ព័ត៌មានជាតិ

មន្ត្រីក្រសួងសង្គមកិច្ច អំពាវនាវដល់ពលរដ្ឋ បង្កើនការយល់ដឹងឱ្យបានកាន់តែច្រើនពាក់ព័ន្ធនឹងវិស័យពិការភាព និងរួមគ្នាចូលរួមទប់ស្កាត់រាល់អំពើហិង្សាលើស្ត្រី និងកុមារី ដែលមានពិការភាព

image


ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការយល់ដឹងឱ្យបានកាន់តែច្រើនពាក់ព័ន្ធទៅនឹងវិស័យពិការភាព ជាពិសេសរួមគ្នាចូលរួមទប់ស្កាត់នូវរាល់អំពើហិង្សាលើស្ត្រី និងកុមារី ដែលមានពិការភាព ធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាយើង ក្លាយជាប្រទេសមួយដែលមិនមានការប្រើប្រាស់អំពើហិង្សានៅក្នុងគ្រប់រូបភាព មិនថាសម្រាប់តែអ្នកដែលមានពិការភាពឬមួយក៏អ្នកដែលមិនមានពិការភាពនោះទេ ។

លោករដ្ឋលេខាធិការ មានប្រសាសន៍បែបនេះ ក្នុងពិធីវគ្គបណ្ដុះបណ្ដាលចំណេះដឹងមូលដ្ឋាននូភាពប្រទាក់ក្រឡានៃការអនុវត្តរវាងយេនឌ័រនិងពិការភាព និងជំនាញចចារដល់ស្ត្រីមានពិការភាព នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ លោករដ្ឋលេខាធិការ បានលើកឡើងយ៉ាងដូច្នេះថា៖ “ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានត្រួសត្រាយផ្លូវថ្មី និងស្វែងរកការបើកឱកាសកាន់តែច្រើនសម្រាប់ស្ត្រី និងកុមារី ដែលមានពិការភាពដើម្បីទទួលបានអត្ថប្រយោជន៍ពេញ លេញពីផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពរបស់យើងដូចជា ការបង្កើតឱកាសការងារដែលមានជំនាញសម្រាប់ស្ត្រី ការសម្របសម្រួលដល់សហគ្រិនស្ត្រីឱ្យទទួលបានហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ”។

ជាមួយគ្នានេះ ក៏ទទួលស្គាល់យ៉ាងច្បាស់ថាស្ត្រី និងកុមារី ដែលមានពិការភាពទូទាំងពិភពលោក បានជួបប្រទះបញ្ហាយេនឌ័រ ពិការភាព និង ភាពក្រីក្រទទួលរងនូវការមាក់ងាយ ការរើសអើង និង រងនូវអំពើហឹង្សាជាច្រើនរូបភាព បើប្រៀបធៀបទៅនឹងបុរសដែលគ្មានពិការភាពនិងស្ត្រីដែលគ្មានពិការភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នៅក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៩-២០២៣ ទិសដៅជាយុទ្ធសាស្ត្រទី៧ បានផ្តោតទាំងស្រុងទៅលើបញ្ហាយេនឌ័រ និងការបញ្ឈប់ការប្រើប្រាស់អំពើរហិង្សាលើស្ត្រី និងក្មេងស្រី ដែលមានពិការភាពទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសិទ្ធិរបស់ស្ត្រី និងកុមារីមានពិការភាព និងទប់ស្កាត់នូវរាល់គ្រប់ទម្រង់នៃវិសមភាពយេនឌ័រ៕

ដោយ៖ គង់ វណ្ណៈ