ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្ដល់ចំណុចគន្លឹះមួយចំនួន ដើម្បីលើកកម្ពស់វិស័យកីឡា និងការត្រៀមខ្លួនក្នុងរៀបចំព្រឹត្តិការណ៍កីឡាដ៍ធំៗ

image



ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នាព្រឹកថ្ងៃទី០៤ ខែតុលានេះ។ សម្តេចតេជោ ហ៊ុន សែន ផ្ដល់ចំណុចគន្លឹះមួយចំនួន ដើម្បីលើកកម្ពស់វិស័យកីឡា និងការត្រៀមខ្លួនក្នុងរៀបចំព្រឹត្តិការណ៍កីឡាដ៍ធំៗ។

សម្តេចបានថ្លែងថា ទី១. នៅថ្ងៃនេះ មានការចូលរួមយ៉ាងសកម្មពីប្រទេសសមាជិក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យកីឡា ខ្ញុំសូមលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សា និងចែករំលែកនូវឧត្តមានុវត្តន៍ល្អៗនៅក្នុងមហាសន្និបាតនេះ ពាក់ព័ន្ធទៅនឹងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ការគ្រប់គ្រង និងការអភិវឌ្ឍបច្ចេកទេសកីឡា ដើម្បីធ្វើឱ្យវិស័យកីឡាកាន់តែប្រសើរក្នុងតំបន់អាស៊ីយើងនេះ។

ទី២. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សូមក្រុមប្រឹក្សាអូឡាំពិកអាស៊ីបង្កើនការធ្វើពិពិធកម្មសកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀត នៅតាមបណ្ដាប្រទេសសមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេស ទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាពដែលរួមចំណែកដល់ការកសាងសុខសន្តិភាពប្រកបដោយចីរភាពក្នុងតំបន់។

ទី៣. សម្តេចតេជោ ថ្លែងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ត្រូវបង្កើនកិច្ចសហការទាំងបច្ចេកទេសនិងបទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ានិងស្ថាប័នកីឡាអន្តរជាតិក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិតដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួមកាន់តែទូលំទូលាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃអនាគត។

ទី៤.សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បណ្តាប្រទេសសមាជិកនៃក្រុមប្រឹក្សាអូឡាំពិកអាស៊ីមេត្តាផ្ដល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យខ្ពស់។

មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី គឺជាព្រឹត្តិការណ៍ដ៏មានសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលធ្វើឡើងចន្លោះពីថ្ងៃទី០១ មានប្រតិភូផ្នែកកីឡាប្រមាណ ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក៕

អត្ថបទលោក ហ៊ន សុភ័ក្រ