ព័ត៌មានជាតិ

ផ្លូវវាងក្រុងកំពត ដែលខូចខាតធ្ងន់ធ្ងរ គ្រោងស្ថាបនាជាផ្លូវកៅស៊ូ ដែលមានគុណភាពល្អជាងមុន

image



កំពត៖ ផ្លូវវាងក្រុងកំពត ដែលទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ត្រូវបានរៀបចំស្ថាបនាជាផ្លូវប្រភេទ DBST ក្រោយពេលមន្ទីរបានឡើងគម្រោងស្ថាបនាផ្លូវនេះអស់រយៈពេល៤ឆ្នាំកន្លងមក ទើបតែទទួលបានលទ្ធផលនៅពេលថ្មីៗនេះ។ មន្ត្រីជំនាញថា ផ្លូវវាងក្រុងនេះ បានចាប់ផ្តើមជាបណ្តើរៗហើយ និងគ្រោងឱ្យរួចរាល់ក្នុងពេលដ៏ខ្លីខាងមុខ ប៉ុន្តែផ្លូវនេះនឹងធានាដល់គុណភាព និងភាពជាប់ធន់បានយូរជាងមុន។

លោក តូច ច័ន្ទសិរីបុត្រ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពត បានឱ្យដឹងថា ការស្ថាបនាផ្លូវវាងក្រុង មន្ទីរបានលើកផែនការបី ទៅបួន ឆ្នាំកន្លងមកហើយ ប៉ុន្តែទើបតែពេលនេះទទួលបានលទ្ធផល ហើយផ្លូវនេះស្ថិតក្នុងគម្រោងដេញថ្លៃរបស់ក្រសួងសារធារណការ និងដឹកជញ្ជូន។ ក្រោមការចង្អុលបង្ហាញពី លោក ម៉ៅ ធនិន អភិបាលខេត្តកំពត មន្ទីរបានប្រាប់ឱ្យក្រុមហ៊ុនដេញថ្លៃ ត្រូវដាក់គ្រឿងចក្រចុះមកបារភក់ ឈូសឆាយ ពង្រាបបង្ហាប់ធ្វើផ្លូវជាបណ្តើរៗ ទោះនៅមានភ្លៀងធ្លាក់ខ្លះក៏ដោយ ដើម្បីសម្រួលដល់ការងារធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់ឡានដឹកទំនិញធំៗបើកបរបញ្ជៀសការកកស្ទះ ក៏ដូចជាបញ្ជៀសរថយន្តធុនធំដឹកទំនិញចូលក្រុង។

លោកអនុប្រធានមន្ទីរ បានបញ្ជាក់ថា ដោយសារថវិកាមានកម្រិត ផ្លូវវាងក្រុងកំពតដែលមានប្រវែង ៣.៦៧០ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅផ្លូវជាតិលេខ៣៣ ត្រូវស្ថាបនាជាផ្លូវកៅស៊ូ DBST។ តាមការពិនិត្យការស្ថាបនាផ្លូវនេះ អាចមានគុណភាពជាប់បានយូរជាងមុន ព្រោះការស្ថាបនាលើកនេះមានភ្ជាប់ប្រព័ន្ធលូដោះទឹកត្រឹមត្រូវតាមស្តងដាបច្ចេកទេស។ លោកអនុប្រធានមន្ទីរក៏បានសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋ ដែលមានទីលំនៅតាមបណ្តោយផ្លូវវាងក្រុង ក៏ដូចជាអ្នកធ្វើដំណើរ និងអ្នកប្រើប្រាស់ផ្លូវនេះ ដែលបានជួបការលំបាកក្នុងការធ្វើរដំណើរ និងការប្រកបមុខរបរផ្សេងៗនៅតាមផ្លូវនេះ។ ក្នុងនាមមន្ទីរ លោកនឹងខិតខំជំរុញដល់ក្រុមហ៊ុនម៉ៅការសាងសង់ធ្វើយ៉ាងណាស្ថាបនាឱ្យបានឆាប់រហ័សបំផុត។

យោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋថា ផ្លូវវាងក្រុងកំពតកន្លងមក គ្មានគុណភាពទេ ដោយសារគ្មានប្រព័ន្ធលូដោះទឹក ហើយរថយន្តធ្វើដំណើរតាមផ្លូវនោះជាប្រភេទរថយន្តដឹកទំនិញធុនធ្ងន់ ពេលធ្វើផ្លូវដល់ខាងមុខ ចាប់ផ្តើមខូចផ្លូវខាងក្រោយក៏មាន។ អាជីវកម្ម និងអ្នកប្រកបរបររកស៊ីទទួលទានមួយចំនួននៅតាមផ្លូវនោះ ត្រូវបានបិទ និងខ្លះទៀតបើកដំណើរការមិនល្អនោះទេ ដោយសារតែផ្លូវពិបាកពេក៕

អត្ថបទ៖ វង្ស សុធារម្យ