កីឡា

FIFA គំរាមដកសិទ្ធិចាក់ផ្សាយ (World Cup ២០២២) ចេញពីប្រទេសថៃឡង់ដ៍ ដោយសារតែទស្សនិកជន ២ ប្រទេស មិនបានទិញសិទ្ធិចាក់ផ្សាយ ជិតប្រទេសថៃឡង់ដ៍ អាចចូលទស្សនាបាន

image


ថៃឡង់ដ៍៖ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ឬហៅកាត់ថា (FIFA) បានធ្វើការគំរាមព្យួរសិទ្ធិប្រទេសថៃឡង់ដ៍ សម្រាប់ការចាក់ផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោក (World Cup ២០២២) បន្ទាប់ពី (FIFA) រកឃើញថា ទស្សនិកជននៅប្រទេសជិតខាងថៃឡង់ដ៍ចំនួន ២ប្រទេស ដែលមិនបានទិញសិទ្ធិក្នុងការចាក់ផ្សាយ (World Cup) អាចទស្សនាការប្រកួត បានជាធម្មតា តាមរយៈបណ្តាញរលកធាតុអាកាសរបស់ប្រទេសថៃឡង់ដ៍ ។
យោងតាមអាជ្ញាធរកីឡាថៃឡង់ដ៍ (SAT) បានឱ្យដឹងថា FIFA បានទាមទារឱ្យប្រទេសថៃបំពេញតាមបទដ្ឋាននៃតម្រូវការការពារចំពោះការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត (encryption standards) បើមិនដូច្នេះទេ FIFA អាចនឹងដកសិទ្ធិប្រទេសថៃឡង់ដ៍មិនឱ្យផ្សាយបន្តផ្ទាល់ការប្រកួតទៀតឡើយ ។ ក្រោយទទួលបានការជូនដំណឹងពី FIFA អាជ្ញាធរ SAT បានកោះហៅភាគីពាក់ព័ន្ធ រួមមាន គណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិ (NBTC) និងប្រតិបត្តិករទូរទស្សន៍ឌីជីថល ឱ្យមកចូលរួមកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិចារណាលើតម្រូវការរបស់ (FIFA) ។
មន្ត្រីមកពីអាជ្ញាធរ (SAT) បានឱ្យដឹងបន្ថែមថា នៅក្នុងកិច្ចប្រជុំបានសន្និដ្ឋានថា ភាគីពាក់ព័ន្ធក្នុងប្រទេសថៃឡង់ដ៍ មិនអាចបំពេញតាមតម្រូវការ (encryption standards) របស់ FIFA បានទេ ដោយសារតែបច្ចេកវិទ្យាបញ្ជូនរបស់អ្នកផ្គត់ផ្គង់បណ្តាញសេវា មិនជឿនលឿនគ្រប់គ្រាន់ ដូចនេះ កិច្ចប្រជុំបានយល់ព្រមគ្នាថា ពួកគេនឹងស្នើទៅ FIFA ចំពោះការផ្លាស់ប្តូរលេខកូដបញ្ជូនសេវា ដោយវាអាចនឹងរារាំង ដល់ទស្សនិកជននៅក្នុងប្រទេសផ្សេងទៀត ក្នុងការទទួលបានការអនុញ្ញាតឱ្យចូលទៅមើលការផ្សាយបន្តផ្ទាល់នៅក្នុងប្រទេសថៃឡង់ដ៍បាន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thai PBS World