ព័ត៌មានជាតិ

ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចការសាងសង់បាន ៨៩%ហើយ

image


ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ធផលបាន ៨៩ភាគរយនៃគម្រោង។ តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣។ នេះបើយោងតាមការឱ្យដឹងពី មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។

ស្ពានបេតុងខ្សែកាបថ្មីនេះ ឆ្លងកាត់ទន្លេសាបពីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ៦ មកកាន់ផ្លូវជាតិលេខ ៥។ ស្ពានថ្មីនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរផ្សេងៗចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលកំពុងមានកំណើនការធ្វើចរាចរណ៍ជាប្រចាំ។ គម្រោងស្ពានខ្សែកាបឫស្សីកែវនេះ មានរចនាបទទំនើប ដែលមានសរសរធំចំនួន ៤បង្គោល មានកម្ពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពានបេតុងនេះ ស្ថាបនានៅអមជាមួយស្ពានបេឡេ មានប្រវែង ៩២២ម៉ែត្រ មានទទឹង ២០,៥ម៉ែត្រ។

ដោយឡែក ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង ១,២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ម៉ែត្រ គន្លងខ្សែយានយន្តមានទទឹង ៣.៧៥ម៉ែត្រ។ គន្លងធ្វើចរាចរណ៍ ២ខ្សែទៅ ២ខ្សែមក។ កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ។ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ម៉ែត្រ ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍។ ស្ពាននេះចំណាយថវិកាសាងសង់ប្រមាណ ៣៥លានដុល្លារ៕

អត្ថបទ៖ គន្ធ តារាវិឆ័យ