ព័ត៌មានជាតិ

អង្គការសហប្រជាជាតិ សន្យានឹងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ រួមជាមួយនឹងដៃគូដទៃទៀត

image


ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក ជិន ថូដ (Jean Todt) ប្រេសិតពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ ចូលជួបសម្ដែងការគួរសម។

សម្ដេចក្រឡាហោម ស ខេង បានស្វាគមន៍ចំពោះលោក និងគណៈប្រតិភូមកកាន់កម្ពុជា និងបានជម្រាបអំពីស្ថានភាពសុវត្ថិភាពចររាចរណ៍នៅកម្ពុជា ថា រយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំសម្រេចបានលទ្ធផលមួយចំនួនធំពាក់ព័ន្ធទៅនឹងការងារសុវត្ថិភាពចរាចរណ៍ ដោយរាជរដ្ឋាភិបាល មាននូវយន្តការការងារដើម្បីអនុវត្តជាក់លាក់ ដែលក្នុងនោះមានតួអង្គពីរសំខាន់ៗគឺ ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលធ្វើការរួមគ្នានៅលើកិច្ចការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហើយយន្តការនេះ ក៏មានគម្លាតទៅដល់ថ្នាក់ខេត្តផងដែរ។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា កម្ពុជាបានខិតខំធ្វើការកាត់បន្ថយបាននូវអត្រាមរណៈភាព និងអត្រារបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែទោះបីយ៉ាងណា ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវតែបន្តខិតខំដោះស្រាយ ដែលក្នុងនោះក៏មានកិច្ចការមួយចំនួនទៀតផងដែរ ពាក់ព័ន្ធទៅនឹងការបន្តអភិវឌ្ឍន៍នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាការផ្ដល់ និងបំពាក់នូវសម្ភារៈបច្ចេកទេសបម្រើដល់ការងារត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ និងការងារកែលម្អធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ ដើម្បីធ្វើយ៉ាងណារួមចំណែក ធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត ដល់ការងារគ្រប់គ្រងត្រួតពិនិត្យនូវសុវត្ថិភាពចរាចរណ៍។

សម្ដេចក្រឡាហោម បានជម្រាបជូនដែរថា ភាគច្រើននៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺបង្កឡើងដោយកត្តាធំៗមួយចំនួន ដែលក្នុងនោះទី១ គឺកត្តាមនុស្ស ហើយនិងទី២ គឺកត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសគឺបញ្ហាបច្ចេកទេសពាក់ព័ន្ធទៅនឹងការបំពាក់នូវស្លាកសញ្ញាផ្សេងៗ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តខិតខំអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ ជាពិសេស គឺការកសាងនូវផ្លូវល្បឿនលឿន ផ្លូវហាយវេ ដែលមានគន្លងទៅមកច្រើន, ផ្លូវជាតិ, ព្រមទាំងផ្លូវតភ្ជាប់ពីផ្លូវជាតិទៅតាមបណ្ដាខេត្តនីមួយៗ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងនោះ ក៏បានរួមចំណែកដល់ការសម្រួលទៅដល់ការធ្វើដំណើរ ហើយក៏បានរួមចំណែកដល់ការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

សម្ដេចក៏បានជម្រាបជូនលោក ជិន ថូដ (Jean Todt) ផងដែរថា ដើម្បីបន្តធ្វើឱ្យកាន់តែប្រសើរឡើងនូវការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ នោះគឺមានកិច្ចការសំខាន់ៗពីរ ដែលត្រូវតែបន្តធ្វើទន្ទឹមគ្នា ទី១ គឺការពង្រឹង និងការអនុវត្តច្បាប់ ហើយទី២ គឺការបន្តលើកកម្ពស់ការយល់ដឹងស្មារតីគោរពច្បាប់របស់ប្រជាជន ដើម្បីរួមគ្នាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់នេះឱ្យបានជាអតិបរមា។

លោក ជិន ថូដ បានថ្លែងអំណរគុណដល់សម្ដេចក្រឡាហោម ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម ហើយនេះគឺជាលើកទី២ផងដែរ សម្រាប់លោកបានមកទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីរយៈកាល១០ឆ្នាំកន្លងទៅ។

លោកបានសង្កេតឃើញនូវការអភិវឌ្ឍរីកចម្រើន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍នេះដែរ។ លោកសូមឯកភាព និងគាំទ្រចំពោះការលើកឡើងរបស់សម្ដេច ពាក់ព័ន្ធទៅនឹងការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍នេះ ដែលទាមទារនូវការចូលរួម ពីប្រជាពលរដ្ឋតាមរយៈការអប់រំផ្សព្វផ្សាយយល់ដឹង និងការពង្រឹងនូវការអនុវត្តច្បាប់។

លោក បានបញ្ជាក់ថា ជារួមរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងដើរនៅលើផ្លូវត្រឹមត្រូវ ស្របតាមអភិក្រមរបស់អង្គការសហប្រជាជាតិ ហើយលោកនៅតែបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការងារធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍នេះជាបន្តទៀត រួមជាមួយនឹងដៃគូរដទៃទៀតក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ (អ.ស.ប)។

លោក ក៏សូមបន្តលើកទឹកចិត្ត និងជូននូវយោបល់មួយចំនួន ដើម្បីធ្វើយ៉ាងណារួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍នេះ ជាពិសេស ការបង្កើននូវការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយមធ្យោបាយធ្វើដំណើរនៅលើដងផ្លូវ ដើម្បីរួមចំណែកកាត់បន្ថយនូវអត្រាគ្រោះថ្នាក់់ចរាចរណ៍ ហើយនិងការកៀរគរការចូលរួមពីវិស័យឯកជនផងដែរ ក្នុងការចូលរួមទទួលខុសត្រូវមួយផ្នែកនៅលើការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណលោក ជិន ថូដ ចំពោះមតិយោបល់របស់លោកក្នុងការខិតខំដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ សម្ដេច ក៏បានជម្រាប់ជូនលោកផងដែរថា សម្ដេចកំពុងតែដឹកនាំដើម្បីពិនិត្យ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តមួយចំនួន ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងសុវត្ថិភាពចរាចចរណ៍នេះ ហើយសម្ដេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការសហប្រជាជាតិ ជាពិសេស គឺឯកឧត្តមផ្ទាល់ដែលបានបន្តផ្ដល់នូវការគាំទ្រចំពោះការងារ និងសុវត្ថិភាពចរាចរណ៍នៅកម្ពុជា៕