ព័ត៌មានអន្តរជាតិ

ពិធីបុណ្យសពជនរងគ្រោះស្លាប់ដោយសារតែការរញ្ជួយដីត្រូវបានគេរៀបចំឡើងក្នុងប្រទេសឥណ្ឌូណេស៊ី ខណៈការរុករកជនរងគ្រោះនៅតែបន្តធ្វើ

image


ឥណ្ឌូណេស៊ី៖ ពិធីបុណ្យសពមួយត្រូវបានគេរៀបចំធ្វើឡើងនៅក្នុងតំបន់កោះជ្វាប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃពុធ ទី២៣ វិច្ឆិកាម្សិលមិញ ដើម្បីឧទ្ទិសជូនដំណើរទៅដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីដែលបានកើតឡើងកាលពីរសៀលថ្ងៃចន្ទកន្លងទៅ។
សាកសពរបស់ស្រ្តីវ័យក្មេងមួយរូបជាជនរងគ្រោះមានឈ្មោះ Yuni Rohaini អាយុ ២៣ ឆ្នាំ ត្រូវបានក្រុមសាច់ញាតិរបស់នាងបញ្ជាក់មកឱ្យដឹងថា នាងត្រូវបានសំណង់អគារលំនៅដ្ឋានបាក់សង្កត់ពីលើបណ្ដាលឱ្យស្លាប់នៅក្នុងទីប្រជុំជន Cianjur ដែលមានចម្ងាយប្រមាណជា ៧៥គីឡូម៉ែត្រពីរដ្ឋធានីហ្សាកាតា។
ដោយឡែកពាក់ព័ន្ធទៅនឹងហេតុការណ៍រញ្ជួយដីខាងលើនេះដែរ អាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងកាលពីថ្ងៃពុធកន្លងទៅថា ចំនួនជនរងគ្រោះសរុបដែលបានបាត់បង់ជីវិតបានកើនឡើងដល់ ២៧១នាក់ ហើយតួលេខនេះត្រូវបានគេរំពឹងថានឹងបន្ដកើនឡើងបន្ថែមទៀត ខណៈដែលជនរងគ្រោះដែលបានបាត់ខ្លួននៅក្រោមគំនរបាក់បែក អាចនឹងត្រូវយឹតយ៉ាវនៅក្នុងការជួយសង្គ្រោះ។ តែយ៉ាងណាក៏ដោយ ក៏ក្រុមការងារអ្នកជួយសង្គ្រោះរបស់អាជ្ញាធរឥណ្ឌូណេស៊ីនៅតែបន្ដព្យាយាមស្វែងរកអ្នកដែលនៅរស់រានមានជីវិតនៅតាមតំបន់មួយចំនួន ផ្សេងទៀតដែលបានរងប៉ះពាល់ខ្លាំងពីគ្រោះរញ្ជួយដីនេះ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect