ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ប្រាកដណាស់នឹងធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចសកល

image



អាមេរិក៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគំរាមកំហែងបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលកើតចេញពីការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ប្រាកដណាស់នឹងធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចសកល ។
នេះជាការថ្លែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា ក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ "ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា" នៅក្នុងមហាសន្និបាតអង្កការសហប្រជាជាតិ លើកទី៧៧ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស្រ័យហេតុនេះ ការផ្លាស់ប្តូរជាមូលដ្ឋានទៅមុខនៃដំណើរការសង្គម សេដ្ឋកិច្ច និងនយោបាយ គឺត្រូវពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើវិធានច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោក ជាអង្គការស្នូល ដែលអាចលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិបើកចំហ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងធានាភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់ និងសកល ។
ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ថា យើងត្រូវយកចិត្តទុកដាក់កាន់តែខ្លាំងលើគោលនយោបាយឌីជីថល ប្រកបដោយបរិយាប័ន្ន និងក្របខណ្ឌបទប្បញ្ញត្តិអំណោយផល ដែលនាំទៅរកការវិនិយោគកាន់តែច្រើននៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ព្រោះវាមានសារៈសំខាន់សម្រាប់តភ្ជាប់គម្លាតឌីជីថល ដែលកំពុងកើនឡើង និងបង្កើតប្រភពនៃកំណើនថ្មី ។ ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ជាផ្នែក
មួយមិនអាចខ្វះបាន ក្នុងការគាំទ្រ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញអន្តរកាលថាមពលនិងការប្រើប្រាស់បច្ចេកវិទ្យាបៃតង ៕

អត្ថបទលោក ហ៊ន សុភ័ក្រ