ផ្លូវជាច្រើនខ្សែក្នុងខេត្តត្បូងឃ្មុំ រងការខូចខាតដោយសាជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ

ត្បូងឃ្មុំ៖ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅចុងរដូវវស្សានេះ បានធ្វើឱ្យជន់លិចដំណាំប្រជាពលរដ្ឋរាប់រយហិកតា ពិសេសដំណាំស្រូវ។ ក្រៅពីនេះផ្លូវជាច្រើនខ្សែក៏រងការខូចខាត បង្ករការលំបាកដល់ការធ្វើដំណើរយ៉ាងខ្លាំងផងដែរ។ ការណ៍នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យដោយផ្ទាល់តាមបណ្តោយផ្លូវ១ខ្សែក្នុងភូមិសាស្ត្រស្រុកអូរាំងឪ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
ក្រោយចុះពិនិត្យដោយផ្ទាល់នេះ លោក ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា ជំហ៊ានដំបូងរដ្ឋបាលខេត្ត និងចាត់វិធានការចាក់ថ្មបំពេញតាមទីតាំងដែលរងការខូចខាតខ្លាំង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាបណ្តោះអាសន្នសិន។ ជំហ៊ានបន្ត និងឱ្យមន្ទីរជំនាញ ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរអភិវឌ្ឍន៍ជនបទ សិក្សាលម្អិតដើម្បីដាក់សំណើរទៅក្រសួងជួសជុលឡើងវិញ។ គិតត្រឹមថ្ងៃទី១១ ខែតុលា មិនទាន់មានរបាយការណ៍លម្អិតថា មានផ្លូវប៉ុន្មានខ្សែក្នុងខេត្តត្បូងឃ្មុំរងការខូចខាតនៅឡើយទេ ព្រោះភ្លៀងនៅបន្តធ្លាក់ស្ទើររាល់ថ្ងៃនៅឡើយ ហើយទឹកទន្លេមេគង្គក៏នៅមិនទាន់ស្រកអស់នៅឡើយដែរ។ ទោះយ៉ាងនេះក៏ដោយផ្លូវដែលរងការខូចខាត រដ្ឋបាលខេត្តនឹងចាក់ថ្មបំពេញជាបណ្តោះអាសន្នសិន ដើម្បីកុំឱ្យរាំងស្ទះដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ផ្លូវជាច្រើនខ្សែក្នុងខេត្តត្បូងឃ្មុំពិតជារងកាខូចខាតបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅចុងរដូវវស្សានេះ។ ជំហានដំបូងនេះមានតែចាក់ថ្មបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមិនអាចជួសជុលភ្លាមៗបាននោះទេ ព្រោះពេលនេះភ្លៀងនៅបន្តធ្លាក់ស្ទើររាល់ថ្ងៃនៅឡើយ។ នៅពេលដាច់ទឹកភ្លៀងក្រសួង ក៏ដូចជាមន្ទីរ នឹងសិក្សាលម្អិតដើម្បីជួសជុលឡើងវិញ តែផ្លូវភាគច្រើនដែលរងការខូចខាត ជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ។
ជាមួយគ្នានេះ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍជនបទថា ជំហ៊ានដំបូងខាងមន្ទីរ នឹងចុះពិនិត្យមើលតាមទីតាំងដែលរងការខូចខាត ថាត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីជំហ៊ានបន្ទាប់ចាក់កម្ទេចថ្មជាបណ្តោះអាសន្នសិន ខណៈផ្លូវដែលចុះពិនិត្យរងការខូចខាតខ្លាំងប្រមាណ ១៥គីឡូម៉ែត្រ៕
ដោយ៖ ជឹង សេងឡុង
