ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ UN ថា កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានអត្រាគ្របដណ្ដប់ នៃចំនួនប្រជាជនទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ ខ្ពស់ជាងគេ ក្នុងកម្រិតសកល

image



អាមេរិក៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់មហាសន្និបាតអង្កការសហប្រជាជាតិថា ជាងពីរឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការសុខាភិបាលអន្តរាគមន៍សង្គម និងសេដ្ឋកិច្ច និងវិធានការរដ្ឋបាលនានា។
នេះជាការថ្លែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា ក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ "ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា" នៅក្នុងមហាសន្និបាតអង្កការសហប្រជាជាតិ លើកទី៧៧ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជាវិធានការយុទ្ធសាស្រ្តជាគន្លឹះ។ ជាលទ្ធផល កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានអត្រាគ្របដណ្ដប់
នៃចំនួនប្រជាជនទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ ខ្ពស់ជាងគេ ក្នុងកម្រិតសកល ជាពិសេស ការសម្រេចបាននូវ "ភាពស៊ាំសហគមន៍" ដ៏រឹងមាំ និងអាចបើកដំណើរការប្រទេសឡើងវិញបានពេញលេញ នៅចុងឆ្នាំ ២០២១ ក៏ដូចជាការស្ដារឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ចទាំងអស់ ក្នុងគន្លងប្រក្រតីភាពថ្មីផងដែរ ។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះប្រទេសជាមិត្តរបស់យើងទាំងអស់ ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា តាមរយៈក្របខណ្ឌទ្វេភាគី និងពហុភាគី។ សម្តេចក៏បានថ្លែងដែរថា សម្រាប់វិស័យសង្គម រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ដូចជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីដាក់ឱ្យអនុវត្ត និងពង្រីកកម្មវិធីសំខាន់ៗ មួយចំនួន ដូចជា ១). កម្មវិធី
សាច់ប្រាក់ពលកម្ម ក្នុងគោលបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធសហគមន៍ និងការផ្តល់ឱកាសការងារបន្ថែម និង ២). កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីជួយសម្រាលការលំបាក និងរក្សាជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ ៕

អត្ថបទលោក ហ៊ន សុភ័ក្រ