ព័ត៌មានអន្តរជាតិ

មនុស្ស ៥០នាក់រងរបួស ដោយសារតែការរញ្ជួយដី កម្រិត ៥.៩ តាមរង្វាស់រិចទ័រ នៅភាគពាយ័ព្យ ប្រទេសទួកគី

image


ទួកគី ៖ គ្រោះរញ្ជួយដីមួយមានកម្រិតញ័រ ៥.៩រិចទ័រ ក្នុងជម្រៅប្រមាណជា ២គីឡូម៉ែត្រ បានអង្រួនភាគពាយ័ព្យប្រទេសទួកគី ដោយរំញ័រហាក់កើតមានក្នុងក្រុងអ៊ីស្តង់ប៊ុលផងដែរ កាលពីវេលាម៉ោង ៤ ព្រឹក ថ្ងៃពុធ ម្សិលមិញ បានបណ្តាលឱ្យមនុស្សចំនួន ៥០នាក់រងរបួស និងអគារចំនួន ៨ខ្នង រងការខូចខាត ភាគច្រើនក្នុងខេត្ត Duzce នេះបើយោងទៅតាមការបញ្ជាក់ដោយទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ។
ក្នុងនោះដែរ មិនមានរបាយការណ៍បញ្ជាក់អំពីការស្លាប់ឡើយ ។ ក្រៅពីនេះ មានការកាត់ផ្តាច់ចរន្តអគ្គិសនីអំឡុងរញ្ជួយដី ប៉ុន្តែអាជ្ញាធរកំពុងតែតភ្ជាប់ចរន្តអគ្គិសនីឡើងវិញហើយ ។
ប្រទេសទួកគី ស្ថិតនៅលើផ្ទៃដីដែលងាយនឹងរងគ្រោះពីការរញ្ជួយដី ។ កាលពីឆ្នាំ ១៩៩៩ រញ្ជួយដីខ្លាំងៗ ចំនួន២លើកដែលកាលណោះសម្លាប់មនុស្ស ១៨,០០០ នាក់ នៅភាគពាយ័ព្យប្រទេសទួកគី ។ ហើយថ្មីៗនេះ ក្នុងឆ្នាំ ២០២០ មនុស្សជាង ១០០ នាក់បានស្លាប់ ដោយសារតែគ្រោះរញ្ជួយដី នៅភាគខាងលិចទីក្រុង Izmir ប្រទេសទួកគីដែរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters