ព័ត៌មានអន្តរជាតិ

ចិន៖ ច្បាប់ថ្មីរបស់អាម៉េរិកស្តីពីវិស័យរថយន្តអគ្គិសនីគឺបានបំពានទៅនឹងគោលការណ៍អាជីវកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)

image


សហរដ្ឋអាម៉េរិក៖ ក្រសួងពាណិជ្ជកម្មប្រទេសចិនបានលើកឡើងថា ច្បាប់ស្តីពីការកាត់បន្ថយតម្លៃអតិផរណាទំនិញក្នុងស្រុករបស់សហរដ្ឋអាម៉េរិកថ្មីៗនេះលើវិស័យរថយន្តអគ្គិសនី គឺទំនងជាបានបំពានទៅលើគោលការណ៍នៃការធើ្វអាជីវកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលបានបង្កើតឡើងដើម្បីរក្សាសមភាពនិងតម្លាភាពក្នុងការធើ្វជំនួញរវាងប្រទេសជាដៃគូពាណិជ្ជកម្មទាំងអស់នៅក្នុងពិភពលោក។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោកស្រី Shu Jueting បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសចិនមិនពេញចិត្តចំពោះការអនុម័តិច្បាប់ថ្មីរបស់អាម៉េរិកពាក់ព័ន្ធទៅនឹងវិស័យរថយន្តអគ្គិសនីខាងលើនោះទេ ពីព្រោះច្បាប់មួយនេះគឺបានបង្ហាញការរើសអើងក្នុងការផ្តល់ឥណទានអនុគ្រោះពន្ធសម្រាប់ពលរដ្ឋមួយចំនួននៅក្នុងសហរដ្ឋអាម៉េរិកដែលនាំចូលរថយន្តអគ្គិសនីផលិតនៅក្រៅប្រទេស។ វិធានការនេះសោតទៀត គឺបានបំពានទៅនឹងគោលការណ៍សមភាពនិងតម្លាភាពដល់ប្រទេសដែលគេអនុគ្រោះបំផុតឬហៅថា ( Most Favored-Nation) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
ស្រ្តីអ្នកនំាពាក្យដដែលបានបន្ដលើកឡើងទៀតថា ក្រៅតែពីប្រទេសចិន ក៏មានបណ្ដាប្រទេសមួយចំនួននៃក្របខណ្ឌសមាជិកអង្គការពាណិជ្ជកម្មពិភពលោកមួយចំនួនទៀតបានបង្ហាញការព្រួយបារម្ភចំពោះច្បាប់ថ្មីរបស់សហរដ្ឋអាម៉េរិកនៅពេលនេះដែរ។
សម្រាប់សហរដ្ឋអាម៉េរិកវិញដែលជាសមាជិកមួយរូបនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) គួរតែបន្ដអនុលោមទៅតាមគោលការណ៍សមភាពនិងតម្លាភាពនៅក្នុងការធើ្វអាជីវកម្ម ដើម្បីធានាការប្រកួតប្រជែងមួយដោយស្មើភាពនិងយុត្តិធម៌នៅលើទីផ្សារ។
ប្រទេសចិននឹងបន្ដតាមដាននិងវាយតម្លៃដោយយកចិត្តទុកដាក់លើដំណើរការច្បាប់ថ្មីមួយ ហើយថ្ងៃខាងមុខបន្តទៀតនោះ ខ្លួននឹងចាត់វិធានការណ៍នានាដើម្បីជាការឆ្លើយតបឱ្យបានសមស្របសម្រាប់ធានារក្សាផលប្រយោជន៍របស់ប្រទេសចិន៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect