សន្តិសុខសង្គម

ចាប់ខ្លួនបានហើយ​ អ្នកបើករថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យមនុស្សស្លា.ប់ម្នាក់ និងរបួសពីរនាក់​ កាលពីថ្ងៃទី១០ ខែសីហា

image


កំពត៖​ កម្លាំងនគរបាលស្រុកទឹកឈូ ខេត្តកំពត បានឃាត់យុវជនម្នាក់​ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីជនសង្ស័យខកខានមិនបានអនុវត្តតាមអំណាចដីកាបញ្ជាឱ្យចូលខ្លួន​ ដើម្បីស្តាប់ចម្លើយពាក់ព័ន្ធនឹងការបើកបររថយន្តដែលបង្កឱ្យស្ត្រីម្នាក់បានស្លាប់ និងបុរសពីរនាក់រងរបួសធ្ងន់នាពេលកន្លងមក។ សមត្ថកិច្ចបានឱ្យដឹងថា យុវជនដែលត្រូវបានចាប់ខ្លួនក្នុងករណីខាងលើឈ្មោះ អ័ង ភី អាយុ ២៣ឆ្នាំ រស់នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។


សូមរំឮកថា ករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៣-១៤៤ រវាងរថយន្តប្រភេទយីឌុប និងរថយន្តលុចស៊ីស​ ៤៧០​ ពេលបើកបរក្នុងទិសដៅផ្ទុយគ្នា កាលពីសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។
តាមរយៈវីដេអូកាមេរ៉ាក្នុងរថយន្ត មុនហេតុការណ៍កើតឡេីងគេឃើញរថយន្តធុនធំបើកមកពីទិសខាងត្បូង ហើយបានរេចង្កូតចូលមកបុករថយន្តលុចស៊ីស៤៧០ ចំពីមុខពេញទំហឹងតែម្តង។ ភ្លាមៗនោះ អ្នកបើកបរបានរត់គេចខ្លួនបាត់ដោយទុករថយន្តបង្កនៅកន្លែងកើតហេតុ។ ករណីនេះបានបណ្តាលឱ្យមនុស្សប្រុសស្រី៣នាក់ក្នុងរថយន្តរងរបួសធ្ងន់ ដែលគេស្គាល់ថា​ អ្នកទាំងបីដែលជិះក្នុងរថយន្តនោះជា ឪពុក ម្តាយ និងកូនប្រុស។ ក្រោយពេលកើតហេតុភ្លាមៗនោះ សមត្ថកិច្ច និងប្រជាពលរដ្ឋបានបញ្ជូនអ្នករបួសទាំងបីនាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត តែដោយសារស្ត្រីជាម្តាយរងរបួសធ្ងន់ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។


ក្នុងករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ទើបមានដីកាបញ្ជាឱ្យអ្នកបើកបររថយន្តបង្កចូលខ្លួនមកអយ្យការអមសាលាដំបូង ដើម្បីស្តាប់ចម្លើយពាក់ព័ន្ធនឹងហេតុការណ៍នោះ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនបង្កបាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២តែម្តង៕
អត្ថបទ៖​ វង្ស សុធារម្យ