ព័ត៌មានជាតិ

រថយន្តក្រុងចំនួន​ ១៧៥គ្រឿង​ ត្រូវបានបញ្ចេញសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយមិនយកប្រាក់

image


ភ្នំពេញ៖​ រដ្ឋបាលរាជធានីភ្នំពេញ​ ស្វាគមន៍ចំពោះការបម្រើប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ជួបជុំបងប្អូនក្រុគ្រួសារ​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ ដោយគោរពតាមអនុសាសន៍សម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី។ នៅព្រលឹមថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០២២​ លោក​ ឃួង​ ស្រេង អភិបាលរាជធានីភ្នំពេញ​ បានទៅពិនិត្យមើលសកម្មភាពការដឹកជញ្ជូនប្រជាពលរដ្ឋ​ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្សនិសិ្សតទាំងអស់ដែលកំពុងធ្វើដំណើរទៅស្រុកកំណើតជួបជុំបងប្អូន​ ក្រុមគ្រួសារ​ ប្រកបដោយសេចក្តីសប្បាយរីករាយក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ 


​រដ្ឋបាលរាជធានីភ្នំពេញ​ បានរៀបចំរថយន្តក្រុងចំនួន​ ១៧៥គ្រឿង​ សម្រាប់បម្រេីសេវាដឹកជញ្ជូនរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២៣​ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២​ ដោយមិនបង់ប្រាក់​ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។​ រថយន្តក្រុងទាំង​ ១៧៥គ្រឿង​ របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបែងចែកសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញតាមច្រកចេញចូលរាជធានីភ្នំពេញគឺ​ តាមតម្រាយផ្លូវជាតិទាំង៦ចេញទៅបណ្តាខេត្តក្រុងនានាចំនួន​ ១២០គ្រឿង។​ សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តចំនួយន ៥៥គ្រឿង។ ការចេញដំណើរ​ ចាប់ពីម៉ោង​ ៥និង៣០នាទីព្រឹក​ ថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០២២​។
លោក​ ឃួង ស្រេង បានថ្លែងថា​ នេះជាការគិតគូរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ក្នុងការសម្រាលការចំណាយរបស់ប្រជាពលរដ្ឋក្នុងពេលទៅលេងស្រុកកំណើតនាឱកាសនេះ។​

ការអនុវត្តការដឹកជញ្ជូន​ ជាការរួមចំណែកកាត់បន្ថយការតម្លើងថ្លៃរថយន្តដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួន ដែលតែងតម្លើងថ្លៃធ្វើដំណើរនៅពេលមានបុណ្យទានម្តងៗ។​ ភ្ជុំឆ្នាំនេះ ប្រជាពលរដ្ឋបានសម្រុកទៅលេងស្រុកកំណើតតាមរយៈរថយន្តក្រុងដឹកអ្នកដំណើររបស់រដ្ឋបាលរាជធានីភ្នំពេញមានសន្ទុះកើនឡើង​ ដោយពួកគាត់បានយល់ឃើញថា រថយន្តក្រុងដឹកអ្នកដំណើរងាយស្រួលជិះ,​ មានផាសុខភាព,​ មានសុវត្ថិភាព និងជិះមិនបង់ប្រាក់ថែមទៀត៕
ដោយ៖​ គន្ធ​ តារាវិឆ័យ