កម្ពុជា និងវៀតណាម ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសគម្រោងសិក្សាសាងសង់តភ្ជាប់ផ្លូវហាយវេ និងល្បឿនលឿន និងផ្លូវដែករវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រទេសកម្ពុជា និងវៀតណាម កំពុងជំរុញកិច្ចសហប្រតិបត្តិការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសការអភិវឌ្ឍតភ្ជាប់ផ្លូវហាយវេ និងផ្លូវល្បឿនលឿន និងការសិក្សាលទ្ធភាពសាងសង់ផ្លូវដែកត្រង់តភ្ជាប់ រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។
គម្រោងតភ្ជាប់លើវិស័យគមនាគមន៍រវាងប្រទេសទាំងពីរនេះ ត្រូវបានលើកយកមកពិភាក្សាររវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ង្វៀន ហ៊ុយថាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសា ធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១២ខែ តុលា ឆ្នាំ ២០២២។
នៅក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងអំពីសមិទ្ធផលថ្មីៗទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលក្រសួងទើបសម្រេចបាន ក៏ដូចជាវឌ្ឍនភាពគម្រោងការងារដែលក្រសួងកំពុងអនុវត្ត និងគ្រោងអនុវត្តនាពេលអនាគត។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីគម្រោងសិក្សាលទ្ធភាពពង្រីក ផ្លូវនៅច្រកទ្វាព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ដែលសព្វថ្ងៃកំពុងជួបប្រទះនូវបញ្ហាការកកស្ទះចរាចរណ៍។
ទន្ទឹមនឹងនេះ លោក ង្វៀន ហ៊ុយថាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា បានលើកឡើងពីសំណូមពរមួយចំនួនរួមមាន៖ (១) ពិនិត្យឡើងវិញលើអនុស្សរណៈយោគយល់ (MoU) ចំពោះកូតារថយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែនពី ៥០០គ្រឿងទៅ ៨០០គ្រឿង និងការជំរុញឱ្យមានការចុះហត្ថលេខាកំឡុងពេលកិច្ចប្រជុំអាស៊ាន នាដើមខែវិច្ឆិកាខាងមុខ (២) ការជំរុញការសិក្សា និងការអភិវឌ្ឍការតភ្ជាប់ផ្លូវហាយវេ និងផ្លូវល្បឿនលឿន រវាងប្រទេសទាំងពីរ (៣) ការជំរុញឱ្យមានការសិក្សាលទ្ធភាពលើការសាងសង់ផ្លូវដែកត្រង់តភ្ជាប់ រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ (៤) ការជំរុញឱ្យមានការអនុវត្តនីតិវិធីត្រួតពិនិត្យច្រកចេញតែមួយ (Single Window Single Inspection) ដើម្បីកាត់បន្ថយការចំណាយពេលវេលាយូរនៅច្រកទ្វារ អន្តរជាតិបាវិត-ម៉ុកបៃ ដែលបណ្តាលឱ្យមានការកកស្ទះ និង (៥) ការជំរុញឱ្យមានការតភ្ជាប់វិស័យ គមនាគមន៍ក្នុងតំបន់សេដ្ឋកិច្ច និងទេសចរណ៍ និងជាពិសេស ជើងហោះហើរត្រង់ពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងហាឡុង ដើម្បីជំរុញកំណើនទេសចរណ៍របស់ប្រទេសទាំងពីរ។
ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា បានស្វាគមន៍ និងចាត់ទុកថា សំណើរទាំងនេះ គឺសុទ្ធតែជាចំណុចគន្លឹះល្អៗ ក្នុងការរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរ ជាពិសេសលើការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅចូលរួមចំណែកក្នុង ការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ផងដែរ។
ទាក់ទងនឹងការតភ្ជាប់ផ្លូវល្បឿនលឿន លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនដែរថា ក្រសួងបានចុះអនុស្សរណៈយោគយល់លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួចរាល់ហើយ គ្រោងនឹង ចុះកិច្ចព្រមព្រៀងសម្បទាន និងការបើកការដ្ឋានសាងសង់នាពេលខាងមុខ ហើយសង្ឃឹមថា គម្រោងសាងសង់ផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ នឹងរួចរាល់ដំណាលគ្នា ដើម្បីតភ្ជាប់ក្នុងពេលនោះតែម្តង។
ដោយឡែកចំពោះច្រកទ្វារព្រំដែនព្រៃវល្លិ-ប៊ិញហៀប ក្រសួងនឹងរៀបចំការដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕
