អត្ថបទឈ្វេងយល់៖ តើកិច្ចប្រជុំស្តីពីបរិស្ថានសកល (COP ២៧)នៅអេហ្ស៊ីបបានចេញសាច់ការអ្វីខ្លះក្នុងការជួយសង្គ្រោះភពផែនដី?

បរិស្ថានសកល៖ បញ្ហាបរិស្ថាននាពេលបច្ចុប្បន្នបានក្លាយទៅជាក្តីកង្វល់មួយសម្រាប់ភពផែនដីទំាងមូល មិនថាប្រទេសអ្នកមាន ឬក៏ប្រទេសអ្នកក្រីក្រនោះឡើយ ។ កន្លងមកប្រទេសយក្សទំាងពីរ ពោលគឺចិន និងសហរដ្ឋអាម៉េរិកតែងចោទដាក់គ្នាទៅវិញទៅមកការបំពុលបរិស្ថាន ដែលយើងអាចនិយាយឱ្យងាយស្តាប់នោះពោលគឺ ទម្លាក់កំហុសដាក់គ្នាដោយមិនទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្រ្តរបស់ភពផែនដីឡើយ ត្រង់ចំណុចនេះបង្កឱ្យមានហានិភ័យដល់ក្រុមប្រទេសតូចតាចក្រីក្ររងផលប៉ះពាល់ខ្លំាងចេញពីការប្រែប្រួលរបស់ភពផែនដីក៏ដូចជាការកើនឡើងនូវកំដៅ ដោយខ្វះតុល្យភាពរវាងផែនដី និងការប្រើប្រាស់ទាញយកប្រយោជន៍ពីផែនដី នោះជាសមុដ្ឋាននៃបញ្ហាដែលនំាឱ្យមានការកើនឡើងនូវកំដៅសកលនោះ។
កាលពីសប្តាហ៍កន្លងទៅមានការប្រារព្ធនូវសន្និសីទអន្តរជាតិស្តីពីការបម្រែបម្រួលលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២២ ឬហៅថា (COP27) ធ្វើឡើងនៅក្នុងប្រទេសអេហ្ស៊ីប ទើបនឹងបានបិទបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ ទី ២០ ខែវិច្ឆិកាកន្លងទៅ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនដែលមិនធ្លាប់មានពីមុនមក ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេនោះគឺការផ្តួតផ្តើមបង្កើតឡើងនូវមូលនិធិថវិកាសម្រាប់ប៉ះប៉ូវសងជំងឺចិត្ត (Loss & Damage Fund) ឬហៅថា ថវិកាសង្គ្រោះ ទៅឱ្យបណ្ដាប្រទេសក្រីក្រដែលងាយរងគ្រោះនិងរងផលប៉ះពាល់ដោយសារតែការប្រែប្រួលអាកាសធាតុ។
ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំ (COP27) ដែលប្រព្រឹត្តទៅរយៈពេលជិតពីរសប្តាហ៍ក្នុងទីក្រុង Sharm el-Sheikh របស់ប្រទេសអេហ្ស៊ីប។
ចំណុចដែលក្រុមប្រទេសជិត២០០ បានឯកភាពគ្នានោះរួមមាន៖
ចំណុចទី១៖ លើកកម្ពស់វិស័យវិទ្យាសាស្ត្រនិងភាពចំាបាច់ដើម្បីតាមដានការប្រែប្រួលបរិយាកាសរបស់ភពផែនដី
ក្នុងន័យសំដៅទៅលើប្រទេសជាសមាជិកទាំងអស់បានឯកភាពគ្នាស្វាគមន៍ចំពោះការរួមចំណែករបស់ក្រុមគណៈកម្មាការកិច្ចការបរិស្ថានអន្តររដ្ឋាភិបាលនានា ដែលរួមមានទាំងរបាយការណ៍វាយតម្លៃលើកទី ៦ ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិផងដែរ។
ការទទួលស្គាល់អំពីសារៈសំខាន់ខាងមធ្យោបាយបែបវិទ្យាសាស្ត្រសម្រាប់កិច្ចការតាមដាននិងគ្រប់គ្រងបញ្ហាបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ការណ៍នេះជាការផ្តល់ការយកចិត្តទុកដាក់ខ្ពស់និងរៀនសូត្រទៅលើរបាយការណ៍ស្តីពីបរិស្ថានរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២២ ដែលបានបង្ហាញអំពីគម្លាតនិងចំណុចខ្វះខាតរបស់ក្រុមប្រទេសពាក់ព័ន្ធ លើកិច្ចខិតខំចូលរួមការពារបរិស្ថានដែលខ្លួនធ្លាប់បានបេ្តជ្ញាចិត្តក្នុងពេលកន្លងមកជាហេតុកំពុងបង្កការគំរាមកំហែងដល់ស្ថេរភាពជីវិតរស់នៅលើភពផែនដីទៅថ្ងៃអនាគត។
ម្យ៉ាងវិញទៀត គេក៏ធើ្វការជម្រុញលើកទឹកចិត្តសម្រាប់ការងារបរិស្ថាន តាមរយៈការផ្សព្វផ្សាយអំពីគុណប្រយោជន៍ក្នុងការទប់ស្កាត់សីតុណ្ហភាពរបស់ភពផែនដីដោយមិនឱ្យកើនឡើងលើសពី ១.៥ °C ធៀបនឹងទំហំនៃផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលនឹងអាចកើតមាននៅក្នុងករណីដែលមិនមានការយកចិត្តទុកដាក់បណ្ដាលឱ្យសីតុណ្ហភាពកើនឡើងលើស ២ °C នៅបំណាច់សតវត្សរ៍ទី ២១នេះ។
ដោយឡែកការទទួលស្គាល់ពីគុណប្រយោជន៍នៃផែនទឹកកកលើផែនដី ដែលដើរតួយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយឥទ្ធិពលពន្លឺរបស់ព្រះអាទិត្យក្នុងការទ្រង់ទ្រងភាវៈរស់ ហើយនិងផលប៉ះពាល់ដែលនឹងកើតមានដោយសារតែការបាត់បង់ផែនទឹកកកទាំងនោះ បណ្ដាលមកពីការកើនឡើងនូវសីតុណ្ហភាពសកល។
ចំណុចទី២៖ បង្កើនមហិច្ឆតាក្នុងការអនុវត្តដើម្បីទទួលបានប្រសិទ្ធភាព
តាមន័យខាងលើនេះ គឺត្រូវការការតាំងចិត្តអនុវត្តឱ្យមានការផ្លាស់ប្តូរលើវិធានការណ៍គ្រប់គ្រងបរិស្ថានប្រកបដោយមហិច្ឆតា សមធម៌ និងបរិយាប័ន្ន សម្រាប់ទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយការបំពុលបរិយាកាស ឱ្យសមស្របតាមគោលការណ៍និងកម្មវត្ថុរួមនៃកិច្ចព្រមព្រៀងស្តីពីបរិស្ថានដែលពាក់ព័ន្ធរួមមានអនុសញ្ញាបរិស្ថានទីក្រុង Glasgow ហើយនិងកិច្ចកិច្ចព្រមព្រៀងស្តីពីអាកាសធាតុទីក្រុងបារីសជាដើម។
មិនតែប៉ុណ្ណោះ ក៏តម្រូវឱ្យចូលរួមសម្តែងការថ្លែងអំណរគុណចំពោះប្រមុខរដ្ឋាភិបាលនៃប្រទេសដែលពាក់ព័ន្ធចំពោះការចូលរួមនៅក្នុង កិច្ចប្រជុំកំពូលស្តីពីការអនុវត្តវិធានការណ៍បរិស្ថានក្នុងទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប ហើយនិងការគាំទ្ររបស់ថ្នាក់ដឹកនាំទាំងនោះក្នុងការលើកកម្ពស់និង ការពន្លឿនការអនុវត្តសកម្មភាពដែលបានដាក់ចេញ។
ចំណុចទី៣៖ ការគ្រប់គ្រងថាមពល និងការប្រើប្រាស់ថាមពលកកើតឡើងវិញ
នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះដែរ ក៏មានការលើកឡើងនិងសង្កត់ធ្ងន់ទៅលើសារៈសំខាន់ និងតម្រូវការចំបាច់ជាបន្ទាន់ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ដោយភាគីបណ្ដាប្រទេសក្នុងពិភពលោក តាមរយៈការផ្លាស់ប្ដូរមកប្រើប្រាស់នូវប្រភពថាមពលដែលមិនសូវបង្កផលប៉ះពាល់ ឬថាមពលដែលអាចកកើតឡើងវិញបាន រួមនិងការបង្កើនកាលានុវត្តភាពលើកិច្ចសហប្រតិបត្តិស្តីពីនានាភាពបរិស្ថានជាមួយនិងប្រទេសជាដៃគូ។
មិនតែប៉ុណ្ណោះក៏ត្រូវតែទទួលស្គាល់អំពីផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិដែលបានកើតឡើងនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយមកនេះ ហើយនិងភាពចំបាច់ជាបន្ទាន់មួយ នៅក្នុងការបង្កើតឱ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដទៅលើប្រព័ន្ធថាមពលប្រើប្រាស់ប្រកបដោយចីរភាព សុវត្ថិភាព និងគួរឱ្យទុកចិត្ត ដែលរួមមានការពន្លឿននូវដំណើរផ្លាស់ប្តូរប្រភពថាមពលប្រើប្រាស់ជាបណ្ដើរៗសម្រាប់ការសម្រេចឱ្យបានពេញលេញនៅក្នុងពេលឆាប់ៗនាថ្ងៃអនាគត។
ក្រៅពីនេះ ក៏មានការសង្កត់ធ្ងន់ទៅលើសារៈសំខាន់ក្នុងការបង្កើនការកសាងនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រភពថាមពលដែលមិនសូវបង្កផលប៉ះពាល់ និងថាមពលដែលអាចកកើតឡើងវិញ ទៅគ្រប់មជ្ឈដ្ឋានលំដាប់ថ្នាក់នៃប្រព័ន្ធថាមពលប្រើប្រាស់ ឱ្យស្របទៅតាមស្ថានភាពជាក់ស្តែងនិងត្រូវបន្ដជម្រុញគាំទ្រដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរឱ្យបានពេញលេញ។
ចំណុចទី៤៖ ចូលរួមប្តេជ្ញាចិត្តកាត់បន្ថយការបំពុលបរិស្ថានសកល
ការទទួលស្គាល់អំពីភាពចំាបាច់ និងតម្រូវការជាបន្ទាន់ដើម្បីសម្រេចបានទៅតាមគោលការណ៍ជាកម្មវត្ថុក្នុងការកំណត់មិនឱ្យស៊ីតុណ្ហភាពរបស់ភពផែនដីកើនឡើងលើសពី ១.៥ °C នៅចុងសតវត្សរ៍ទី ២១ តាមរយៈការយកចិត្តដាក់និងអនុវត្តឱ្យបានឆាប់រហ័ស និងជានិរន្តរភាព ក្នុងសកម្មភាពចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសឱ្យបាន ៤៣% ភាគរយនៅបំណាច់ឆ្នាំ ២០៣០ខាងមុខ។
ចំណុចបន្តទៀតពោលគឺត្រូវទទួលស្គាល់ដែលថា សកម្មភាពកាត់បន្ថយការបំពុល ចំាបាច់ទាមទារឱ្យមានការយកចិត្តទុកដាក់ក្នុងការពន្លឿនដំណើរការអនុវត្តក្នុងពេលខាងមុខជាបន្ដបន្ទាប់ និងត្រូវយោងទៅតាមស្ថានភាពជាក់ស្តែង ដែលរួមមាន ភាពសមធម៌រវាងបណ្ដាប្រទេសជឿនលឿននិងប្រទេសក្រក្រីនៅក្នុងដំណើរការ បរិបទការអភិវឌ្ឍ ហើយនិងចំណេះដឹងផ្នែកវិទ្យាសាស្ត្រដែលមាន។
ក្រៅពីចំណុចទំាងអស់នេះ ក៏ជម្រុញឱ្យមានការអភិវឌ្ឍ ប្រើប្រាស់ និងការចែករំលែកបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យា រួមនិងយុទ្ធសាស្រ្តនយោបាយគ្រប់គ្រងស្តីពីបរិស្ថានរវាងបណ្ដាប្រទេសដែលពាក់ព័ន្ធ ដើម្បីជួយពន្លឿនដំណើរការវិវត្តផ្លាស់ប្តូរជាដំណាក់កាលៗសម្រាប់ឆ្ពោះទៅការប្រើប្រាស់នូវប្រភពថាមពលដែលមិនសូវបង្កផលប៉ះពាល់ និងថាមពលដែលអាចកកើតឡើងវិញឱ្យបានពេញលេញនៅក្នុងប្រព័ន្ធគ្រប់គ្រងថាមពលរបស់ជាតិ។
មិនតែប៉ុណ្ណោះក៍ត្រូវតែបន្ដបង្ហាញអំពីឆន្ទៈក្នុងការចូលរួមក្នុងកិច្ចពិភាក្សាផ្សេងៗទៀតស្តីពីបរិស្ថានដែលចំាបាច់ក្នុងថ្ងៃអនាគត ដែលនឹងអាចរួមមានវិធានការណ៍មួយចំនួនបន្ថែមទៀតសម្រាប់ការកាត់បន្ថយការបញ្ចេញនូវប្រភេទឧស្ម័នពុលដទៃទៀតនៅក្នុងបរិយាកាសក្រៅតែពីឩស្ម័នកាបូនឌីអុកស៊ីត ដែលអាចរួមមានទាំងប្រភេទឧស្ម័នមេតានជាដើម ឱ្យបានផ្លែផ្កានៅត្រឹមបំណាច់ឆ្នាំ ២០៣០ ខាងមុខ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ ក៏គេមាននិយាយលើការសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការការពារ អភិរក្ស និងស្ដារឡើងវិញនូវធនធានធម្មជាតិ រួមទំាងប្រព័ន្ធកូឡូស៊ី ដែលរួមមានព្រៃឈើ និងប្រព័ន្ធជីវចម្រុះក្រោមទឹកដទៃទៀត មានតួនាទីជាអាងស្តុកទុកនូវឧស្ម័នផ្ទះកញ្ចក់លើភពផែនដី។
ការទទួលស្គាល់អំពីសារៈសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ចេញពីអវិជ្ជមានទៅដល់ដំណើរការសេដ្ឋកិច្ចនិងសង្គម ដែលអាចបណ្ដាលមកពីការអនុវត្តឡើងវិញនូវវិធានការណ៍ស្តីពីបរិស្ថាន។
ចំណុចទី៥៖ រៀនទទួលស្គាល់ការពិតទៅនឹងការប្រែប្រួលបរិយាកាស
ការកំណត់ចំណាំទៅលើចំណុចខ្វះខាតដែលមាននៅក្នុងដំណើរការគ្រប់គ្រងបរិស្ថាន រួមនិងកម្រិតដែលចំបាច់សម្រាប់ការកែតម្រូវ ដើម្បី ឆ្លើយតបទៅនិងទំហំនៃការគំរាមកំហែងដែលបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុនៅក្នុងពេលបច្ចប្បន្ន ឱ្យស្របទៅនឹងរបាយការណ៍វាយតម្លៃស្តីពីការបម្រែបម្រួលបរិស្ថានរបស់អង្គការសហប្រជាជាតិលើកទីប្រាំមួយ បានផ្សព្វផ្សាយកាលពេលថ្មីៗកន្លងទៅ។
ក្នុងនោះដែរ គេក៏មិនភ្លេចជម្រុញឱ្យបណ្ដាប្រទេសដែលពាក់ព័ន្ធគួរប្រកាន់យកវិធីសាស្រ្តសម្របខ្លួនដោយសន្សឹមៗ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ហើយនិងភាពរឹងមាំក្នុងការត្រៀមខ្លួនសម្រាប់ហេតុការណ៍គ្រោះមហន្តរាយធម្មជាតិដែលនឹងអាចកើតមានដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។
ម្យ៉ាងទៀតនៅក្នុងសេចក្តីថ្លែងហេតុដែរនោះ ក៏បានជម្រុញឱ្យបណ្ដាប្រទេសអភិវឌ្ឍន៍បង្កើនការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចការការពារបរិស្ថាន តាមរយៈការប្តេជ្ញាចិត្តកាត់បន្ថយការបំពុល ការផ្តល់ហិរញ្ញប្បទានគាំទ្រ ហើយនិងការចែករំលែកចំណេះដឹងនិងបច្ចេកវិទ្យានៅក្នុងការងារបរិស្ថានសម្រាប់ប្រទេសក្រីក្រ ដើម្បីជួយកសាងសមត្ថភាពសម្រាប់ពួកគេក្នុងការត្រៀមសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
អ្វីដែលសំខាន់នោះនៅក្នុងរបាយការណ៍ក៏បានគូសបញ្ជាក់អំពីតួនាទីរបស់ប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្នុ្ងងការគាំទ្រទៅលើគម្រោងមូលនិធិថវិកាពិសេសចំនួនពីរដែលទើបនិងត្រូវបានបង្កើតឡើងស្តីពីបញ្ហាបរិស្ថាន ដោយបង្ហាញការស្វាគមន៍ចំពោះការចួលរួមរបស់ពួកគេទៅតាមលទ្ធភាព និងផ្តោតការស្វែងរកប្រភពថវិកាសម្រាប់គម្រោងទាំងពីរនេះពីបណ្ដាប្រទេសដែលមានការអភិវឌ្ឍជឿនលឿន។
ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារ អភិរក្ស និងការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីក្រោមទឹកដែលរួមមានទន្លេ បឹង និងសមុទ្រហើយជម្រុញឱ្យភាគីពាក់ព័ន្ធគប្បីដាក់បញ្ចូលប្រភពទឹកទាំងនោះទៅក្នុងវិធានការបរិស្ថានរបស់ខ្លួន។
ចំណុចទី៦៖ បង្កើតមូលនិធិថវិកាសង្គហៈដោះស្រាយលើការខូចខាតបង្កមកពីបញ្ហាគ្រោះធម្មជាតិ
ដោយមើលឃើញអំពីផលប៉ះពាល់ធ្ងន់ធ្ងរដែលបានកើតឡើងនៅតាមបណ្ដាប្រទេសក្រីក្រមួយចំនួនក្នុងពិភពលោកចេញពីបញ្ហាប្រែប្រួលអាកាសធាតុ ស្របគ្នាទៅនឹងរបាយការណ៍វាយតម្លៃស្តីពីបរិស្ថានរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិលើកទី ៦ បានជម្រុញឱ្យក្រុមប្រទេសជាពាក់ព័ន្ធឯកភាពក្នុងការបង្កើតកញ្ចប់គម្រោងមូលនិធិថវិកាសម្រាប់ការប៉ះប៉ូវនិងសងជំងឺចិត្តលើការខូចខាតទៅលើប្រទេសដែលរងផលប៉ះពាល់ដោយសារតែគ្រោះមហន្តរាយធម្មជាតិ មានដូចជាគ្រោះទឹកជំនន់និងគ្រោះរំាងស្ងួតជាដើម។
នៅក្នុងខ្លឹមសារដដែលនោះ ក៏មិនភ្លេចរំលេចអំពីការទទួលស្គាល់លើផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបរិស្ថានដែលបង្កឡើងដោយបណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿងក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ និងកំពុងជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើបណ្តាប្រទេសក្រីក្រ និងប្រទេសដែលកំពុងអភិវឌ្ឍបង្កការខូចខាតដល់អាយុជីវិតមនុស្សនិងសេដ្ឋកិច្ចដ៏ច្រើនឥតគណនា។
លើសពីនោះទៅទៀតក្រុមប្រទេសទំាងឡាយដែលចូលរួមប្រជុំក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមផ្សេងៗពាក់ព័ន្ធទៅនឹងគម្រោងមូលនិធិថវិកាសម្រាប់ប៉ះប៉ូវនិងសងជំងឺចិត្ត ដើម្បីការរៀបចំប្រព័ន្ធដំណើរការមួយឡើងមានភាពត្រឹមត្រូវនិងច្បាស់លាស់សម្រាប់ថ្ងៃអនាគត សម្រាប់ឆ្លើយតបទៅនឹងការខូចខាតដែលនឹងបន្ដកើតមានឡើងនៅតាមបណ្ដាប្រទេសក្រីក្រក្នុងពិភពលោកដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុរបស់ផែនដី ឱ្យស្របទៅតាមស្មារតីរួមនៃនៃកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗស្តីពីបញ្ហាបរិស្ថាន។
ចំណុចទី៧៖ ការកសាងសមត្ថភាព ដើម្បីទប់ទល់នឹងស្ថានភាពបរិស្ថាន
នៅក្នុងកិច្ចប្រជុំនោះ សមាជិកចូលទំាងអស់ក៏បានទទួលស្គាល់អំពីចំណុចខ្វះខាត ហើយនិងតម្រូវការចំាបាច់របស់ក្រុមប្រទេសក្រីក្រត្រូវការសម្រាប់ការចូលរួមក្នុងការអនុវត្ដផែនការបរិស្ថានឱ្យបានពេញលេញ ដែលនឹងទាមទារឱ្យមានការគាំទ្រពីបណ្ដាប្រទេសដែលមានការអភិវឌ្ឍ ដើម្បីការកសាងនិងអភិវឌ្ឍន៍ខ្លួនរយៈពេលវែងក្នុងការពង្រឹងសមត្ថភាពសម្រាប់ការអនុវត្តកិច្ចការពារបរិស្ថានឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់លើក្របខណ្ឌសកលលោក។
ចំណុចទី៨៖ ចូលរួមទប់ស្កាត់ការបំពុលទឹកមហាសមុទ្រ
អ្វីដែលប្រាកដនិយមចេញពីកិច្ចប្រជុំនោះពោលគឺការជម្រុញលើកទឹកចិត្តដល់បណ្ដាប្រទេសដែលពាក់ព័ន្ធឱ្យធ្វើការពិចារណាដាក់បញ្ចូលបញ្ហាផ្ទៃសមុទ្រ ទៅក្នុងគោលនយោបាយបរិស្ថានជាតិរបស់ខ្លួន រួមនិងផ្តល់ការគាំទ្រសម្រាប់ការអនុវត្តឱ្យសម្រេចបាននូវគោលដៅបានដាក់ចេញ ដែលអាចរួមបញ្ចូលវិធានការជាតិផ្សេងៗជាការបេ្តជ្ញាចិត្តដើម្បីចូលរួមកាត់បន្ថយការបំពុល និងយុទ្ធសាស្រ្តរយៈពេលវែងក្នុងការគ្រប់គ្រងនិងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាកាស។
ចំណុចទី៩៖ អភិរក្សព្រៃឈើ
តាមបណ្តាញផ្សព្វផ្សាយនានាបានលើកឡើងថា ក្រុមប្រជាជាតិដែលចូលរួមត្រូវបានគេជម្រុញលើកទឹកចិត្តដល់ប្រទេសពាក់ព័ន្ធឱ្យពិចារណាលើដំណោះស្រាយសម្រាប់ការការពារធនធានធម្មជាតិ ឬវិធានការសម្រាប់ការអភិរក្សនិងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ដោយផ្អែកទៅលើសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីបរិស្ថានលើកទី ៥ ដែលបានដាក់ចេញសកម្មភាពការពារធនធានធម្មជាតិចំនួន ៥ ចំណុច ពោលគឺ ការការពារ អភិរក្ស ស្តារ និរន្តរភាពក្នុងការប្រើប្រាស់ ហើយនិងការគ្រប់គ្រង។
ចំណុចទី១០៖ ការពារវិស័យកសិកម្ម
ក្នុងនោះដែរ ក្រុមប្រទេសចូលរួមបានស្វាគមន៍ចំពោះការបង្កើតឡើងនូវក្រុមការងាររួមគ្នាមួយដែលមានរយៈពេល ៤ ឆ្នាំនៅក្រោយកិច្ចប្រជុំកំពូលទីក្រុង Sharm el-Sheikh ដែលនឹងផ្តោតលើការអនុវត្តសកម្មភាពស្តីពីបរិស្ថានសម្រាប់ការកាត់បន្ថយផលប៉ះពាល់ទៅលើវិស័យកសិកម្ម និងសន្តិសុខស្បៀងអាហារជាដើម៕
ស្រាវជ្រាវនិងប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ ឯកសារបរទេស
