ព័ត៌មានជាតិ

ក្រសួងសាធារណការ គ្រោងនឹងរៀបចំពិព័រណ៍ផ្លាកលេខ និងរថយន្ត សម្រាប់ដំណើរការការលក់លេខពិសេសផ្ទាល់ខ្លួន

image


ភ្នំពេញ៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានដឹកនាំកិច្ចប្រជុំដើម្បីរៀបចំផែនការពិព័រណ៍ផ្លាកលេខ និងរថយន្ត ដោយមានការចូលរួមពីមន្ត្រីជំនាញនៃគណៈកម្មការអន្តរក្រសួង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងមន្រ្តីក្រុមហ៊ុនលក់រថយន្ត។

បើតាមក្រសួងសាធារណការ បានឱ្យដឹងថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងជូនដំណឹងស្ដីពីការត្រៀមរៀបចំពិព័រណ៍ផ្លាកលេខ និងរថយន្ត ដើម្បីបើកឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនលក់រថយន្តអាចចូលរួមក្នុងពិព័រណ៍នេះផងដែរ។

កិច្ចប្រជុំ បានពិភាក្សាអំពីមុខងារដេញថ្លៃលេខពិសេស នៃប្រព័ន្ធស្វ័យប្រវត្តិកម្មដាក់ពាក្យចុះបញ្ជីយានយន្ត ដើម្បីអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូអាចសហការលើការងារដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រីរដ្ឋលេខាធិការ បានអំពាវនាវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូចូលរួមជាមួយក្រសួង ដើម្បីតភ្ជាប់ប្រព័ន្ធដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន នៃប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ដើម្បីអាចផ្ដល់ជម្រើសទូទាត់សេវាដល់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពសម្បូរបែប។

សូមជម្រាបជូនថា ក្រសួងសាធារណការ គ្រោងនឹងរៀបចំពិព័រណ៍ផ្លាកលេខ និងរថយន្ត សម្រាប់ដំណើរការការលក់លេខពិសេសផ្ទាល់ខ្លួន ដែលកម្មវិធីនេះនឹងបើកឱកាសដល់សាធារណជន និងប្រជាពលរដ្ឋគ្រប់រូបអាចស្វែងយល់បន្ថែមអំពីផ្លាកលេខ ការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ក៏ដូចជាអាចទស្សនាការតាំងពិព័រណ៍រថយន្ត ការតាំងពិព័រណ៍របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការប្រគំតន្ត្រីផងដែរ៕