ព័ត៌មានអន្តរជាតិ

អត្ថបទឈ្វេងយល់៖ តើស្ត្រីជាមេដឹកនាំកំពូលណាខ្លះ បានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នំា ២០២២ នៅកម្ពុជា ហើយមានសាវតារយ៉ាងដូចម្តេច?

image


ព្រះរាជាណាចក្រកម្ពុជា៖ កាលពីរសៀលថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកាកន្លងមក ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិអន្តរជាតិ និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុក ក្នុងពិធីមួយដែលរៀបចំឡើង ដោយក្លឹបអ្នកកាសែតកម្ពុជាថា សម័យប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ ដែលត្រូវប្រារព្ធធ្វើឡើង នៅរាជធានីភ្នំពេញ ខណៈដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ឬ ប្រធានអាស៊ានប្តូរវេននេះ មានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រធានស្ថាប័នអន្តរជាតិនានា ចំនួន ៣៤ ក្នុងនោះ មានស្តី្រ ៣រូប ដែលក្នុងនោះរួមមាន មួយរូបជានាយករដ្ឋមន្ត្រី ណូវែលសេឡង់ ។ មួយរូបទៀតជាប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ និងទី៣គឺជា ប្រធាន ESCAP ឬ ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសហប្រជាជាតិ។ CNC យើងខ្ញុំនាំយកមកជូននូវជីវប្រវត្តិសង្ខេបខ្លះៗនៃវីរស្ត្រីទាំង៣រូប ជូនអស់លោកដូចតទៅ៖
១. នាយករដ្ឋមន្ត្រីណូវែលសេឡង់
លោកជំទាវ Jacinda Ardern នាយករដ្ឋមន្ត្រីណូវែលសេឡង់៖
លោកជំទាវនាយករដ្ឋមន្ត្រី មានឈ្មោះពេញថា Jacinda Kate Laurell Ardern ប្រសូតិនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ១៩៨០ នៅទីក្រុង Hamilton ប្រទេសណូវែលសេឡង់ លោកជំទាវជាកូនស្រីទី២ ក្នុងត្រកូលគ្រួសារកាន់សាសនាគ្រិស្តនិកាយម៉មន (Mormon) កាលពីក្មេង លោកជំទាវ បានរស់នៅតំបន់មួយដែលប្រជាពលរដ្ឋភាគច្រើនជាប្រជាពលរដ្ឋជនជាតិភាគតិច ធ្វើសកម្មភាពតាមបែបជនសង្គមងងឹត នៅទីនោះ គាត់បានឃើញមនុស្សដើរដោយជើងទទេ និងគ្មានម្ហូបហូបគ្រប់គ្រាន់ ឪពុករបស់លោកជំទាវ ជាមន្ត្រីរដ្ឋការខាងច្បាប់ ហើយកាលពីឆ្នាំ២០១៤ ឪពុកគាត់បានក្លាយជាអភិបាលនៃដែនកោះមួយ នៃភាគអាគ្នេយ៍រដ្ឋធានី អកឡែន (Aukland) ដែលនៅទីនោះ ឪពុកម្តាយគាត់បានបញ្ជូនគាត់ឱ្យទៅរៀននៅបឋមសិក្សា និង មធ្យមសិក្សា បន្ទាប់មក លោកជំទាវបានប្រលងចូលរៀននៅសកលវិទ្យាល័យ Waikato នាឆ្នាំ១៩៩៩។ ក្រោយមកទៀត លោកជំទាវទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែក សារគមនាគមន៍ នៅពេលនោះហើយ ដែលបានចូលរួមជាសមាជិកគណបក្សពលករនៅឆ្នាំ១៩៩៩ ក្នុងអាយុ ១៧ ឆ្នាំ លោកជំទាវ បានខិតខំប្រឹងប្រែងធ្វើការបម្រើបក្សពលករ ដោយបានឡើងតំណែងក្នុងគណបក្សជាបន្តបន្ទាប់ រហូតបានក្លាយជាមន្ត្រីផ្លូវការ ក្នុងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី Helen Clark និង បានទទួលតំណែងជាស្ត្រីលំដាប់ទី២ ក្នុងចំណោមវីរជននយោបាយ និងជាគរុគណផង។
នៅឆ្នាំ២០០៥ លោកជំទាវ Jacinda បានបំពេញទស្សកិច្ចផ្លូវការជាច្រើននៅឯក្រៅប្រទេស ដូចជាទៅប្រទេសអង់គ្លេស ធ្វើការបម្រើកិច្ចការកុមារ និងមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយគណបក្សពលករអង់គ្លេស ដែលមានលោកនាយករដ្ឋមន្ត្រី Tony Blair ជានាយករដ្ឋមន្ត្រីអង់គ្លេស។ នៅឆ្នាំ២០០៧ លោកជំទាវ ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសហភាពយុវជនសង្គមនិយមអន្តរជាតិ (IUSI) ក្នុងមុខតំណែងនេះ លោកជំទាវបានអញ្ជើញទៅបំពេញកិច្ចការងារជាច្រើននៅក្រៅប្រទេសមានដូចជា អាល់ស៊ីរី ចិន ឥណ្ឌា អ៊ីស្រាអែល ហ្ស៊កដានី និងលីបង់។ នៅឆ្នាំ២០០៨ លោកជំទាវ ត្រូវបានគណបក្សពលករតែងតាំងជាបក្ខជនតំណាងរាស្ត្រ Waikato ពេលនោះ លោកជំទាវទទួលបានសន្លឹកឆ្នោត ១ ម៉ឺន ៣ពាន់ សម្លេង ជាសម្លេងនាំមុខគេ លើសគណបក្សនានា និង បានក្លាយទៅជា សមាជិកសភា ឬតំណាងរាស្ត្រនៃប្រទេសណូវែលសេឡង់ លោកជំទាវបានខិតខំបម្រើប្រទេសជាតិ ក្នុងក្របខណ្ឌជាមន្ត្រីនៃគណបក្សពលករ និង បានឡើងតំណែងជាបន្តបន្ទាប់ ក្នុងឆ្នាំ២០១៧ លោកជំទាវ ត្រូវបានគណបក្សពលករបោះឆ្នោតជ្រើសតាំងជាថ្នាក់ដឹកនាំគណបក្សគណបក្សនេះ។
គណបក្សពលករបានឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំ២០១៧ ហើយនៅខែតុលា ឆ្នាំ២០១៧ដដែល លោកជំទាវ បានក្លាយទៅជានាយករដ្ឋមន្ត្រីជាស្រ្តីដំបូង និងវ័យក្មេងជាងគេបំផុត ក្នុងអាយុ ៣៧ ឆ្នាំ ក្នុងចំណោមនាយករដ្ឋមន្ត្រីណូវែលសេឡង់ ចាប់តាំង៥០ ឆ្នាំកន្លងមក។ លោកជំទាវ មានស្វាមី ឈ្មោះ Clarke Gayford ជាពិធីករទូរទស្សន៍ដ៏ល្បីល្បាញ នៅប្រទេសណូវែលសេឡង់ ហើយមានកូនប្រុសម្នាក់ឈ្មោះ Neve Te Aroha ។
២. ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកជំទាវ Kristalina Georgieva កើតនៅក្នុងទីក្រុង សូហ្វីយ៉ា ប្រទេស ប៊ុលហ្គារី ក្នុងខែសីហា ឆ្នាំ ១៩៥៣ លោកជំទាវ Georgieva ទទួលបានសញ្ញាបណ្ឌិត ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច និង អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនយោបាយ និង សង្គមវិទ្យា មកពីសាកលវិទ្យាល័យ National and World Economy នៅទីក្រុង សូហ្វីយ៉ា ដែល ជា កន្លែង ដែល លោកស្រី ធ្វើការងារជា សាស្ត្រាចារ្យ នៅ ចន្លោះ ឆ្នាំ ១៩៧៧ ដល់ ឆ្នាំ ១៩៩៣។
លោកជំទាវ Kristalina Georgieva បច្ចុប្បន្ន បម្រើការជានាយិកាគ្រប់គ្រងនៃអង្គការមូលនិធិ រូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF) ជាតំណែង ដែលលោកជំទាវ ត្រូវបានជ្រើសរើស នៅ ថ្ងៃ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩ ដោយបានចូលបម្រើ ការងារនៅថ្ងៃ ទី ១ ខែ តុលា ឆ្នាំ ២០១៩។
មុនចូលរួមក្នុង អង្គការ IMF លោកស្រី Georgieva គឺ ជា នាយិកា ប្រតិបត្តិ នៃ ធនាគារ ពិភព លោក ចាប់ពី ខែ មករា ឆ្នាំ ២០១៧ ដល់ ខែ កញ្ញា ឆ្នាំ ២០១៩ ក្នុង អំឡុង ពេល នោះ លោកជំទាវ ក៏ បានចូលបម្រើការងារ ជាប្រធាន បណ្តោះ អាសន្ន នៃ World Bank Group រយៈពេល ៣ ខែ ផង ដែរ។
លោកជំទាវ Georgieva បាន ជួយ បង្កើត របៀបវារៈរបស់សហភាព អឺរ៉ុប ខណៈ កំពុង បម្រើ ការងារ ជា អនុប្រធានគណៈកម្មការអឺរ៉ុបសម្រាប់ ថវិកា និង ធនធានមនុស្ស។ នៅ ក្នុង សមត្ថ ភាព នេះ លោកជំទាវ បានត្រួតពិនិត្យថវិកា (១៦១ ពាន់ លានអឺរ៉ូ) របស់សហភាព អឺរ៉ុបឬស្មើនឹង (១៧៥ ពាន់លានដុល្លារអាម៉េរិក ) និង បុគ្គលិក ៣៣,000 នាក់ ព្រមទាំង ការឆ្លើយតប របស់ សហ ភាព អឺរ៉ុប ចំពោះវិបត្តិបំណុល តំបន់ អឺរ៉ុប និង វិបត្តិជន ភៀសខ្លួន ឆ្នាំ ២០១៥ ។ មុននោះ លោកជំទាវគឺ ជា ស្នងការសម្រាប់កិច្ច សហ ប្រតិបត្តិ ការ អន្តរ ជាតិ ជំនួយ មនុស្ស ធម៌ និងការឆ្លើយតបវិបត្តិ គ្រប់ គ្រង ថវិកា ជំនួយ មនុស្ស ធម៌ ដ៏ ធំ បំផុត មួយក្នុងពិភពលោក។ លោកជំទាវ មានស្វាមីឈ្មោះ Kino Kinov ជាមួយកូនប្រុសម្នាក់ ឈ្មោះ Desislava Kinova។
៣. លោកជំទាវ Armida Salsiah Alisjahbana លេខាធិការិនីប្រតិបត្តិក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសហប្រជាជាតិ ប្រចាំតំបន់អាស៊ី និង ប៉ាស៊ីហ្វិក
លោកជំទាវ Armida កើតថ្ងៃទី ១៦ ខែសីហា ឆ្នាំ១៩៦០ នាទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូស៊ី។ លោកស្រីមាន ស្វាមី ឈ្មោះ Andi Alisjahbana និង មានកូនចំនួន ២រូប មួយឈ្មោះ Arlisa Alisjahbana និង ម្នាក់ទៀត ឈ្មោះ Ariana Alisjahbana ។
លោកជំទាវ Armida គឺជាបុត្រីរបស់លោក Mochtar Kusumaatmadja ជាអតីតរដ្ឋមន្ត្រីកិច្ចការច្បាប់ និង កាន់តំណែងជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឥណ្ឌូណេស៊ី ចាប់ពីឆ្នាំ១៩៧៣ ដល់ ឆ្នាំ១៩៨៨។
លោកជំទាវ Armida ត្រូវបានតែងតាំងដោយលោក អគ្គលេធិការនៃអង្គការសហប្រជាជាតិ Antonio Guterres កាលពីថ្ងៃទី ១៣ ខែកញ្ញា ២០១៨ ក្នុងមុខតំណែងជាលេខាធិការិនីប្រតិបត្តិក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសហប្រជាជាតិ ប្រចាំតំបន់អាស៊ី និង ប៉ាស៊ីហ្វិក ហៅកាត់ថា (ESCAP)។
និយាយពីការការសិក្សាវិញ លោកជំទាវ Armida បានបញ្ចប់ការសិក្សាដោយបានទទួលសញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ ពីសាកលវិទ្យាល័យ Universitas Indonesia និង អនុបណ្ឌិតផ្នែក សេដ្ឋកិច្ចពីសកលវិទ្យាល័យ Northwestern University សហរដ្ឋអាម៉េរិក ។ មិនតែប៉ុណ្ណោះក៏បានទទួលសញ្ញាបណ្ឌិតផ្នែកសេដ្ឋកិច្ច ពីសកលវិទ្យាល័យ Washington សហរដ្ឋអាម៉េរិកផងដែរ។ លោកជំទាវ Armida បានទទួលពានរង្វាន់កិត្តិយសថា្នក់ Mahaputra Adipradana ពីសាធារណរដ្ឋឥណ្ឌូណេស៊ី ជាពានរង្វាន់កិត្តិយសមកពីកងទ័ពជើងទឹកឥណ្ឌូណេស៊ី ។

ស្រាវជ្រាវនិងប្រែសម្រួល៖ ខៀវ កូឡា
វាយអត្ថបទ៖ កែវ សៀកលីន
ប្រភព៖ ឯកសារបរទេស