អភិបាលខេត្តឧត្តរមានជ័យ ណែនាំម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន កុំដឹកលើសទម្ងន់ កុំកេងប្រវ័ញ្ចពលរដ្ឋ

ឧត្តរមានជ័យ៖ អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានកោះប្រជុំម្ចាសក្រុមហ៊ុនដឹកជញ្ជូនទាំងខ្មែរ និងថៃ ក៏ដូចជាម្ចាស់អាជីវកម្មទទួលទិញលក់ដំឡូងមី ស្តង់ទិញស្វាយ និងដំណាំកសិកម្មផ្សេងៗ មកពីបណ្ដាក្រុងស្រុក នៃខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ប៉ែន កុសល្យ បានធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុនឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសបើកបរប្រើប្រាស់ល្បឿនយឺតៗនៅក្នុងទីប្រជុំជន និងទម្ងន់ផ្ទុកកុំឲ្យលើសទម្ងន់ ដើម្បីការពារផ្លូវថ្នល់ឲ្យបានគង់វង្សយូរអង្វែង ព្រោះផ្លូវថ្នល់បានចំណាយថវិកាជាតិច្រើនណាស់សម្រាប់ស្ថាបនា។ លោកបានសង្កត់ធ្ងន់ថា មូលហេតុចម្បងដែលបណ្ដាលមកពីការខូចខាតផ្លូវថ្នល់ គឺបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ ដែលធ្វើឲ្យខាតបង់ថវិកាជាតិ ក្នុងការស្ថាបនា និងជួសជុលផ្លូវថ្នល់ទាំងនោះ ខណៈបច្ចុប្បន្ន ផ្លូវថ្នល់ជាច្រើនខ្សែកំពុងរងការខូចខាត បណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់នេះ។
ទន្ទឹមនេះលោកអភិបាលខេត្តឧត្តរមានជ័យ នឹងចាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋតាមបណ្ដាក្រុងស្រុកពាក់ព័ន្ធនឹងការប្រមូលផលដំឡូងមី កុំដឹកដំឡូងយកទៅលក់នៅតាមស្តង់មានលាយដី និងខ្សាច់ ដូចខេត្តគេផ្សេងនាពេលកន្លងមក។ ចំណែកម្ចាស់ស្តង់ ក៏ត្រូវចូលរួមកុំមានការបន្ទាបតម្លៃកសិផលរបស់ប្រជាកសិករទាបពេក ដោយឱ្យតម្លៃសមរម្យត្រឹមត្រូវតាមតម្លៃនៅលើទីផ្សារ និងកុំលួចភ្នែកជញ្ជីង ជាដើម៕
ដោយ៖ ច័ន្ធ ដារុណ
