដែលមានរូបភាពស្លាប់​ និងការបង្ករបួសស្នាមដោយសារអ្នកបង្កមានការប្រើប្រាស់គ្រឿងស្រវឹង។

សម្តេចក្រឡាហោម ស ខេង​ មានប្រសាសន៍ដូចនេះប្រាប់អ្នកសារព័ត៌មានក្រោយចប់ប្រារព្ធពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧​ នៅសួនច្បារមុខវត្តបុទុមវត្តី​ កាលពីព្រឹកថ្ងៃទី៧​ ខែធ្នូឆ្នាំ២០២២។

សម្តេចក្រឡាហោម ស ខេង​ បានលេីកឡេីងថា​ នេះជាបញ្ហាដែលយើងទាំងអស់គ្នាត្រូវចូលរួមចាប់អារម្មណ៍​ និងគាំទ្រដើម្បីបញ្ចៀសនៅបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ការណ៍នេះ​ ជាកត្តាដែលសំខាន់គឺ​ កត្តាមនុស្ស ទាំងអ្នកធ្វើដំណើរ​ និងអ្នកនៅតាមដងផ្លូវទាំងអស់គ្នាត្រូវតែគោរពច្បាប់ចរាចរណ៍។

សម្តេចក្រឡាហោម ស ខេង​ ក៏បានព្រមានចាត់វិធានការ លើបុគ្គលមួយចំនួនតូច​ផងដែរ​ ដែលបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះដល់អាយុជីវិត​ តែប្រើប្រាស់លុយជាថ្នូដើម្បីគេចចេញពីសំណាញ់ច្បាប់។ សម្តេចនឹងស្វែងរកព័ត៌មានជាក់លាក់ដើម្បីចាត់ការតាមផ្លូវច្បាប់ និងមិនគាំទ្រដាច់ខាតចំពោះបុគ្គលបែបនេះ៕


អត្ថបទ៖​ ម៉ៅ នរិទ្ធិយ៉ា