សម្ពោធផ្លូវមួយខ្សែជិត ៤ពាន់ម៉ែត្រ ជាសៀគ្វីតភ្ជាប់ទេសចរណ៍រវាងភូមិពលរដ្ឋ និងតំបន់ភ្នំវល្លិ៍

កែប៖ ផ្លូវមួយខ្សែមានប្រវែង ៣.៧៥០ម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមថវិការបស់រាជរដ្ឋាភិបាល និងជំនួយឥតសំណងរបស់គម្រោង គូសាណូណិ របស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ជាអតីតផ្លូវលេខ ១៣៣៣អា ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ដោយផ្លូវមួយខ្សែនេះជាការតភ្ជាប់សៀគ្វីទេសចរណ៍ របស់ភូមិដ្ឋានពលរដ្ឋ ទៅនឹងតំបន់ភ្នំវល្លិ៍។
លោក ម៉ម ទូច ប្រធានសាធារណៈការ និងដឹកជញ្ជូនខេត្តកែប ក្នុងពិធីសម្ពោធនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា ផ្លូវមួយខ្សែដែលមានប្រវែង ៣.៧៥០ម៉ែត្រនេះ ស្ថាបនាឡើងដោយដីល្បាយថ្ម និងសំណង់លូមូល លូ ៤ជ្រុងចំនួន៣កន្លែងទៀត។ ហើយខ្សែផ្លូវខាងលើនេះ ជាផ្នែកមួយយ៉ាងសំខាន់ដែលមានភាពប្រទាក់ក្រឡាគ្នា ពិសេសជាការតភ្ជាប់សៀគ្វីទេសចរណ៍ ឆ្លងកាត់ភូមិឋានប្រជាពលរដ្ឋផ្សារភ្ជាប់ទៅនឹងតំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ដ៏មានសក្តនុពល។
លោកបន្តថា ជាមួយនេះ ផ្លូវមួយខ្សែនេះក៏បានជួយពង្រីកដល់មុខព្រួញវិស័យដទៃទៀតក្នុងការរួមចំណែកអភិវឌ្ឍន៍ខេត្ត និងបង្កើតមុខរបរជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យមានជីវភាពកាន់តែធូរធាសម្បូសប្បាយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅសាលារៀន វត្តអារ៉ាម មណ្ឌលផ្តល់សេវាសាធារណៈផ្សេងៗ មានភាពល្អប្រសើជាងមុន។
លោក សោម ពិសិដ្ឋ មានប្រសាសន៍ថា រដ្ឋបាលខេត្តកែប បានប្រឹងប្រែងអភិវឌ្ឍន៍ តំបន់ភ្នំវល្លិ៍ ដែលជាសមរភូមិក្តៅចុងក្រោយមួយរវាងខ្មែរក្រហម និងរដ្ឋាភិបាល ក្នុងទិសដៅប្រែក្លាយទីនេះ ទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និង កសិ-ទេសចរណ៍ ស្របទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការដាក់តំបន់ភ្នំវល្លិ៍ទៅជាប៉ូលអភិវឌ្ឍន៍វិស័យទេសចរណ៍មួយ ក្នុងចំណោមប៉ូលទាំង៤ របស់ខេត្តកែប។
លោកបន្តថា តាមរយៈផ្លូវមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋភូមិអន្ទង់ស សាធារណជនទូទៅបានលឿនរហ័ស និងងាយស្រួលជាងមុន ពិសេសកូនក្មួយសិស្សានុសិស្សធ្វើដំណើរទៅសាលារៀន បានទាន់ពេលវេលា និងប្រកបដោយសុខសុវត្ថិភាព៕
អត្ថបទ៖ ង៉ុង សាន់
