ព័ត៌មានជាតិ

ថៃផ្តល់កម្ចី ៣០លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧

image



ភ្នំពេញ៖ កម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ដែលមានទឹកប្រាក់សរុបចំនួន ៩៨៣លានបាត ត្រូវនឹងប្រមាណ ៣០លានដុល្លារអាមេរិក នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃសុក្រទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ភាគីខាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងភាគីខាងរាជរដ្ឋាភិបាលថៃ តំណាងដោយលោក Perames Vudthitornetiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសជិតខាង (NEDA)។

លោក Perames Vudthitornetiraks បានមានប្រសាសន៍ថា បច្ចុប្បន្ន NEDA កំពុងដើរតួនាទីជាដៃគូអភិវឌ្ឍន៍ដ៏សកម្មមួយរបស់កម្ពុជា ដោយផ្តោតសំខាន់ទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលដៅពន្លឿនការតភ្ជាប់រវាងប្រទេសទាំង២ ឱ្យកាន់តែប្រសើរឡើង ហើយផ្លូវជាតិលេខ ៦៧ នេះ គឺជាច្រកមួយដ៏សំខាន់ ក្នុងការបម្រើឱ្យគោលដៅនេះ។

លោកប្រធាន NEDA ក៏បានបន្តទៀតផងដែរថា ក្រៅអំពីកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ NEDA ក៏មានបំណងបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យផ្សេងៗទៀតផងដែរនាពេលអនាគត រួមមាន៖ កិច្ចសហប្រតិបត្តិការលើវិស័យរចនាសម្ព័ន្ធរូបវ័ន្តសាធារណ: ថាមពល សុខាភិបាល និងការអភិវឌ្ឍទីក្រុងជាដើម។

លោក វង្សី វិស្សុត បានសម្តែងនូវក្តីសោមន្សរីករាយ ដែលរាជរដ្ឋាភិបាលថៃបានអនុម័តឥណទានសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ព្រោះថាផ្លូវជាតិលេខ៦៧នេះ គឺជាច្រកដ៏សំខាន់មួយ ក្នុងការតភ្ជាប់ប្រទេសកម្ពុជា និងប្រទេសថៃ ដោយតភ្ជាប់ខេត្តសៀមរាប និងភាគខាងជើងនៃប្រទេសកម្ពុជា ទៅនឹងខេត្តស៊ីសាកេត និងភាគឦសាននៃប្រទេសថៃ។

លោកបានបញ្ជាក់ថា ការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវដ៏សំខាន់នេះ នឹងជួយធ្វើឱ្យការធ្វើចរាចរណ៍ និងការដឹកជញ្ជូនឱ្យកាន់តែប្រសើរឡើង ហើយកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងចំណាយតិចជាងមុន ដែលនឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន និងជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងអាចផ្តល់ជាឱកាសវិនិយោគ និងធុរកិច្ច និងចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋទាំងពីរប្រទេសផងដែរ។ ជាងនេះទៅទៀត ផ្លូវនេះនឹងមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជា និងជាមួយប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការតភ្ជាប់ក្នុងតំបន់នៅក្នុងតំបន់ GMS និងអាស៊ានផងដែរ។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបន្តថា ផ្លូវជាតិលេខ ៦៧ ធ្លាប់ត្រូវបានស្តារ និងសាងសង់ឡើងវិញ ក្រោមហិរញ្ញប្បទានសម្បទានរបស់រាជរដ្ឋាភិបាលថៃ នៅឆ្នាំ២០០៦ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅខែកក្កដា ឆ្នាំ២០០៩។ បន្ទាប់ពីបានដាក់ប្រើប្រាស់ជាងមួយទសវត្សរ៍ ផ្លូវនេះពិតជាត្រូវការ ជួសជុល និងកែលម្អឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍកម្ពុជានាពេលបច្ចុប្បន្ន។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីភាពជាអ្នកជិតដ៏ល្អរវាងកម្ពុជា-ថៃ ដែលមានព្រពៃណីទំនាមទំម្លាប់ស្រដៀងគ្នាប៉ុណ្ណោះទេ តែក៏ជាដៃគូដ៏ល្អផងដែរ។ គិតត្រឹមឆ្នាំ២០២២ រាជរដ្ឋាភិបាលថៃបានផ្តល់ឥណទានសម្បទានដល់កម្ពុជាសរុបចំនួន ៣.០១៩លានបាត ដែលស្មើនឹងប្រមាណ ៨៦លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងចំនួន ០៣ ក្នុងនោះ គម្រោងសាងសង់ផ្លូវឆ្លងកាត់ស្ទឹងបត់ និងផ្លូវចូលទៅកាន់គម្រោងផ្លូវជាតិលេខ៥ ដែលកំពុងដំណើរការ និងគម្រោងស្តារផ្លូវជាតិលេខ៦៧នេះផងដែរ៕
អត្ថបទ៖ចេង ឆហួត