ផ្លូវមួយខ្សែទៅកាន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវ ត្រូវបានស្ថាបនាចាក់កៅស៊ូ ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ធ និងភ្ញៀវទេសចរ
កំពង់ស្ពឺ៖ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានទៅបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រវែង ១៥.៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិតាំងហោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២។
លោក វ៉ី សំណាង បានលើកឡើងថា ការកសាងផ្លូវប្រភេទ DBST ជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្ត ដែលបានចូលរួមអភិវឌ្ឍន៍សមិទ្ធផលថ្មីៗប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាងនេះទៅទៀតរាល់សមិទ្ធិផលទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺកើតចេញពីតម្លៃនៃសន្តិភាព និងស្ថេរភាពនយោបាយ។
ចំពោះសមិទ្ធិផលថ្មី ដែលបាន និងកំពុងបើកការដ្ឋាន ជាផ្លូវមួយខ្សែប្រវែង ១៥,៥គីឡូម៉ែត្រ បម្រើដល់ផលយោជន៍ប្រជាពលរដ្ឋចំនួន ៦ភូមិ(ភូមិគោក ភូមិព្រែក ភូមិព្រៃជ្រៅ ភូមិតាំងហោង ភូមិថ្នល់ និងភូមិតាំងសំរោង)ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណ ៩៣៨គ្រួសារ។ ផ្លូវនេះក៏ជាផ្លូវសម្រាប់ភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវផងដែរ ដែលជាមធ្យមក្នុងមួយឆ្នាំមានចំនួនប្រមាណជា ២ម៉ឺននាក់។
លោក ហ៊ុន ម៉ានី បានលេីកឡេីងថា អ្នកឃុំអមលាំងទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះផ្ទាល់ តាមរយៈការសម្រួលដល់ការធ្វើដំណើរ ឬប្រកបកិច្ចការផ្សេងៗ ជួយកាត់បន្ថយនូវការចំណាយ និងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋកាន់តែប្រសើរទៅកាន់ទីផ្សារ។
ម្យ៉ាងវិញទៀត ផ្លូវមួយខ្សែដែលកសាងឡើងជាប្រភេទDBSTក្រោមគម្រោងឥណទានថ្នាក់ក្រោមជាតិ សម្រាប់រដ្ឋបាលខេត្តកំពង់ស្ពឺ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ប្រើប្រាស់ថវិកាសរុបចំនួន ៣៥ពាន់លានរៀល ស្មើនឹងប្រមាណ ៨.៧៥លានដុល្លារ និងបន្តស្រូបទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងនៅតំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ជ្រាវនេះកាន់តែច្រើនថែមទៀត៕
អត្ថបទ៖ ប៊ុត សារុន











