ព័ត៌មានជាតិ

៩ខែឆ្នាំ២០២២ នៅខេត្តសៀមរាប អត្រាគ្រោះថ្នាក់ចរាចរណ៍ និងស្លាប់មានការកើនឡើងគួរឱ្យបារម្ភ ជាពិសេសរយៈពេល១៥ថ្ងៃក្នុងខែវិច្ឆិកា

image


សៀមរាប៖ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងចំនួនស្លាប់មានការកើនឡើងគួរឱ្យព្រួយបារម្ភនៅក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២ ជាពិសេសរយៈពេល១៥ថ្ងៃក្នុងខែវិច្ឆិកាឆ្នាំ២០២២នេះ ។ នេះបើយោងតាម ការលើកឡើងរបស់លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា។

មានប្រសាសន៍នៅក្នុងសិក្ខាសាលាពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដែលធ្វើនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកស្រី មឹន មាណវី បានថ្លែងថា បន្ទាប់ពី រាជរដ្ឋាភិបាលទទួលជោគជ័យក្នុងការគ្រប់គ្រងទប់ស្កាត់បាននូវការរីករាលដាលជំងឺកូវីដ-១៩ និងបានបើកប្រទេសឡើងវិញលើគ្រប់វិស័យតាំងពីខែតុលាឆ្នាំ២០២១នោះ ការធ្វើចរាចរណ៍ទូទាំងប្រទេស ក៏ចាប់ផ្ដើមមានភាពមមាញឹកយ៉ាងខ្លាំង ហើយស្ថានភាពគ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ខែដើមឆ្នាំ២០២២នេះ មានសភាពធ្ងន់ ដោយចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២១ គឺគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២.២៨៦លើក កើនឡើង២១% អ្នកស្លាប់ចំនួន១.៣៤២នាក់កើនឡើង២៧%អ្នករបួសធ្ងន់ ២០០៤នាក់ កើន២៨% របួសស្រាល២៣៩១នាក់កើន១៤%។

បើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ គិតត្រឹមរយៈពេល១៥ថ្ងៃក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ មានអ្នកស្លាប់ចំនួន ៧០នាក់ បើធៀបនឹង ១៥ថ្ងៃ នៃខែតុលាឆ្នាំ២០២២ នេះដែល មានត្រឹម៤៦នាក់ កើន២៤នាក់ ស្មើ៥២% ។ដែលចំនួនអ្នកស្លាប់ឡើនឡើងគួរឱ្យព្រួយបារម្ភ។

លោកស្រីបានបន្តថា គ្រោះថ្នាក់ចរាចរណ៍ដែលមានសភាពធ្ងន់បណ្តាលឱ្យបាត់បង់ ជីវិតមនុស្ស ឬរបួសពិការយ៉ាងអាណោចអាធ័ម រួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន យ៉ាងច្រើន បន្សល់ទុកនូវកូនកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើន លើសង្គមកម្ពុជា និងសង្គមជាតិនានាទូទាំងពិភពលោក រួមទាំងប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការនៃការដឹកជញ្ជូន ដែលជាដង្ហើមរស់របស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ដូច្នេះហើយទើប អង្គការសហប្រជាជាតិបាន ផ្ដល់អនុសាសន៍ឱ្យគ្រប់ប្រទេសជាសមាជិកដាក់ចេញនូវផែនការទស្សវត្យចរាចរណ៍លើកទី១ពីឆ្នាំ២០១១ ដល់២០២០ ដោយតម្រូវឱ្យខិតខំកាត់បន្ថយយ៉ាងណាឱ្យបាន៥០% ដែលសម្រាប់កម្ពុជាគឺ ប្រមាណ ៧.៣៥០នាក់ នៃចំនួនប៉ាន់ស្មានរួម១៤.៧០០នាក់។ប៉ុន្តែកម្ពុជាកាត់បន្ថយបានតែ ជាង៤.៧២០នាក់ ស្មើនឹង៦៤% នៃ៥០% ប៉ុន្តែបើធៀបនឹង ចំនួនសរុបរួមគឺបានតែ ៣១%តែប៉ុណ្ណោះ៕