ព័ត៌មានអន្តរជាតិ

ភ្លៀងធ្លាក់នៅក្នុងប្រទេសអេស្ប៉ាញបង្កឱ្យមានការជន់លិចនៅតាមតំបន់មួយចំនួនក្នុងរដ្ឋធានីម៉ាឌ្រីដ

image


អេស្ប៉ាញ៖ ភ្លៀងបានបង្អុរជាប់ៗគ្នាប៉ុន្មានថ្ងៃនេះនៅក្នុងប្រទេសអេស្ប៉ាញចាប់តាំងពីថ្ងៃពុធកន្លងទៅ បានធើ្វឱ្យមានការជន់លិចយ៉ាងខ្លាំងនៅតំបន់មួយចំនួននៅក្នុងទីក្រុងម៉ាឌ្រីដ។ ដោយក្នុងនោះមានផ្លូវថ្នល់និងផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នងត្រូវរងការខូចខាត រួមនិងរថយន្តអ្នកដំណើរជាច្រើនគ្រឿងត្រូវជាប់គាំងមិនអាចទៅមុខរួច ខណៈដែលទិដ្ឋភាពនៃការជន់លិចមួយចំនួនត្រូវបានពលរដ្ឋនាំគ្នាថតបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមជាហូរហែរ។
បន្ទាប់ពីរដូវក្តៅដ៏ហួតហែងបានកន្លងផុត ប្រទេសអេស្ប៉ាញកំពុងប្រឈមនឹងការធ្លាក់ភ្លៀងយ៉ាងច្រើននៅទូទាំងប្រទេសនៅក្នុងរយៈពេលប្រហែលជាមួយសប្តាហ៍កន្លងមកនេះ។ ស្ថិតនៅក្នុងគ្រោះមហន្តរាយដោយសារតែវារីភ័យនេះដែរ ក្រុមមន្រ្តីអាជ្ញាធរអេស្ប៉ាញបានធ្វើការព្រមានអំពីខ្យល់ព្យុះដែលនឹងអាចកើតមានឡើងនៅតាមតំបន់ឆ្នេរសមុទ្រមួយចំនួនផងដែរនៅថ្ងៃសុក្រ នេះបើតាមការបញ្ជាក់ពីទីភ្នាក់ងារឧតុនិយមជាតិរបស់ប្រទេសអេស្ប៉ាញបានលើកឡើងនៅរសៀលថ្ងៃសុក្រនេះ។
ប្រទេសអេស្ប៉ាញធ្លាប់បានរងនូវរលកកំដៅដ៏ខ្លាំងមិនធ្លាប់មានកាលពីពេលរដូវក្តៅកន្លងទៅ ដោយសីតុណ្ហភាពនៅតាមតំបន់មួយចំនួនបានកើនឡើងដល់ទៅ ៤៣អង្សាសេជាប់ៗគ្នានៅក្នុងរយៈពេលប្រមាណជា ១ខែឯណោះ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect