វិទ្យាសាស្រ្ត៖ តើប្រភពទឹកនៅលើភពផែនដីកកើតដំបូងចេញមកពីអ្វី?
អង់គ្លេស៖ យើងទាំងអស់គ្នាច្បាស់លាស់ធ្លាប់ងឿងឆ្ងល់ថា តើដំណក់ទឹកដំបូងគេបង្អស់នៅលើភពផែនដីយើងនេះកកើតឡើងចេញមកពីប្រភពណា? បើតាមលទ្ធផលសិក្សាស្រាវជ្រាវថ្មីមួយទៅលើដុំអាចម៍ផ្កាយក្នុងទីអវកាស បានធ្លាក់ចុះមកលើភពផែនដីក្នុងប្រទេសអង់គ្លេសកាលពីឆ្នាំ ២០២១ កន្លងទៅនេះ បានផ្តល់តម្រុយមួយចំនួនដែលគួរចាប់អារម្មណ៍ដែលនឹងអាចធើ្វការបកស្រាយចម្ងល់ខាងលើនេះបាន។
ក្រុមអ្នកស្រាវជ្រាវមកពីសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៅទីក្រុងឡុងដ៍ ហើយនិងសកលវិទ្យាល័យ Glasgow ក្នុងដែនដីស្កុតឡែន បានរកឃើញថា ដុំថ្មក្នុងទីអវកាសដែលបានធ្លាក់មកក្នុងទីប្រជុំជន Winchcombe នៃតំបន់ Gloucestershire ភាគនិរតីប្រទេសអង់គ្លេសនោះ គឺមានផ្ទុកនូវសារធាតុរាវដែលស្រដៀងគ្នាទៅនឹងអ្វីដែលមាននៅលើផែនដី។
ពាក់ព័ន្ធទៅនឹងការរកឃើញនេះដែរ ត្រូវបានលោក Luke Daly ជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវមួយរូប និងជាសាស្ត្រាចារ្យផ្នែកភូគព្ភវិទ្យានៅសកលវិទ្យាល័យ Glasgow បានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា "លទ្ធផលសិក្សាស្រាវជ្រាវខាងលើ បានផ្តល់ជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទិដ្ឋភាពដំបូងនៃចក្រវាឡក្នុងប្រព័ន្ធព្រះអាទិត្យ ពោលគឺនៅពេលព្រះអាទិត្យនៅមិនទាន់មានភពដទៃទៀតធើ្វដំណើរវិលជុំវិញឡើយ" ។
លទ្ធផលសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកជំនាញខាងលើនេះ ត្រូវបានគេចុះផ្សាយនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្រ្ត (Science Advances) កាលពីថ្ងៃពុធកន្លងទៅនោះ បានបង្ហាញថា ដុំថ្មក្នុងទីអវកាសមួយចំនួន គឺមានផ្ទុកទៅដោយសមាសធាតុគីមីសំខាន់ៗដូចជាទឹកជាជើម ហើយសមាសធាតុគីមីទាំងនោះ ត្រូវបាននាំមកកាន់ភពផែនដីដោយសារតែកម្ទេចកំទីថ្មអវកាសរួមនិងអាចម៍ផ្កាយ បានធ្លាក់ចុះមកអស់រយៈពេលជាច្រើនពាន់លានឆ្នាំ ហើយបានប្រមូលផ្តុំបង្កើតបានទៅជាប្រភពទឹកដែលពោរពេញទៅដោយសារធាតុរ៉ែបង្កលក្ខខណ្ឌអំណាយផលសម្រាប់ការកកើតឡើងនូវសរីរាង្គមានជីវិតល្អិតតូចៗ (Microscopic organisms) ជាធាតុផ្សំពិសេសសម្រាប់ការវិវត្តឡើងជាភាវៈរស់មានជីវិតធំៗដទៃទៀតនៅលើភពផែនដីយើងនេះ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ CNN


