សង្គម

សម្ដេចក្រឡាហោម ស ខេង ឯកភាពចំពោះយោបល់ស្នើឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យលទ្ធភាពស្នើសុំរាជរដ្ឋាភិបាលកំណត់ឆ្នាំផលិតរថយន្តនាំចូលមកកម្ពុជា

image


ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ.) បានឯកភាពចំពោះយោបល់ស្នើឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យលទ្ធភាពពិចារណាស្នើសុំរាជរដ្ឋាភិបាលកំណត់ឆ្នាំផលិតរថយន្តនាំចូលមកកម្ពុជា ដើម្បីកាត់បន្ថយរថយន្តជជុះមានហានិភ័យ។

សម្ដេចក្រឡាហោម ស ខេង បានឯកភាពដូចនេះ ក្នុងកិច្ចប្រជុំឆ្លងពង្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ រួមនឹងអ្នកពាក់ព័ន្ធជាច្រើនទៀត។ សម្ដេចបានលើកឡើងថា កិច្ចប្រជុំនៅថ្ងៃនេះ គ្រោងធ្វើឡើងតាំងតែពីចុងឆ្នាំ២០២០ មកម្ល៉េះ ក៏ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក៏ត្រូវបានពន្យាពេលមួយរយៈ។ សម្តេចក៏បានអរគុណដល់អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ដែលបានខិតខំសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំសេចក្ដីព្រាងផែនការជាតិនេះឡើង។

ក្នុងនាមប្រធាន គ.ស.ច.គ សម្ដេចបានសម្ដែងការពេញចិត្តចំពោះផែនការនេះ ដ្បិតមានទស្សនវិស័យវែងឆ្ងាយ និងប្រាកដនិយម ក្នុងការដោះស្រាយបញ្ហាចរាចរណ៍នៅកម្ពុជា និងបានជំរុញឱ្យខិតខំបន្ថែមទៀតក្នុងការជំរុញការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ។

ជាមួយគ្នានេះ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានលើកឡើងថា ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាផែនការសកម្មភាពរយៈពេល១០ឆ្នាំ(ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០៣០) និងជាផែនការជាតិលើកទី២ បន្តពីលើកទី១ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១។ ផែនការនេះ ជាឧបករណ៍រួមចំណែកសម្រេចជោគជ័យនូវយុទ្ធសាស្ត្រចតុកោណរាជរដ្ឋាភិបាលកម្ពុជា និងស្របតាមគោលនយោបាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ផែនការជាតិនេះ បានសម្របសម្រួលទៅតាមផែនការសកម្មភាពអង្គការសហប្រជាជាតិ(UN) ផ្អែកតាមច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក និងស្របតាមការវិវត្តន៍ជឿនលឿនរបស់ជាតិលើគ្រប់វិស័យ ជាពិសេសវិស័យពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍ផ្លូវគោក ដូចជាអត្រាកំណើនប្រជាជន កំណើនសេដ្ឋកិច្ច កំណើនយានយន្ត ការអភវិឌ្ឍវិស័យផ្លូវថ្នល់ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បទពិសោធន៍ល្អៗនៃវិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា។

យោងតាមរបាយការណ៍បានឱ្យដឹងថា ផ្នែកសំខាន់នៃផែនការជាតិទសវត្សរ៍សុត្ថិភាពចរាចណ៍ផ្លូវគោកលើកទី២ ដើម្បីកាត់បន្ថយអ្នកស្លាប់ និងអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន៥០ភាគរយនៅឆ្នាំ២០៣០ ដោយផ្ដោតលើគោលដៅសំខាន់២ រួមមាន ទី១. កាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសតាមកត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងទី២. បង្កើនប្រសិទ្ធភាពការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយផ្អែកលើសរសរស្ដម្ភចំនួន៦។

សូមបញ្ជាក់ថា យុទ្ធសាស្ត្រនៃផែនការនេះបានកំណត់គោលដៅជាក់លាក់លើរាជធានី និងខេត្តមានស្លាប់ និងរបួសច្រើន រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រះសីហនុ កំពង់ចាម សៀមរាប បន្ទាយមានជ័យ ក្រចេះ កំពង់ធំ បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ និងខេត្តកំពត។ ចំពោះមូលហេតុនាំឱ្យមានគ្រោះថ្នាក់ ដូចជា ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការមិនពាក់មួកសុវត្ថិភាព ជាដើម៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា