រថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាន និងឧបករណ៍បច្ចេកទេសទំនើបថ្មីៗមួយចំនួន ត្រូវបានក្រសួងសាធារណការ បញ្ជាទិញមកប្រើប្រាស់ ដើម្បីត្រួតពិនិត្យ និងថែទាំស្ពាន ឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព
កកណ្តាល៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែវិច្ឆិកា បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពគុណភាពស្ពានព្រែកតាមាក់ ដោយប្រើប្រាស់រថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាន រ៉ូបូតត្រួតពិនិត្យខ្សែកាបស្ពាន និងឧបករណ៍ត្រួតពិនិត្យលំញ័រ ស្ពានផងដែរ។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្ដែងរបស់ស្ពានព្រែកតាមាក់ ក៏ដូចជាដើម្បីបង្ហាញពីរបៀបប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍បច្ចេកទេសថ្មីៗ ជូនទៅកាន់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធសំដៅពង្រឹង និងពង្រីកបន្ថែមលើសមត្ថភាពការងារថែទាំ ហេដ្ឋារចនាសម្ព័ន្ធស្ពាននៅទូទាំងប្រទេស។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា ការប្រើប្រាស់រថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាននេះ បានផ្តល់នូវភាពងាយស្រួល និងមានភាពសុក្រឹត្យជាងការចុះពិនិត្យមើលបាតស្ពានកាលពីពេលកន្លងមកដែលដោយគ្មានឧបករណ៍ប្រភេទនេះ និងបានបញ្ជាក់បន្ថែម ថា៖ រថយន្តដែលបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពានប្រភេទនេះ មានលក្ខណៈទំនើប មានសមត្ថភាពខ្ពស់អាចផ្ទុកមនុស្សបានប្រមាណ១០នាក់សម្រាប់ការចុះទៅពិនិត្យមើលបាតស្ពាន៕










