ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ សង្គ្រាមនៅអ៊ុយក្រែន បានបង្កភាពស្មុគស្មាញ គ្មានសញ្ញានៃការបញ្ចប់

image



អាមេរិក៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមនៅអ៊ុយក្រែនបានបង្កភាពស្មុគស្មាញ មិនត្រឹមតែចំពោះទំនាក់ទំនងអន្តរជាតិនៅតំបន់អឺរ៉ុប ប៉ុណ្ណោះទេ ប៉ុន្តែបានបន្ទច់បង្អាក់សកម្មភាពសេដ្ឋកិច្ច ធ្វើឱ្យបញ្ហាសន្តិសុខស្បៀង និងថាមពល កាន់តែយ៉ាប់យ៉ឺន។ ការកើនឡើងនៃអរិភាពរវាងតួអង្គកាន់តែច្រើនឡើងៗដោយផ្ទាល់ឬដោយប្រយោល និងគ្មានសញ្ញានៃការបញ្ចប់ រួមទាំងការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ បានជះឥទ្ធិពលធ្ងន់ធ្ងរដល់ពិភពលោកជារួម ។
នេះជាការថ្លែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា ក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ "ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា" នៅក្នុងមហាសន្និបាតអង្កការសហប្រជាជាតិ លើកទី៧៧ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែង នូវការព្រួយបារម្ភថា ស្ថានការណ៍នៅឧបទ្វីបកូរ៉េ នៅតែជាក្តីព្រួយបារម្ភ ដោយសារការត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ លើកទី ៧ ។ ក្នុងឆ្នាំនេះ កូរ៉េខាងជើង បានបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងរាប់សិបគ្រាប់ ក្នុងការឆ្លើយតបនឹងសមយុទ្ធយោធា ។ លើសពីនេះ សម្តេច បន្តថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញបញ្ហាតៃវ៉ាន់ ក៏បង្កការព្រួយបារម្ភផងដែរ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា ក្នុងបរិការណ៍ដ៏លំបាកនេះ ក្នុងនាមជាប្រទេសមួយដែលទទួលបានបទពិសោធន៍ ក្នុងការរកបាននូវសន្តិភាពដោយលំបាកក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កម្ពុជា បាន និងកំពុងព្យាយាមចូលរួម
ប្រកបដោយការស្ថាបនាជាមួយអង្គការសហប្រជាជាតិ ក្នុងការគាំទ្រនូវសន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងលើកកម្ពស់ការគោរពទៅលើគោលការណ៍ និងគុណតម្លៃជាមូលដ្ឋាននៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ។
សម្តេចតេជោ ក៏បានថ្លែងថា ការជួបជុំគ្នាពេលនេះ បានឆ្លុះបញ្ចាំងពីភាពជោគជ័យគួរឱ្យកត់សម្គាល់នៃកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ក្នុងការយកឈ្នះនូវជំងឺរាតត្បាត ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងវិបត្តិសុខភាពសកលនេះនៅពុំទាន់បញ្ចប់នៅឡើយទេ។ ទម្រង់ថ្មីៗនៃវីរុសបំប្លែងខ្លួន និងជំងឺឆ្លងផ្សេងៗ កំពុងតែលេចឡើងជាបន្តបន្ទាប់ ។ សម្តេចលើកជាសំនួរថា តើនឹងមានអ្វីផ្សេងទៀត ដែលអាចនឹងកើតមានឡើងនាពេលអនាគត? ប្រព័ន្ធសុខាភិបាលសកលមួយដ៏រឹងមាំ ជាពិសេសអង្គការសុខភាពពិភពលោក (WHO) ដែលមានតួនាទីស្នូល ក្នុងការសម្របសម្រួលអាចជួយកសាងប្រព័ន្ធសុខាភិបាលជាតិមួយកាន់តែមានភាពធន់ និងនិរន្តរភាព ការចែកចាយវ៉ាក់សាំង ដោយឈរលើយន្តការពហុភាគី ប្រកបដោយការបើកចំហ និងតម្លាភាព ជំរុញដោយគោលការណ៍ទទួលខុសត្រូវរួមពិតប្រាកដ គឺជាមធ្យោបាយតែមួយគត់សម្រាប់ទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗនាអនាគត រួមទាំងការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ព្រមទាំងការផ្ទេរបច្ចេកវិទ្យាក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំង ៕

អត្ថបទលោក ហ៊ន សុភ័ក្រ