សង្គម

គិតត្រឹមខែកញ្ញា ឆ្នាំនេះ អង្គភាព CMAC បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ ចំនួនជាង ១.៦០០គីឡូម៉ែត្រក្រឡានៅទូទាំងប្រទេស

image



បន្ទាយមានជ័យ៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ អង្គភាព CMAC បានសម្រេចរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ ចំនួនជាង ១.៦០០គីឡូម៉ែត្រក្រឡា ស្មើនឹងប្រមាណជាង ៥០%នៃសមិទ្ធផលសរុបនៃប្រតិបត្តិករទាំងអស់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងរុករកឃើញ ព្រមទាំងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ២.៩៤៦.៩៣៣គ្រាប់។

នេះបើតាមការលើកឡើងរបស់លោក អ៊ុំ ភូមិរ៉ូ អគ្គនាយករងអង្គភាពស៊ីម៉ាក់ (CMAC) ក្នុងពិធីសម្ពោធសាលាបឋមសិក្សាកុម៉ាក់ស៊ុ និងសមទ្ធិផលផ្សេងៗក្នុងសាលានៅព្រឹកថ្ងៃទី ២៤វិច្ឆិកា ឆ្នាំ ២០២២ ស្ថិតនៅភូមិស្រឡៅជ្រុំ ឃុំ ទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនៃគម្រោងកសាងភូមិសុវត្ថិភាពនៃកិច្ចសហប្រតិបត្តិការរវាង CMAC និងJMAS ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុនជប៉ុន កុម៉ាត់ស៊ុ។

លោក អ៊ុំ ភូមិរ៉ូ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាង CMACនិងJMAS ក្រោមគម្រោងកសាងភូមិសុវត្ថិភាពចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០២២ ដែលទទួលបានសមិទ្ធិផល ជាច្រើមមាន សាងសង់សាលារៀន កសាងផ្លូវ ប្រឡាយអមសងខាងផ្លូវ កសាងលូ ជីកស្រះទឹក និងអណ្ដូងទឹកស្អាតដែល ចំណាយថវិកាសរុបជាង ១,៦៩លានដុល្លាអាមេរិក ជាជំនួយរបស់ក្រុមហ៊ុន កូម៉ាត់ស៊ូ។

លោកបានបញ្ជាក់ថា ក្នុងរយៈពេល ៣០កន្លងមកនេះ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី អង្គភាព CMAC ក្នុងនាមជាស្ថាប័នជាតិ បានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យគួរជាទីមោទនៈ និងមានការទទួលស្គាល់ ទាំងកម្រិតជាតិ និងអន្ដរជាតិ។

អង្គភាព CMAC ក៏បានកសាងកម្លាំងស្ម័គ្រចិត្តតាមភូមិអាទិភាពខ្ពស់ ចំនួនជាង ៣.៥០០ភូមិ និងមានបណ្ដាញស្ម័គ្រចិត្តចំនួនជិត ៤.២០០នាក់នៅទូទាំងប្រទេស សម្រាប់បម្រើការ ងារ អប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដល់ប្រជាពលរដ្ឋចំនួន ១លានទៅ ១លាន២សែននាក់ក្នុងមួយឆ្នាំៗ ដែលនេះបានធ្វើឲ្យអត្រា គ្រោះថ្នាក់ ដោយ សារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះធ្លាក់ចុះជាបន្ដបន្ទាប់គិតត្រឹមខែមិថុនា ឆ្នាំ២០២២មានចំនួន ៤០នាក់។

ទន្ទឹមនឹងនេះ អង្គភាព CMAC មានសមត្ថភាពមិនត្រឹមតែបានចែករំលែកបទពិសោធន៍ និងជំនាញបច្ចេកទេសក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្ដែបានជួយពង្រឹងសមត្ថភាពដល់បណ្ដាប្រទេស ដែលទទួលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាម ដូចជា ប្រទេសឡាវ មីយ៉ាន់ម៉ា ស្រីលង្ការ កូឡុំប៊ី នេប៉ាល់ អ៊ីរ៉ាក់ និងអង់ហ្គោឡា ជាដើម។ល។

ក្នុងឱកាសនោះដែរ លោកក៏បានអំពាវនាវប្រជាពលរដ្ឋ និងក្មួយៗ សូមចៀសវាងតំបន់សង្ស័យ តំបន់មានដាក់ផ្លាកសញ្ញាចម្ការមីន ដែលអាចបង្កឲ្យមានគ្រោះថ្នាក់បាន ហើយនៅពេលដែលឃើញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ ឬគ្រាប់អ្វីចម្លែក គឺហាមប៉ះពាល់ជាដាច់ខាត ត្រូវរាយការណ៍ប្រាប់ប្រធានភូមិ សមត្ថកិច្ច ឬឪពុកម្តាយ ឬខាងស៊ីម៉ាក់ជាបន្ទាន់។ ហាមក្មួយៗយកគ្រាប់អ្វីចម្លែកមកគប់លេង ឬដំបំបែកលេង ដែលអាចផ្ទុះធ្វើឲ្យយើង និងអ្នកនៅក្បែរយើងរងរបួស ឬស្លាប់បាន៕
អត្ថបទ៖ ជា ថន