ផ្សារភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីលោកស៊ីជីងពីងត្រូវបានជ្រើសឱ្យបន្ដក្តាប់អំណាចអាណត្តិទី៣ថែមទៀត
ចិន៖ ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ៗក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងប្រមាណជាង ១០% កាលពីថ្ងៃចន្ទម្សិលមិញ ក្រោយពីសមាជបក្សកុម្មុយនិស្តចិនបានបញ្ចប់ទៅ ដោយបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងជាថ្មីម្តងទៀតសម្រាប់លោកប្រធានាធិបតី Xi Jinping ក្នុងការបន្តដឹកនាំប្រទេសចិននៅក្នុងអាណត្តិទី ៣ សម្រាប់រយៈពេល ៥ បន្ដទៀត ដែលនេះបានធើ្វលោកក្លាយជាមេដឹកនាំចិនមួយរូបដែលមានឥទ្ធិពលបំផុតបន្ទាប់ពីលោកម៉ៅ សេទុង។ ការក្តោបក្តាប់អំណាចយ៉ាងរឹងមាំនៅក្នុងដៃរបស់លោកប្រធានាធិបតីស៊ីជីងពីងនៅពេលនេះ បានធើ្វឱ្យក្រុមអ្នកវិនិយោគមួយចំនួនបង្ហាញក្តីបារម្ភចំពោះផលអវិជ្ជមានដែលនឹងអាចកើតឡើងទៅដល់វិស័យក្រុមហ៊ុនឯកជននៅក្នុងប្រទេសចិន។
គួរបញ្ជាក់ដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនអាលីបាបា (Alibaba) និងធិនហ្សេន (Tencent) បានធ្លាក់ចុះប្រមាណជា ១១% នៅក្នុងតំបន់អាស៊ី ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាប្រព័ន្ធអ៊ីនធឺណិត បៃឌូ (Baidu) បានធ្លាក់ចុះជាង ១២% រួមនិងក្រុមហ៊ុនលក់ទំនិញអនឡាញមេទូអាន (Meituan) បានធ្លាក់ចុះដល់ទៅជាង ១៤%ឯណោះ។
ពាក់ព័ន្ធទៅនឹងស្ថានការណ៍វិវត្តនយោបាយនៅក្នុងប្រទេសចិននេះដែរ ត្រូវបានលោក Xin Sun ជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកធុរកិច្ចប្រទេសចិននិងតំបន់អាស៊ីបូព៌ានៅឯមហាវិទ្យាល័យ King ក្នុងទីក្រុងឡុងដ៍ បានលើកឡើងថា ការបន្ដកើនឡើងនូវឥទ្ធិពលអំណាចរបស់លោកស៊ីជីងពីងនៅក្នុងជួរថ្នាក់ដឹកនាំប្រទេសចិននាពេលនេះ នឹងធើ្វឱ្យក្រុមមន្រ្តីតូចតាចដទៃទៀតខ្លាចរអានៅក្នុងការសម្តែងមតិរិះគន់ណាមួយទៅលើគោលនយោបាយដឹកនាំរបស់លោកនៅថ្ងៃអនាគត បើទោះបីជាវាមានលក្ខណៈមិនសមប្រកបទៅនឹងសភាពជាក់ស្តែងយ៉ាងណាក្តី នេះគឺជាហានិភ័យមួយសម្រាប់ក្រុមវិនិយោគិននៅពេលដែលស្ថានការណ៍សេដ្ឋកិច្ចក្នុងប្រទេសមួយនេះអាចនឹងប្រែប្រួលបានគ្រប់ពេលវេលាទំាងអស់៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ CNBC



