លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជា ស្វាគមន៍ និងបើកទូលាយចំពោះការបណ្តាក់ទុនវិនិយោគពីបរទេសលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដឹកជញ្ជូន និងភស្តុភារកម្ម

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន បានអនុញ្ញាតឱ្យលោក Laurent OLMETA នាយកប្រតិបត្តិក្រុមហ៊ុន CMA CGM Asia Pacific Limited ចូលជួបពិភាក្សាការងារ។
បើតាមក្រសួងសាធារណការ បានឱ្យដឹងថា ជំនួបពិភាក្សាការងារនេះ បានផ្តោតជាសំខាន់លើវិស័យដឹកជញ្ជូនតាមផ្លូវទឹក កំពង់ផែ វិស័យភស្តុភារកម្មនៅកម្ពុជា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ដែលកំពុងមានមានការរីកចម្រើនគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ។
ក្នុងជំនួប លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតភ្នំពេញ ការពង្រីកចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ ការងារសាងសង់កំពង់ផែពហុបំណងខេត្តកំពត គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាជីកព្រែកតភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែប គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានសាងសង់រួចរាល់និងបានបញ្ចប់ការដាក់ឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលកំពុងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលខាងមុខនេះ។
ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា វិស័យដឹកជញ្ចូន និងភស្តុភាកម្មនៅកម្ពុជាកំពុងតែមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស សក្តិសមសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស(FDI) ហើយកម្ពុជាសូមស្វាគមន៍យ៉ាងពេញទំហឹង និងបើកទូលាយចំពោះការវិនិយោគពីបរទេស៕
