បវរកញ្ញាជាតិមីយ៉ាន់ម៉ា (ភូមា) ដែលរិះគន់ឥតសំចៃមាត់លើរបបសឹកមីងអ៊ុងឡំាង បានជាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិក្នុងប្រទេសថៃឡង់ដ៍ អាចនឹងប្រឈមមុខទៅនឹងការឃាត់ខ្លួនបញ្ជូនទៅកាន់ប្រទេសកំណើតរបស់នាង

ថៃឡង់ដ៍៖ កញ្ញាបរិបូណ៌ដោយសម្រស់ (រាជិនីសម្រស់) ជនជាតិភូមាម្នាក់ដែលតែងតែនិយាយរិះគន់ឥតសំចៃមាត់ប្រឆំាងជំទាស់ទៅនឹងរបបយោធាមីយ៉ាន់ម៉ា បានជាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិរបស់ប្រទេសថៃបានឈានចូលដល់ថ្ងៃទី៣ហើយ រាប់បញ្ចូលទំាងថ្ងៃសុក្រ ទី២៣ ខែកញ្ញាឆ្នំា២០២២នេះ ខណៈដែលនាងមានក្តីសង្ឃឹមថា អាចនឹងត្រូវគេផ្តល់ទិដ្ឋាការឱ្យចូលប្រទេសថៃឡង់ដ៍ ស្របពេលដែលក្រុមសកម្មជន និងបុគ្គលិករបស់នាងជម្រុញឱ្យអាជ្ញាធរថៃកុំបញ្ជូនរូបនាងត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។
កញ្ញា ហាន ឡៃ(Han Lay) ទទួលបានការចាប់អារម្មណ៍ខ្លំាងជាលក្ខណៈអន្តរជាតិកាលពីឆ្នំាមុនចំពោះការថ្លែងនូវសុន្ទរកថា របស់នាងពេលប្រកួតបវរកញ្ញា ដោយកញ្ញាបានបង្ហាញការមិនសប្បាយចិត្តចំពោះទង្វើមិនល្អរបស់របបសឹកប្រព្រឹត្តទៅលើពលរដ្ឋខ្លួនឯងនៅក្នុងប្រទេសកំណើតរបស់នាង។
តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមទៀតថា ប្រទេសថៃឡង់ដ៍បានបដិសេធទៅលើរូបនាងដោយមិនអនុញ្ញាតផ្តល់ឋានៈជាជនភៀសខ្លួននៅក្នុងប្រទេសថៃឡង់ដ៍ បើទោះបីជារូបនាងបានដាក់ស្នើសុំសិទ្ធិជ្រកកោនតំាងតែពីឆ្នំាមុនក៏ដោយចុះ។
ដោយឡែកបណ្តាញផ្សព្វផ្សាយរបស់ថៃឡង់ដ៍ឯណោះវិញបានចុះផ្សាយនៅល្ងាចថ្ងៃសុក្រនេះដែរថា នាង ហាន ឡៃមានអាយុ២៣ ឆ្នំាធ្លាប់ធ្វើជាតារាម៉ូដែល ដែលឈ្មោះពិតរបស់កញ្ញា គឺ ថ ណានដារ៍ អ៊ុង (Thaw Nandar Aung) បានជាប់នៅអាកាសយានដ្ឋានសុវណ្ណភូមិ បន្ទាប់ពីនាងទើបតែវិលត្រឡប់មកពីការបំពេញទស្សនកិច្ចរយៈពេលខ្លីនៅឯប្រទេសវៀតណាមនោះរួចមក។
ស្ថិតនៅក្នុងបរិការណ៍នេះដែរ ការិយាល័យទេសន្តប្រវេសន៍របស់ថៃឡង់ដ៍បាននិយាយថា នាងបានប្រើប្រាស់ឯកសារអស់សុពលភាពក្នុងការធ្វើដំណើរ ខណៈដែលរូបនាងបានថ្លែងប្រាប់ដល់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រូបនាងត្រូវបានមន្ត្រីអន្តោប្រវេសន៍ថៃបញ្ឈប់ឱ្យនាងស្នាក់នៅអស់មួយរាត្រីនៅឯបន្ទប់ឃុំឃំាង។
ថែ្លងតាមទូរសព្ទដៃប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា “ខ្ញុំគ្រាន់តែរង់ចំាថា នឹងមានអ្វីកើតឡើងបន្ទាប់ទៀត” ដោយនាងមិនបានប្រាប់ថា នាងស្ថិតនៅទីណានោះទេ។
នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាង នៅរសៀលថ្ងៃសុក្រនេះ បានសរសេរបង្ហោះថា កងនគរបាលជាតិមីយ៉ាន់ម៉ាស្ថិតនៅក្នុងអាកាសយានដ្ឋានក្រុងបាងកក កំពុងតែស្វះស្វែងរកជួបនាង ប៉ុន្តែនាងបានបដិសេធមិនជួបឡើយ ដោយបានភ្ជាប់ទនាក់ទំនងទៅកាន់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ។
ចំណែកឯឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) វិញបានលើកឡើងថា គោលការណ៍របស់ខ្លួន មិនអាចបញ្ជាក់អំពីករណីជារូបវន្តបុគ្គលនោះឡើយ។
លោក ហ្វីល រ៉ូប៊ឺតសុន(Phil Robertson) របស់ក្រុមអ្នកឃ្លំាមើលសិទ្ធិមនុស្សបាននិយាយនៅលើប្រពន្ធ័ត្វីតធ័រថា អាជ្ញាធរថៃឡង់ដ៍គួរតែផ្តល់កិច្ចការពារដល់កញ្ញា ហាន ឡៃ “ទោះបីជាស្ថិតនៅក្រោមកាលៈទេសៈណាក៍ដោយ ក៏មិនត្រូវប្រគល់រូបនាងទៅឱ្យក្រុមយោធាមីយ៉ាន់់ម៉ានោះឡើយ”៕
ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ : Reuters
