សង្គម

ក្រោយស្តារប្រឡាយ និងធ្វើផ្លូវបេតុងអមព្រែកជីកក្រុងកំពត ពលរដ្ឋរំពឹងថា នឹងផ្តល់ផលប្រយោជន៍ច្រើនក្នុងជីវភាពរស់នៅ

image


កំពត៖ ប្រឡាយព្រែកជីក ស្ថាបនារួចរាល់ជាស្ថាពរហើយ ដែលជាប្រឡាយរំដោះទឹកចេញពីក្រុងកំពតមួយយ៉ាងសំខាន់ សម្រាប់បញ្ជៀសការជន់លិចនារដូវវស្សា។ ប្រឡាយនេះត្រូវបានស្តារ និងស្ថាបនាឡើងវិញ ព្រមទាំងស្ថាបនាផ្លូវបេតុងអមប្រឡាយនេះប្រវែង ២.២៤២ម៉ែត្រ ផងដែរ។ មន្ត្រីជំនាញ និងប្រជាពលរដ្ឋ បានអះអាងថាប្រឡាយ និងផ្លូវបេតុងនេះ បានផ្តល់ផលប្រយោជន៍ច្រើនយ៉ាង ក្នុងការជួយលើកកម្ពស់សោភ័ណភាពក្រុង ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋ។

លោក តូច ច័ន្ទសិរីបុត្រ អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតមានសមិទ្ធិផលសំខាន់ៗជាច្រើនបានចាប់ផ្តើមលេចចេញជារូបរាងជាបណ្តើរៗ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងឆ្នេរជាច្រើនកន្លែងផងដែរ បាននិងកំពុងស្ថាបនា។ ក្នុងចំណោមនោះ គម្រោងស្តារ និងស្ថាបនាព្រែកជីកភូមិតាអេង ក្នុងក្រុងកំពត និងការសាងសង់ផ្លូវបេតុងអមព្រែកជីកនេះ ក៏បានសាងសង់រួចរាល់ជាស្ថាពរហើយដែរ។ ប្រឡាយ និងផ្លូវស្អាតនេះ អាចបញ្ចៀសទឹកជំនន់ ព្រមទាំងសម្រួលដល់ការធ្វើដំណើ និងបញ្ចៀសការកកស្ទះពេលមានបុណ្យទាន នឹងអាចផ្តល់ឱកាសបង្កើតមុខរបសឱ្យពលរដ្ឋនៅសងខាងផ្លូវនេះ។

ប្រជាពលរដ្ឋរស់នៅជាប់ផ្លូវប្រឡាយព្រែកជីក ក្នុងភូមិតាអេង បានលើកឡើងថា ពួកគាត់មានចិត្តសប្បាយរីករាយ និងត្រេកអរយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា ព្រែកជីកដែលពីមុនសុទ្ធតែព្រៃ ភក់ សំរាម មានក្លិនស្អុយ គ្មានផ្លូវធ្វើដំណើរ ប្រែមកជាប្រឡាយទឹក និងមានផ្លូវបេតុងអមសង់ខាងយ៉ាងស្អាតដូចនេះទេ។ ពួកគាត់បានបញ្ជាក់ថា ផ្លូវនិងប្រឡាយនេះ និងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ពួកគាត់ក្នុងការប្រកបរបររកស៊ី ពិសេសជួយសម្រួលជីវភាពរស់នៅរបស់ពួកគាត់ ហើយប្រឡាយនេះនឹងផ្លាស់ប្តូរមុខមាត់ក្រុងកំពតឱ្យកាន់តែមានសោភ័ណ្ឌភាពថែមទៀត។

សូមបញ្ចាក់ថា គម្រោងស្តារ និងស្ថាបនាប្រឡាយប្រឡាយព្រែកជីកភូមិតាអេង និងសង់ផ្លូវបេតុងអមព្រែកនេះ ជាផ្នែកមួយនៃគម្រោងប្រព័ន្ធទឹកកខ្វក់ ជាមួយនឹងប្រព័ន្ធប្រមូលរំដោះទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តកំពត។ បច្ចុប្បនគម្រោងទាំងមូល ស្ថិតក្រោមកញ្ចប់ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហើយគម្រោងនេះសម្រេចបានជាង ៧០ភាគរយហើយ៕

ដោយ៖ វង្ស សុធារម្យ